ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដក​ខ្លួន​របស់​ឥណ្ឌា​ចេញ​ពី​ការ​ចរចា ធ្វើ​ឲ្យ​ស្ទះ​កិច្ចព្រមព្រៀង RCEP


រូប​ឯកសារ៖ កុងតឹណឺ​ត្រូវ​បាន​គេ​បញ្ជូល​ចេញ​ពី​ទូ​រថភ្លើង​នៅ​កន្លែង​ផ្ទេរ​ទំនិញ​មួយ​ក្នុង​ភូមិ Sachana ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

ក្រុម​មន្ត្រី​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​និង​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​ព្យាយាម​បោះជំហាន​ទៅ​មុខ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់​ដ៏​សំខាន់​មួយ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ថា​ខ្លួន​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ទេ។

ការ​ប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​អនាគត​នៃ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership ) ឬ RCEP ដែល​ជា​កិច្ចព្រមព្រៀង​មាន​ប្រទេស​ចំនួន​១៥​ចូលរួម និង​ចំណាយ​ពេល​៧ឆ្នាំ​ក្នុង​ការ​រៀបចំ​នោះ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ខ្លាំង ទោះ​ជា​ក្រុម​អ្នក​ចរចា​បាន​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ក៏​ដោយ។

កិច្ចព្រមព្រៀង RCEP នេះ​អាច​នឹង​រួម​បញ្ចូល​ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (ម៉ាឡេស៊ី ប្រ៊ុយណេ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី ឡាវ ថៃ ហ្វីលីពីន និង​មីយ៉ាន់ម៉ា ) រួម​ទាំង​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់។

កិច្ចព្រមព្រៀង RCEP ត្រូវ​បាន​គេ​យល់​ថា មាន​ភាព​ទូលំទូលាយ​ខ្លាំង​ណាស់ ទោះ​បី​ជា​វា​មិន​ទាន់​មាន​ភាព​ស៊ីជម្រៅ​ក៏​ដោយ។ ប្រសិន​បើ​ឥណ្ឌា​ចូលរួម កិច្ចព្រមព្រៀង​នេះ​នឹង​គ្របដណ្ដប់​លើ​ក្រុម​ប្រទេស​ដែល​មាន​ប្រជាជន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក និង​មាន​សេដ្ឋកិច្ច​១ភាគ៣​នៅ​ក្នុង​ពិភពលោក។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី វា​ច្បាស់​ណាស់​ថា​កិច្ចព្រមព្រៀង RCEP មាន​មហិច្ឆតា​តិច​ជាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សំខាន់ៗ​ដទៃ​ទៀត ទោះ​បី​ជា​ព័ត៌មាន​លម្អិត​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​នេះ​ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចរចា​ក្ដី។

លោក William Reinsch ទីប្រឹក្សា​ជាន់​ខ្ពស់ និង​ជា​ប្រធាន​កម្មវិធី Scholl Chair សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា «នៅ​លើ​ក្រដាស វា​ទូលំទូលាយ​ណាស់ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទូទៅ​ថា​ជា​កិច្ចព្រមព្រៀង​ដែល​មាន​មហិច្ឆតា​តិច​ជាង​កិច្ចព្រមព្រៀង​ភាគ​ច្រើន​ផ្សេង​ទៀត។ វា​នឹង​មិន​ជួយ​ឲ្យ​មាន​ពាណិជ្ជកម្ម​សេរី​ពេញលេញ​នោះ​ទេ។ នឹង​មាន​ការ​លើកលែង​ច្រើន ហើយ​មាន​រឿង​ជាច្រើន​នឹង​មិន​ត្រូវ​បាន​គ្របដណ្ដប់​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ»។

កិច្ចព្រមព្រៀង​នេះ ​ក៏​មិន​និយាយ​អំពី​សិទ្ធិ​កម្មករ ឬ​គោលនយោបាយ​សេដ្ឋកិច្ច​សេរីនិយម​នៅ​ក្នុង​ប្រទេស​ ដូចជា​ប្រទេស​ចិន ដែល​ផ្ដល់​ការ​អនុគ្រោះ​ផ្នែក​ច្បាប់ និង​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែរ។ ប្រទេស​លោក​ខាង​លិច​ភាគច្រើន​ដែល​ជា​ប្រទេស​អភិវឌ្ឍ​ជឿ​ថា ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​មិន​ស្មើ​ភាព។

នៅ​ពេល​ដែល​លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រកាស​កាលពី​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា​ថា ប្រទេស​លោក​នឹង​មិន​ធ្វើ​ជា​សមាជិក​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ លោក​បាន​លើក​ឡើង​ពី​ការ​ស្ទាក់ស្ទើរ​របស់​លោក​ក្នុង​ការ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ឥណ្ឌា​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​សម្ភារៈ​មាន​តម្លៃ​ថោកៗ​របស់​ចិន និង​កង្វះ​បទបញ្ញត្តិ​ជាក់លាក់​នៅ​ក្នុង​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ខាង​សេវាកម្ម។ ការ​សម្រេច​របស់​លោក Modi ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចា​រាប់​ឆ្នាំ​ ដែល​ឥណ្ឌា​ជារឿយៗ​ជា​ប្រទេស​តែ​មួយ​ដែល​បដិសេធ​លើ​អត្ថបទ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ដែល​គាំទ្រ​ដោយ​ប្រទេស​ចូលរួម​ផ្សេង​ទៀត។​

ការ​សម្រេច​របស់​ឥណ្ឌា​ក្នុង​ការ​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​យ៉ាង​ច្រើន។ បើ​និយាយ​ពី​ទស្សនៈ​ប្រាកដ​និយម​សុទ្ធសាធ​ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​ និង​មាន​ប្រវត្តិ​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​បរទេស​ប្រកួតប្រជែង​លក់​ផលិតផល​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​របស់​ខ្លួន។ ការ​បញ្ចុះបញ្ចូល​ឲ្យ​ទទួល​បាន​ទីផ្សារ​របស់​អ្នក​ប្រើប្រាស់​ចំនួន​១​ពាន់​៤​រយ​លាន​នាក់​របស់​ឥណ្ឌា​គឺ​ជា​កត្តា​ជំរុញ​ដ៏​ចម្បង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ។ ការណ៍​នេះ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង RCEP មាន​ភាព​ទាក់ទាញ​ដល់​ប្រទេស​ដូចជា ជប៉ុន អូស្ត្រាលី សិង្ហបុរី នូវែលសេឡង់ ប្រ៊ុយណេ ម៉ាឡេស៊ី និង​វៀតណាម ដែល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​រួច​ហើយ​តាម​រយៈ​ការ​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទូលំទូលាយ និង​វិវឌ្ឍ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership ) ឬ​ហៅ​កាត់​ថា CPTPP។​

ទោះ​ជា​យ៉ាង​ណា​ក្តី លោក Simon Birmingham រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​វិនិយោគ​របស់​អូស្ត្រាលី​បាន​អះអាង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ Bloomberg ថា​ កិច្ចព្រមព្រៀង RCEP «នៅ​តែ​អាច​ធ្វើ​ទៅ​រួច និងមាន​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ច្រើន»។ ទោះ​ជា​លោក​បាន​ហៅ​ការ​សម្រេច​ចិត្ត​របស់​ឥណ្ឌា​ថា​«ជា​ការ​ខកចិត្ត» លោក​និយាយ​ថា «ទ្វារ​នៅ​តែ​បើក​ចំហ» សម្រាប់​ការ​ចូលរួម​របស់​ឥណ្ឌា​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ក្នុង​ពេល​អនាគត។

បើ​និយាយ​ពី​ទស្សនៈ​នយោបាយ​វិញ ការ​ចាកចេញ​របស់​ឥណ្ឌា​ពី​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ក្លាយ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​ចរចា។

លោក Reinsch និយាយ​ថា «មាន​ការ​ព្រួយបារម្ភ​នៅ​ពេល​មិន​មាន​វត្តមាន​ឥណ្ឌា។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​បាន​គេ​គិត​ថា វា​ដូច​ជា​កិច្ចព្រមព្រៀង​របស់​ប្រទេស​ចិន។ និយាយ​ឲ្យ​សាមញ្ញ​ទៅ មាន​តែ​ប្រទេស​ចិន និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូចៗ​ជាង​ហ្នឹង។ គេ​ចង់​ឲ្យ​ឥណ្ឌា​ចូលរួម​ដើម្បី​រក្សា​លំនឹង​អំណាច»។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អ្នក​តស៊ូ​មតិ​សម្រាប់​ពាណិជ្ជកម្ម​សេរី​នៅ​ក្នុង​សហរដ្ឋអាមេរិក​កំពុង​សម្លឹង​មើល​ទាំង​ខក​ចិត្ត។ មិន​ថា​នៅ​ទី​បញ្ចប់កិច្ចព្រមព្រៀង​នេះ​ទទួល​បាន​ជោគជ័យ​ឬ​យ៉ាង​ណា​ទេ ការណ៍​ដែល​ចិន​ជា​អ្នក​ដឹកនាំ​ការ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់​នេះ​ ត្រូវ​បាន​មនុស្ស​ភាគច្រើន​យល់​ឃើញ​ថា​ជា​ការ​ដកឥទ្ធិពល​របស់​អាមេរិក​នៅ​ក្នុង​ពិភពលោក។

ការ​ជជែក​ដេញដោល​ថ្មីៗ​ទៅ​លើ​កិច្ចព្រមព្រៀង RCEP ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ដល់​៣ឆ្នាំ​ទេ បន្ទាប់​ពី លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ទី១​របស់​លោក ដោយ​មាន​ការ​ប្រកាស​ថា អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬ​ TPP​ ដែល​ជា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ហើយ​ក្រោយ​មក​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​កិច្ចព្រមព្រៀង CPTPP វិញ។​

លោក Jake Colvin អនុប្រធាន​ទទួល​បន្ទុក​ពាណិជ្ជកម្ម​សកលលោក និង​ភាព​ឆ្នៃ ប្រឌិត​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​ថ្នាក់​ជាតិ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា «តាម​ទស្សនៈ​របស់​អាមេរិក វា​ជា​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​យើង​មើល​កិច្ច​ព្រមព្រៀង​ CPTPP ពី​ខាង​ក្រៅ ហើយ​ឥឡូវ​នេះ កិច្ចព្រមព្រៀង RCEP ត្រូវ​បាន​គេ​សម្រេច​ហើយ។ តាម​ទស្សនៈ​ពាណិជ្ជកម្ម​អាមេរិក វា​ជា​ការ​គួរ​ឱ្យ​ខឹងសម្បា​មួយ​ដែល​យើង​មិន​មែន​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់​ទាំង​នេះ ដែល​មាន​ឥទ្ធិពល​នយោបាយ​ខ្លាំង​ដូច​ឥទ្ធិពល​សេដ្ឋកិច្ច​អ៊ីចឹង​ដែរ»។

លោក Colvin បាន​បន្ថែម​ថា «ការ​ពិត​គឺ​ថា​កិច្ចព្រមព្រៀង TPP គឺ​ជានិច្ចកាល​ជា​កិច្ចព្រមព្រៀង​សម្រាប់​ឥទ្ធិពល​នយោបាយ​ ក៏​ដូចជា​សម្រាប់​ឥទ្ធិពល​សេដ្ឋកិច្ច​ដែរ​សម្រាប់​សហរដ្ឋអាមេរិក។ ខ្ញុំ​គិត​ថា កិច្ចព្រមព្រៀង RCEP ក៏​អ៊ីចឹង​ដែរ។ វា​ជា​ការ​ល្អ​សម្រាប់​ចិន។ ពួកគេ​ត្រូវ​បង្ហាញ​ពី​ការ​ចូលរួម​របស់​ពួកគេ​ក្នុង​ការ​គាំទ្រប្រព័ន្ធ​ពាណិជ្ជកម្ម​បើក​ចំហ​មួយ​ដោយ​ផ្អែក​លើ​វិធាន​នានា ហើយ​នៅ​តែ​អាច​រក្សា​ទុក​ការ​អនុវត្ត​បែប​រើសអើង​មួយ​ចំនួន​ ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជាច្រើន​ដែល​យើង​តំណាង​ឲ្យ»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG