ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឆ្លង​កូវីដ​១៩​នៅ​ឥណ្ឌា​កើន​ដល់​ជាង​២០​លាន​នាក់ ខណៈ​ជំងឺ​បន្ត​រាតត្បាត​យ៉ាង​មហន្តរាយ​ឥត​ស្រាកស្រាន្ត


រូបឯកសារ៖ប្រជាពលរដ្ឋ​ឥណ្ឌា ដើរ​ទិញឥវ៉ាន់​នៅ​ផ្សារ​ដែល​មាន​មនុស្ស​ច្រើន​កកកុញ ចំពេល​ដែល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Mumbai នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ប្រជាពលរដ្ឋ​ឥណ្ឌា ដើរ​ទិញឥវ៉ាន់​នៅ​ផ្សារ​ដែល​មាន​មនុស្ស​ច្រើន​កកកុញ ចំពេល​ដែល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Mumbai នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

ប្រទេស​ឥណ្ឌាពេល​នេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ ​កើន​ដល់​ជាង​២០​លាន​នាក់​ហើយ ខណៈ​ដែលការ​ឆ្លង​នៃ​ជំងឺ​ដ៏​មហន្តរាយ​ក្នុង​រលក​ទី​២នេះ​ កំពុង​បន្ត​ហក់​ឡើងគ្មាន​ស្រាកស្រាន្ត​ និង​បានធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​នេះ​យ៉ាង​ធ្ងន់ធ្ងរ​នោះ។​

ក្រសួង​សុខាភិបាលឥណ្ឌា​បាន​ប្រកាសរកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ​១៩ចំនួនជាង​៣៥៧.០០០នាក់​បន្ថែម​ទៀតនៅ​ថ្ងៃ​អង្គារ​ដែល​ចូល​ដល់ថ្ងៃ​ទី​១៣​ជាប់ៗ​គ្នា​ ដែលឥណ្ឌាមាន​អ្នក​ឆ្លងជំងឺ​កូវីដ​១៩​យ៉ាង​តិច​៣សែន​នាក់​ក្នុង​មួយ​ថ្ងៃ។​ ឥណ្ឌា​ក៏​បាន​ប្រកាស​ផង​ដែរថា​ មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ចំនួន​៣.៤៤៩​នាក់ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុងក្រោយ។

បើ​តាម​សាកល​វិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិកឲ្យ​ដឹង​ថា ​ឥណ្ឌានៅ​ពេល​នេះ​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​ច្រើន​ជាង​គេ​ទី​២​បន្ទាប់​ពី​ប្រទេសអាមេរិក​ និង​អ្នក​ស្លាប់​សរុប​ចំនួន២២២.៤០៨​នាក់​ ដែល​ឈរ​លំដាប់​ទី៣​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​ប្រេស៊ីល។​

លោក ​Rahul Gandhi (រ៉ាហុល គន្ធី)​មេដឹកនាំ​គណបក្ស​សាមាជ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំងក្នុង​ប្រទេស​ឥណ្ឌា​ បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ Twitter កាល​ពីថ្ងៃ​អង្គារថា ភាព​អសកម្មរបស់​លោក​នាយករដ្ឋមន្ត្រី​ Narendra Modi «កំពុង​សម្លាប់​ជីវិត​មនុស្សស្លូត​ត្រង់»​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ហើយ​បាន​ទទូច​ឲ្យ​មានការ​បិទ​ខ្ទប់​ប្រទេស​ទាំង​ស្រុង ដើម្បី​ទប់​ទល់​នឹង​ការ​រាត​ត្បាត​ឆ្លង​នៃ​ជំងឺ​នេះ។​

​ទន្ទឹម​នឹងនេះ​ដែរ​ អង្គការ​សហប្រជាជាតិ ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជា​ច្រើន​ទៀត កំពុង​រួស​រាន់​បញ្ជូន​ជំនួយ​សង្គ្រោះ​បរិក្ខារ​ពេទ្យ​ ដែល​ត្រូវ​ការ​ជា​បន្ទាន់​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ និង​ជួយ​ក្នុងយុទ្ធនាការ​ចាក់​វាក់សាំងដល់​ពលរដ្ឋឥណ្ឌា​ផង​ដែរ៕​

XS
SM
MD
LG