ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩ ក្នុងប្រទេសឥណ្ឌា បានឡើងដល់ជាង២សែននាក់ហើយ ខណៈប្រទេសនេះដកខ្លួនមិនរួចពីអត្រាឆ្លងរាតត្បាតដែលបន្តហក់ឡើងយ៉ាងខ្លាំងនោះ។
ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសថា នៅថ្ងៃពុធ ប្រទេសខ្លួន មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន៣.២៩៣នាក់ដ៏ច្រើនមិនធ្លាប់មានក្នុងមួយថ្ងៃ ដែលធ្វើឲ្យអ្នកស្លាប់សរុបនៅឥណ្ឌាកើនដល់ចំនួន២០១.១៨៧នាក់។ ប្រទេសនេះក៏បានរកឃើញអ្នកឆ្លងប្រចាំថ្ងៃមានចំនួន៣៦០.៩៦០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសឥណ្ឌាកើនដល់ចំនួនជិត១៨លាននាក់ហើយ រហូតមកដល់ពេលនេះ។
ការផ្ទុះរាលដាលឆ្លងដ៏ខ្លាំងនៃវីរុសកូរ៉ូណានៃរលកទី២នេះ បានធ្វើឲ្យប្រព័ន្ធសុខាភិបាលឥណ្ឌា ស្ទើរដួលរលំ ដោយសារនៅតាមមន្ទីរពេទ្យនានា មានពោរពេញទៅដោយអ្នកជំងឺកូវីដ១៩ រហូតអាជ្ញាធរ ត្រូវបង្ខំចិត្តប្រើប្រាស់ទូរថភ្លើងធ្វើជាកន្លែងព្យាបាលអ្នកជំងឺ ស្របពេលដែលការខ្វះខាតម៉ាស៊ីនអុកស៊ីសែនសម្រាប់អ្នកជំងឺ កំពុងបន្តខ្វះខាតជាខ្លាំង នៅក្នុងស្ថានភាពដ៏លំបាកចាំបាច់មួយនេះ។ សួនច្បារសាធារណៈ និងទីធ្លាចតរថយន្តជាច្រើនកន្លែងត្រូវបានប្រើប្រាស់ ធ្វើជាកន្លែងបូជាសពជាបណ្តោះអាសន្ន និងបានដុតសាកសពទាំងយប់ទាំងថ្ងៃគ្មានពេលទំនេរនោះទេ។
ទន្ទឹមនឹងនេះដែរ សហគមន៍អន្តរជាតិ កំពុងខ្នះខ្នែងចាប់ផ្តើមដឹកជញ្ជូនសម្ភារៈបរិក្ខារពេទ្យទៅកាន់ប្រទេសឥណ្ឌា ដែលក្នុងនោះមានឧបករណ៍ពាក់សម្រាប់ការពារការឆ្លងវីរុសកូរ៉ូណា ឧបករណ៍ជំនួយផ្លូវដង្ហើម ម៉ាស៊ីនអុកស៊ីហ្សែន ឧបករណ៍សម្រាប់ធ្វើតេស្តនិងព្យាបាលជំងឺកូវីដ១៩ ក៏ដូចជាវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវី១៩ជាដើម៕