រដ្ឋមន្ត្រីឥណ្ឌាម្នាក់ទទួលរងការរិះគន់យ៉ាងច្រើនចំពោះការលើកឡើងថា ការស្លៀកសម្លៀកបំពាក់បែបពួកបស្ចិមប្រទេសគឺជាមូលហេតុដែលបណ្តាលឲ្យមានការបំពានផ្លូវភេទដែលបានកើតឡើងនៅក្នុងទីក្រុង Bangalore កាលពីថ្ងៃបុណ្យឆ្លងឆ្នាំ។
លោក G Parameshwara រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាននៃរដ្ឋ Karnataka បានថ្លែងប្រាប់បណ្តាញទូរទស្សន៍ The Times Now ថា «ក្មេងជំទង់ជាច្រើនប្រមូលផ្តុំគ្នា ហើយស្លៀកសម្លៀកបំពាក់ស្ទើរតែដូចពួកបស្ចិមប្រទេស។ ពួកគេព្យាយាមចម្លងតាមពួកបស្ចិមប្រទេសទាំងការគិត និងការស្លៀកពាក់ ដូច្នេះក្មេងស្រីមួយចំនួនត្រូវបានគេបៀតបៀនផ្លូវភេទ។ រឿងបែបនេះពិតជាកើតឡើង»។
លោក Abu Azmi មេដឹកនាំគណបក្ស Samajwadi ឥណ្ឌា បានលើកឡើងពីអត្ថាធិប្បាយនេះឡើងវិញកាលពីថ្ងៃអង្គារ ដោយស្តីបន្ទោសស្ត្រីស្លៀកពាក់ខ្លីថាជាមូលហេតុនៃហេតុការណ៍បៀតបៀនផ្លូវភេទ ហើយបានហៅឥទ្ធិពលរបស់បស្ចិមប្រទេសថាប៉ះពាល់ដល់វប្បធម៌ឥណ្ឌា។
ប៉ុន្តែអ្នកនយោបាយ លោក Kiren Rijiju រដ្ឋមន្ត្រីលំនៅដ្ឋាននៃរដ្ឋាភិបាលកណ្តាល បានហៅអត្ថាធិប្បាយនេះថា មិនមានការទទួលខុសត្រូវ ហើយលោកក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសុវត្ថិភាពរបស់ស្រ្តីនៅក្នុងសារមួយដែលបានបង្ហោះលើបណ្តាញសង្គម Twitter ផ្លូវការរបស់លោកផងដែរ។
លោកស្រី Lalitha Kumaramangalam ប្រធានគណៈកម្មការជាតិសម្រាប់ស្ត្រីរបស់ឥណ្ឌាបានមានប្រសាសន៍ថា លោក Parameshwara គួរតែចុះចេញពីតំណែងចំពោះការធ្វើអត្ថាធិប្បាយបែបនេះ៕