ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​ផ្ដល់​អនុសាសន៍​ឲ្យ​ឥណ្ឌា​បិទ​ខ្ទប់​ប្រទេស


រូបឯកសារ៖ លោក​បណ្ឌិត Anthony Fauci ស្ដាប់​សុន្ទរកថា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden អំពី​ការ​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដល់​ពលរដ្ឋ​អាមេរិកាំង។
រូបឯកសារ៖ លោក​បណ្ឌិត Anthony Fauci ស្ដាប់​សុន្ទរកថា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden អំពី​ការ​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដល់​ពលរដ្ឋ​អាមេរិកាំង។

ឥណ្ឌា​បំបែក​កំណត់ត្រា​ថ្មី ដោយ​មាន​អ្នក​ឆ្លងកូវីដ១៩​ជាង​៤សែន​នាក់​ក្នុង​មួយ​ថ្ងៃ។

​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​សៅរ៍​មាន​ចំនួន​ខ្ពស់​បំផុត​រហូត​ដល់​ ៤០១.៩៩៣ ករណី។

អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក លោក​បណ្ឌិត Anthony Fauci បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​កាសែតIndian Express ថា៖ «វីរុស​កូរ៉ូណា​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ប្រសិន​បើ​យើង​មិន​ចាត់​វិធានការ​ណា​មួយ​ទេ នោះ​វា​នឹង​ផ្ទុះ​ឆ្លង​រាតត្បាត​ពាសពេញ​សង្គម»។

លោក​បណ្ឌិត Fauci បាន​ផ្ដល់​អនុសាសន៍​ឲ្យ​បិទខ្ទប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

គិត​ត្រឹម​ថ្ងៃ​សៅរ៍ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ចំនួន​ជិត ២០ លាន​នាក់ ហើយ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​ជាង ២ សែន ១ ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពី​ថ្ងៃសៅរ៍ អ្នក​ជំងឺ​កូវីដ១៩​ចំនួន ១២ នាក់​បាន​ស្លាប់ ​ដោយសារ​តែ​មន្ទីរពេទ្យ​នៅ​ទីនោះ​អស់​អុកស៊ីសែន​សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នក​ជំងឺ​រយៈពេល ៨០ នាទី។

កាល​ពី​ថ្ងៃ​សៅរ៍​ដដែល​នោះ មនុស្ស​ចំនួន ១៨ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ នៅ​ពេល​ដែល​មាន​អគ្គីភ័យ​កើត​ឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ប៉ែក​ខាង​លិច​ប្រទេស​ឥណ្ឌា។ អាជ្ញាធរ​និយាយ​ថា អ្នក​ជំងឺ​ចំនួន ៣០ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​អគ្គីភ័យ​ដែល​បាន​កើតឡើង​នៅ​មន្ទីរពេទ្យ Welfare ក្នុង​ក្រុង Bharuch ​រដ្ឋ​ Gujarat។

ក្រុម​មន្ត្រី​និយាយ​ថា គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គីភ័យ​នោះ​នៅ​ឡើយ​ទេ។

ឥណ្ឌា​ទើប​តែ​អនុញ្ញាត​ឲ្យ​ប្រជាជន​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំឡើង​ទៅ​អាច​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នេះ​បាន ប៉ុន្តែ​ទីតាំង​ចាក់​វ៉ាក់សាំង​ជាច្រើន​កន្លែង​បាន​ឲ្យ​ដឹង​ថា ពួកគេ​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ឲ្យ​ប្រជាជន​នោះ​ទេ។

ប្រទេស​ឥណ្ឌា​បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​ទើប​តែ​ទទួល​បាន​វ៉ាក់សាំង Sputnik V​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩​ដឹក​ពី​រុស្ស៊ី​ក្នុង​ជើង​ដំបូង ដែល​ឥណ្ឌា​នឹង​ទទួល​បាន​វ៉ាក់សាំង​សរុប​ចំនួន​១២៥​លាន​ដូស​ពី​រុស្ស៊ី។

ក្នុង​ចំណោម​ប្រជាជន​ឥណ្ឌា​ទាំង ១៣០០ លាន​នាក់​ មាន​ប្រជាជន​ចំនួន​ត្រឹម​តែ​ប្រមាណ ២% តែ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩​រួច​ហើយ៕

XS
SM
MD
LG