ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បញ្ជាក់​ថា​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩​ជាង​១លាន​ដូស​ពី​យន្តការ​ Covax នៅ​ត្រឹម​ខែ​ឧសភា


រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​អាកាសយានដ្ឋាន​ភ្នំពេញ ក្រោម​កម្មវិធី COVAX កាល​ពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​អាកាសយានដ្ឋាន​ភ្នំពេញ ក្រោម​កម្មវិធី COVAX កាល​ពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩យ៉ាង​តិច​ចំនួន​១,១​លានដូស​នៅ​ត្រឹម​ដំណាច់​ខែ​ឧសភា​នេះ​ពី​យន្តការ​ Covax (កូវ៉ាក់) និង​វ៉ាក់សាំង​ច្រើន​ថែម​ទៀត​បន្ទាប់​ពី​នោះ។ នេះ​បើ​យោង​តាម​សារ​អេឡិចត្រូនិក​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ផ្ញើ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​ពី​ជំនួប​មួយ​រវាង​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក ​W. Patrick Murphy​ និង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក ប្រាក់ សុខុន ​កាល​ពីថ្ងៃ​ច័ន្ទ។

ការ​អះអាង​បញ្ជាក់​នេះ ធ្វើ​ឡើង​ខណៈ​យន្តការ​ COVAX ដែល​ចូល​រួម​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក កំពុង​ខ្វះ​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ក្រោយ​ពី​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​លើ​លោក មិន​អាច​ឆ្លើយតប​ទៅ​នឹង​ការ​ផលិត​វ៉ាក់សាំង​ដើម្បី​ចែក​ចាយ​ទៅ​កាន់​ពិភពលោកបាន​ក្នុង​រយៈពេល​ថ្មីៗ​នេះ ដោយ​សារ​តែ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​នោះ។

កាល​ពី​ខែមីនា​ឆ្នាំ​២០២១​ ប្រទេសកម្ពុជា បាន​ទទួល​វ៉ាក់សាំង​ AstraZeneca ពី​ប្រទេស​ឥណ្ឌា​តាម​រយៈ​យន្តការ​កូវ៉ាក់​នេះ ចំនួន​៣២៤.០០០ ដូស​រួច​ហើយ។

គិត​ត្រឹម​សប្តាហ៍​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​សរុប​ជាង​៤,៥​លានដូស​ហើយ ដែល​វ៉ាក់សាំង​ភាគច្រើន​ត្រូវ​បាន​ទិញ​ពី​ប្រទេស​ចិន និង​ខ្លះ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន។

រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា​ខ្លួន​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​យ៉ាង​តិច​១០​លាន​នាក់​និង​ថា​រហូត​មក​ដល់​ពេល​នេះ ​ពលរដ្ឋ​កម្ពុជា​ជាង​២​លាន​នាក់​ហើយ​ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ។

សហរដ្ឋ​អាមេរិក បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​៤.០០០​លាន​ដុល្លារ​ដល់​យន្តការ​ Covax ហើយ​ក៏​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ជំងឺ​កូវីដ​១៩​នេះ​សរុប​ជាង​១១​លាន​ដុល្លារ​ផងដែរ៕

XS
SM
MD
LG