ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ AstraZeneca​ ជា​ក្រុមហ៊ុន​ទី​៣​ដែល​ថា​ វ៉ាក់សាំង​កូវីដ១៩​របស់​ខ្លួន​​មាន​ប្រសិទ្ធភាព​ខ្ពស់


ដប​​ដែល​មាន​បិទ​ស្លាក​សរសេរ​ថា​វ៉ាក់សាំង​កូវីដ១៩ ត្រូវ​បាន​តម្រៀប​គ្នា​​នៅ​ពី​មុខ​ស្លាកសញ្ញា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca​។

ក្រុមហ៊ុន​ AstraZeneca បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ការ​សាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​របស់​ខ្លួន​ នៅ​ចក្រភព​អង់គ្លេស ​និង​ប្រទេស​ប្រេស៊ីល​បាន​បង្ហាញ​ថា​ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​បង្ការ​ជំងឺ​កូវីដ១៩ ដោយ​ទប់ស្កាត់​មិន​ឲ្យ​ធ្ងន់ធ្ងរដល់​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឬ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។​

ក្រុមហ៊ុន​ឱសថ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេសនេះ​បាន​សាក​ល្បង​ថ្នាំ​ពីរ​ដូស។​ ថ្នាំទី​មួយមា​ន​អត្រា​ប្រសិទ្ធភាព​៩០%។​ ថ្នាំ​ទី​ពីរ​មាន​ប្រសិទ្ធភាព​ជា​មធ្យម​៧០%។ ​

ក្រុមហ៊ុន ​AstraZeneca បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ទិន្នន័យ​បន្ថែម​នឹង​បន្ត​កើន​ឡើង​ ហើយ​ការ​វិភាគ​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​បញ្ជាក់​ពី​ប្រសិទ្ធភាព​ និងបង្កើត​រយៈពេល​នៃ​ការ​ការពារ»។​

ក្រុមហ៊ុន​ AstraZeneca​ បាន​និយាយ​ថា​ ខ្លួន​នឹង​សុំ​ការ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​គ្រា​បន្ទាន់​ពី​អង្គការ​សុខភាព​ពិភពលោក​ សម្រាប់​ពន្លឿន​ការ​ប្រើប្រាស់វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។​ ស្រប​គ្នា​នេះ​ដែរ​ ការ​វិភាគ​ពេញលេញ​នៃ​លទ្ធផល​បណ្តោះ​អាសន្ន​កំពុង​ត្រូវ​បាន​ដាក់​ស្នើ​សម្រាប់​ការ​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​ឯកទេស​មួយ។​

ថ្មីៗ​នេះ ក្រុមហ៊ុនផលិត​ឱសថ​ពីរ​ផ្សេង​ទៀតគឺ​ក្រុមហ៊ុន ​Pfizer ​និង​ក្រុមហ៊ុន​ Moderna ក៏បាន​ប្រកាស​លទ្ធផល​ដំបូង​ពី​ការ​សាកល្បង​ដំណាក់កាល​ចុង​ក្រោយដែល​បង្ហាញ​ថា​ វ៉ាក់សាំង​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព​ស្ទើរតែ​៩៥% ផង​ដែរ។​

កាលពី​ថ្ងៃ​អាទិត្យ​ប្រទេស​នានា​ចាប់​ផ្តើម​ដាក់​ផែនការ​ចែកចាយ​វ៉ាក់សាំងកូវីដ១៩ ​ដោយ​អាល្លឺម៉ង់​និង​សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​មួយ​ចំនួន​ដែល​អាច​កើត​ឡើងនៅ​ដើមខែ​ក្រោយ៕

XS
SM
MD
LG