ចាប់ពីថ្ងៃអង្គារនេះតទៅ សហរដ្ឋអាមេរិកនឹងដាក់ការរឹតបន្តឹងដល់ការធ្វើដំណើរទៅនិងមកពីប្រទេសឥណ្ឌាដែលកំពុងប្រឹងប្រែងទប់ទល់នឹងការផ្ទុះរាតត្បាតឡើងដ៏មហន្តរាយនៃជំងឺកូវីដ១៩នៅទីនោះ។ ព្រមពេលនេះដែរអាមេរិកកំពុងប្រញាប់ប្រញាល់បញ្ជូនជំនួយទៅឥណ្ឌា។
លោក Ron Klain ប្រធានខុទ្ទកាល័យសេតវិមានរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់កម្មវិធីទូរទស្សន៍ CBS «Face the Nation» នៅថ្ងៃអាទិត្យថា៖ «យើងកំពុងខ្នះខ្នែងបញ្ជូនជំនួយទៅកាន់ប្រទេសឥណ្ឌាហើយ»។
សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះយោធាដឹកសម្ភារៈពីរគ្រឿង ដែលមានបំពង់អុកស៊ីហ្សែន ម៉ាស់ការពារ N95 និងឧបករណ៍ធ្វើតេស្តរកកូវីដដែលអាចដឹងលទ្ធផលឆាប់ៗជាដើម ដែលជាការផ្តល់ជំនួយក្នុងជំហានដំបូង ក្នុងគម្រោងផ្តល់ជំនួយជាច្រើនទៀតក្នុងពេលខាងមុខនេះ។
កាលពីថ្ងៃចន្ទ ប្រទេសឥណ្ឌាបានរកឃើញការឆ្លងថ្មីចំនួនជាង៣៦៨.០០០ករណី ក្នុងរយៈពេល២៤ម៉ោង ដែលនេះជាចំនួនឆ្លងច្រើនជាង៣សែននាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នា។
ទោះបីឥណ្ឌាជាប្រទេសដែលមានរោងចក្រផលិតវ៉ាក់សាំងធំជាងគេបង្អស់នៅក្នុងពិភពលោកក្តី ក៏ពលរដ្ឋក្នុងប្រទេសនេះចំនួនតែ២% ប៉ុណ្ណោះនៃប្រជាជនសរុបរបស់ខ្លួន១.៣០០លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោកប្រធានខុទ្ទកាល័យសេតវិមានបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិកបានផ្តល់ឲ្យឥណ្ឌានូវវត្ថុធាតុដើមគ្រប់គ្រាន់ ដើម្បីឱ្យឥណ្ឌាអាចផលិតវ៉ា់ក់សាំងបង្ការប្រភេទ AstraZeneca បានចំនួន២០លានដូស សម្រាប់ចាក់ឲ្យពលរដ្ឋរបស់ខ្លួន។
ក្នុងរឿងទាក់ទងមួយទៀត ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កោះតៃវ៉ាន់បានដាក់បម្រាមការធ្វើដំណើរមកពីប្រទេសឥណ្ឌា ខណៈឥណ្ឌូណេស៊ីរកឃើញករណីដំបូងនៃវីរុសបម្លែងថ្មីមានប្រភពពីឥណ្ឌា។
កាលពីថ្ងៃចន្ទ ដែនកោះតៃវ៉ាន់បានក្លាយជាកន្លែងចុងក្រោយបំផុតមួយ ដែលបានហាមប្រាមការធ្វើដំណើរមកពីប្រទេសឥណ្ឌា ដែលកំពុងទទួលរងការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩នោះ។ ដែនកោះនេះ កំពុងប្រឹងប្រែងការពារការរាតត្បាតថ្មី ស្របពេលដែលប្រទេសកាន់តែច្រើនបានរកឃើញវីរុសកូវីដ១៩បម្លែងថ្មីពីឥណ្ឌា។
វីរុសទម្រង់ថ្មីឈ្មោះ B.1.617 បានឆ្លងទៅដល់ប្រទេសយ៉ាងហោចណាស់ចំនួន១៧ រួមទាំងអង់គ្លេសអ៊ីរ៉ង់ និងប្រទេសស្វ៊ីស ដែលនេះធ្វើមានការព្រួយបារម្ភជាសាកល និងធ្វើឲ្យប្រទេសមួយចំនួន បានប្រកាសហាមការធ្វើដំណើរពីឥណ្ឌា។
អ្នកវិទ្យាសាស្ត្រកំពុងសិក្សាដើម្បីបញ្ជាក់ឲ្យដឹងថា តើវីរុសបម្លែងថ្មី B.1.617 នេះ ជាមូលហេតុនៃការផ្ទុះឆ្លងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាពេលនេះឬយ៉ាងណា។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទបានប្រកាសពីការរកឃើញករណីឆ្លងដំបូងនៃវីរុសជំងឺកូវីដ១៩បម្លែងថ្មីពីឥណ្ឌានោះនៅឥណ្ឌូណេស៊ី ស្របពេលអាជ្ញាធរទទូចឲ្យពលរដ្ឋកុំធ្វើដំណើរទៅភូមិកំណើតរបស់ពួកគេ ក្នុងអំឡុងពេលនៃការបញ្ចប់ខែតមអាហារតាមប្រពៃណីសាសនាឥស្លាមនោះ។
ប្រទេសឥណ្ឌូណេស៊ី ដែលបានព្យាយាមទប់ទល់នឹងការផ្ទុះរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងបំផុតមួយក្នុងទ្វីបអាស៊ីនោះ បានបញ្ឈប់ការផ្តល់ទិដ្ឋាការធ្វើដំណើរកាលពីខែមុនដល់ជនបរទេសទាំងឡាយណា ដែលបានចូលទៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ។
ទន្ទឹមនឹងនេះដែរ មន្ត្រីក្នុងប្រទេសហ្វីលីពីន បានព្រមានថា ប្រទេសនេះ មិនអាចបដិសេធពីលទ្ធភាពនៃវិបត្តិជំងឺកូវីដ១៩ធ្ងន់ធ្ងរ ដូចក្នុងប្រទេសឥណ្ឌានោះទេ ដោយពួកគេលើកឡើងថា ការសម្រេចចិត្តរបស់ហ្វីលីពីនកាលពីសប្តាហ៍មុន ក្នុងការហាមឃាត់ការធ្វើដំណើរពីឥណ្ឌានោះ គឺក្នុងបំណងដើម្បីកុំឲ្យស្ថានភាពដ៏អាក្រក់នេះ កើតមានឡើងក្នុងប្រទេសរបស់ខ្លួន៕