ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ផ្ដល់​នាវា​ចម្បាំង​ច្រមុជ​ទឹក​មួយ​គ្រឿង​ដល់​មីយ៉ាន់ម៉ា ដើម្បី​ប្រជែង​នឹង​ឥទ្ធិពល​របស់​ចិន


រូបតំណាង៖ នាវា​ចម្បាំង​ច្រមុជទឹក​របស់​ឥណ្ឌាកំពុង​ចត​នៅ​កំពង់ផែ​ឥណ្ឌា ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០០១។

ប្រទេស​ឥណ្ឌា​បាន​ផ្ដល់​នាវា​ចម្បាំង​ច្រមុជទឹក​មួយ​គ្រឿង​ដល់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ឥទ្ធិពល​ផ្នែក​យោធា​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​នេះ ដែល​ជា​ប្រទេស​ជិត​ខាង​នៅ​ប៉ែក​ខាង​កើត។ ក្រុម​អ្នក​វិភាគ​យុទ្ធសាស្ត្រ​និយាយ​ថា នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឥណ្ឌា​ក្នុង​ការ​ទប់ទល់​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

នាវា​ចម្បាំង​នោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា UMS Minye Theinkhathu។ នាវា​នោះ​ត្រូវ​បាន​ដាក់បង្ហាញ​នៅ​ក្នុង​សមយុទ្ធ​យោធា​ជើង​ទឹក​មួយ ដែល​ធ្វើ​ឡើង​ដោយ​ទាហាន​ជើងទឹក​មីយ៉ាន់ម៉ា​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា។ នាវា​នោះ​អាច​ប្រតិបត្តិការ​បាន​ក្នុង​ទឹក​រហូត​ដល់​ជម្រៅ ៣០០ ម៉ែត្រ។

នាវា​ចម្បាំង​នេះ ដែល​ជា​នាវា​ដំបូង​បង្អស់​ដែល​ឥណ្ឌា​ផ្ដល់​ដល់​ប្រទេស​ដទៃ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​នឹង​ប្រទេស​មីយ៉ាន់ម៉ា។ ឥណ្ឌា​ព្យាយាម​ទប់ទល់​នឹង​វត្តមាន​កាន់តែ​ខ្លាំងក្លា​របស់​ចិន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែលជា​ផ្លូវ​ឆ្ពោះ​ទៅកាន់​ឈូង​សមុទ្រ Bay of Bengal ដែល​ជា​ផ្លូវទឹក​យុទ្ធសាស្ត្រ​មួយ​នៅ​ប៉ែក​ឦសាន​នៃ​មហា​សមុទ្រ​ឥណ្ឌា។

ឥណ្ឌា​និង​មីយ៉ាន់ម៉ា​មាន​ព្រំដែន​ផ្លូវទឹក​ជាប់​គ្នា​ប្រវែង ៧២៥ គីឡូម៉ែត្រ​នៅ​ក្នុង​ឈូង​សមុទ្រ Bay of Bengal។

ការ​សម្រេច​របស់​ឥណ្ឌា​ក្នុង​ការ​ផ្ដល់​នាវា​ចម្បាំង​ច្រមុជទឹក​មួយ​គ្រឿង​ដល់​មីយ៉ាន់ម៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល ៤ ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​ប្រទេស​បង់ក្លាដែស ដែល​មាន​ព្រំ​ប្រទល់​ជាប់​ទាំង​ឥណ្ឌា​និង​មីយ៉ាន់ម៉ា ទទួល​បាន​នាវា​ចម្បាំង​ច្រមុជ​ទឹក​ចំនួន ២ គ្រឿង​ពី​ប្រទេស​ចិន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​កំពុង​ជួយ​ដល់​ប្រទេស​បង់ក្លាដែស​ក្នុង​ការ​សាងសង់​មូលដ្ឋាន​នាវា​ចម្បាំង​ច្រមុជទឹក ផ្ដល់​ថវិកា​សម្រាប់​សាងសង់​កំពង់ផែ Chittagong របស់​ខ្លួន និង​កំពុង​សាងសង់​កំពង់ផែ​ទឹកជ្រៅ​មួយ​នៅខេត្ត Kyaukpyu ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​ឈូង​សមុទ្រ Bay of Bengal ផង​ដែរ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា សម្រាប់​រដ្ឋាភិបាល​ក្រុង​ញូវដេលី គម្រោង​ទាំង​នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន​នៅ​ក្នុង​ការ​ពង្រីក​វត្តមាន​ទាហាន​ជើងទឹក​របស់​ខ្លួន​ក្នុង​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ប្រទេស​ឥណ្ឌា ដែល​ធ្វើ​ឲ្យ​ឥណ្ឌា​ត្រូវ​ពង្រឹង​ភាព​ជា​ដៃគូ​របស់​ខ្លួន​នៅ​ក្នុង​តំបន់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG