ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​​របស់​​ឥណ្ឌូណេស៊ី​ត្រូវ​ពន្យារ​ពេល ​ព្រោះ​មិនអាច​ផ្តល់​ការ​អនុញ្ញាត​ទាន់​ពេល


រូបឯកសារ៖ កុមារាកុមារី​ពាក់​ម៉ាស់​ក្រោយ​ពី​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ នៅ​សាលាមេត្តយ្យ​មួយ​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​រាយ​ការណ៍​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ការ​ជំរុញ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ​Joko Widodo​ ក្នុង​ការ​ចាក់​វ៉ាក់សាំងដល់​មហាជន​នៅ​ក្នុង​ខែ​ធ្នូ​ត្រូវ​ពន្យារ​ពេល​បន្ទាប់​ពី​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ​របស់​ប្រទេស​នេះ​បាន​ព្រមាន​ថា​ ខ្លួន​នឹង​មិន​អាច​ផ្តល់​ការ​អនុញ្ញាតជា​បន្ទាន់​ទេ​ រហូត​ដល់​ចុង​ខែ​មករា​ ដោយសារ​ទិន្នន័យ​មិន​ពេញ​លេញ។

នៅក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​សប្តាហ៍​មុន​ ប្រធានាធិបតីរូប​នេះ​បាន​ប្រាប់​ Reuters ​ថា ប្រទេស​ឥណ្ឌូណេស៊ី​មាន​បំណង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដំបូង​សម្រាប់​បុគ្គលិក​ពេទ្យ​និង​បុគ្គលិក​ជួរមុខ​ផ្សេង​ទៀត​នៅ ខែ​ក្រោយ​ ក្នុង​គោល​បំណង​ទប់ស្កាត់ការ​កើនឡើងការ​ឆ្លង​នៃ​ជំងឺ​កូវីដ១៩​និង​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​ចុះ​ខ្សោយ។

ផែនការ​នេះ​គឺប្រើ​វ៉ាក់សាំង​មួយ​ចំនួន​រួមទាំង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Sinovac របស់ចិន ​ដែលកំពុង​ធ្វើការ​សាកល្បងប្រើ​នៅប្រទេស​ឥណ្ឌូណេស៊ី។​ ការ​សាក​ល្បងនេះ​ក៏​កំពុង​ធ្វើ​ឡើង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។

​អ្នកស្រី​ Penny K. Lukito​ ប្រធាន​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ​របស់​ឥណ្ឌូណេស៊ី​បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គារ​ថា​ ពេល​កំណត់​នៅ​ខែ​ធ្នូ​មិន​អាច​ទៅរួច​ទេ​ ព្រោះថា​ ទិន្នន័យ​ពី​ប្រទេស​ប្រេស៊ីល​និង​ក្រុមហ៊ុន​ Sinovac ​នឹង​មិន​ទទួល​បាន​ទាន់​ពេល​ទេ។

លោក​ Budi Gunadi Sadikin​ ប្រធាន​គណៈកម្មាធិការ​ស្តារ​សេដ្ឋកិច្ច​ជាតិ​របស់​រដ្ឋាភិបាល​បាន​ប្រាប់​សភា​ថា​ ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ត្រូវ​ការ​វ៉ាក់សាំងចំនួន​២៤៦​លាន​ដូស​សម្រាប់ប្រជាជន​ចំនួន​២៧០​ លាន​នាក់។​

ឥណ្ឌូណេស៊ីជា​ប្រទេស​មានប្រជាជន​ច្រើនជាង​គេ​ទីបួន​ក្នុង​ពិភពលោក ​ហើយ​ដែល​មាន​ចំនួន​អ្នកឆ្លង​កូវីដ១៩ ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នោះ​ បាន​រាយ​ការណ៍​ពី​ការ​កើន​ឡើង​ជា​ថ្មីនៃ​ការ​ឆ្លង វីរុស​ បន្ទាប់ពី​សញ្ញា​នៃ​ការ​ឆ្លង​បាន​ធ្លាក់​ចុះ។​

មក​ទល់​ពេល​នេះ ​ឥណ្ឌូណេស៊ី​មាន​អ្នក​ស្លាប់​ចំនួន​១៥.៣៩០​នាក់​ ពីជំងឺ​កូវីដ១៩​ មាន​អ្នកឆ្លង​ចំនួន​៤៧៤.៤០០​នាក់​ ហើយ​អ្នក​ជំនាញ​សុខភាព​ខ្លះ​ព្រមាន​ថា​ អត្រា​ការធ្វើ​តេស្ត​ទាប​បិទ​បាំង​ទំហំ​ពិតប្រាកដនៃ​ការ​ឆ្លង​នៃ​ជំងឺ​រាតត្បាត​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG