ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

CDC អាមេរិក​ បន្ធូរបន្ថយ​ការរឹតត្បិត​ចំពោះ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​កូវីដ១៩​រួចហើយ


រូបឯកសារ៖ មនុស្សម្នា រង់ចាំ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មណ្ឌល​សុខភាព​សហគមន៍​មួយ​កន្លែង នៅ​រដ្ឋកាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ មនុស្សម្នា រង់ចាំ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មណ្ឌល​សុខភាព​សហគមន៍​មួយ​កន្លែង នៅ​រដ្ឋកាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

ខណៈ​ដែល​អត្រាការ​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បន្ត​កើន​ឡើង មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC របស់​អាមេរិក បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ អាច​ជួប​ជុំ​គ្នា​ជាមួយ​អ្នក​ដទៃដែលចាក់​វ៉ាក់សាំង​រួច​ដូច​គ្នា ​នៅ​ខាង​ក្នុង​បន្ទប់​បិទ​ជិតដោយ​មិន​បាច់​ពាក់​ម៉ាស់​ ឬរក្សាគម្លាត​ពី​គ្នា។

CDC ក៏​បាន​បញ្ជាក់​ដែរ​ថា ពលរដ្ឋ​ដែលចាក់​វ៉ាក់សាំង​រួច ​អាច​ជួប​មនុស្ស​ក្មេងៗ​ និង​អ្នក​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ មាន​ហានិភ័យ​ទាប​ចំពោះ​ការ​កើត​ជំងឺ​កូវីដ១៩​ធ្ងន់ធ្ងរ។ ការណ៍​នេះ​មាន​ន័យ​ថា ជីដូន​ជីតា​ឥឡូវនេះ​ អាច​ទៅ​លេង​ចៅៗ​របស់​ពួកគាត់ ទោះ​បី​ចៅៗ​ទាំង​នោះ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ក៏​ដោយ។

លើស​ពី​នេះ​ទៀត CDC បាន​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ លែង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ទៀត​ហើយ​ បន្ទាប់​ពី​បាន​ជួប​ជាមួយ​មនុស្ស​ដែល​មាន​ផ្ទុក​កូវីដ១៩។

អ្នកស្រី​វេជ្ជបណ្ឌិត Rochelle Walensky នាយក​មជ្ឈមណ្ឌល CDC បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «យើង​ដឹង​ថា ពលរដ្ឋ​ចង់​ចាក់​វ៉ាក់សាំង ដើម្បី​ពួកគេ​អាច​វិល​ទៅ​ធ្វើ​អ្វីៗ​ជាមួយ​មនុស្សជា​ទី​ស្រឡាញ់​របស់​ពួក​គេ»។ ​

CDC បាន​បញ្ជាក់​ទៀត​ថា អ្នក​ដែល​ចាក់វ៉ាក់សាំង​រួច គួរ​បន្ត​ពាក់​ម៉ាស់​និង​រក្សាគម្លាត​ពី​គ្នា​នៅ​ពេល​ស្ថិត​នៅ​ក្នុង​កន្លែង​សាធារណៈ។ CDC បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច គួរ​នៅ​តែ​ធ្វើ​តេស្ត​កូវីដ១៩ ប្រសិន​បើ​ពួកគេ​ចេញ​រោគសញ្ញា។

​ដើម្បីឱ្យ​គេ​ចាត់​ទុក​ថា​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច CDC ថា ​មនុស្សម្នាក់​គួរ​រង់​ចាំ២​សប្តាហ៍​ក្រោយ​ពី​បាន​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​ដូស​ចុងក្រោយ។ នៅ​ពេល​នេះ​មាន​វ៉ាក់សាំង​៣​ប្រភេទ​នៅ​សហរដ្ឋ​អាមេរិក គឺ​វ៉ាក់សាំង​ Pfizer និង​វ៉ាក់សាំង Moderna ដែល​តម្រូវ​ឱ្យ​ចាក់​២​ដូស និង​វ៉ាក់សាំង Johnson & Johnson ដែល​តម្រូវឲ្យចាក់តែ​១​ដូស។

មក​ទល់​នឹង​ពេល​នេះ មាន​ពលរដ្ឋ​អាមេរិក​៣០​លាន​នាក់​ហើយ​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស៕

XS
SM
MD
LG