លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកអាចប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បន្ថែមទៀត ប្រសិនបើបើកដំណើរការដូចធម្មតាឡើងវិញឆាប់ពេកនៅថ្ងៃទី ១ ខែឧសភាខាងមុខ ដូចអ្វីដែលលោកប្រធានាធិបតី Donald Trump កំពុងពិចារណា។
លោក Fauci បានប្រាប់ទីភ្នាក់ងារព័ត៌មាន CNN ថា «វាមិនមែនជាកុងតាក់ភ្លើង» ដើម្បីបើកដំណើរការអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិកឡើងវិញ ដូចការស្នើរបស់រដ្ឋាភិបាលឲ្យពលរដ្ឋមានគម្លាតឆ្ងាយពីគ្នា ដែលនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមេសាខាងមុខនេះទេ។
លោក Fauci នៅតែមានក្ដីសង្ឃឹមថា «យ៉ាងហោចណាស់តាមវិធីមួយចំនួន» សហរដ្ឋអាមេរិកអាចដំណើរការដូចធម្មតាឡើងវិញនៅខែក្រោយ ប៉ុន្តែលោកបានបញ្ជាក់ថា វាទំនងជាមិនដូចគ្នាទាំងអស់នោះទេនៅតាមកន្លែងផ្សេងៗនៅក្នុងប្រទេស។
លោកបាននិយាយថា ករណីនេះគឺវាអាស្រ័យលើករណីឆ្លងជំងឺកូវីដ ១៩ នេះ នៅតាមសហគមន៍ជាក់លាក់នានា និងអាស្រ័យលើថាតើការធ្វើតេស្តបានបង្ហាញថា មនុស្សភាគច្រើនមិនមានឆ្លងជំងឺនេះ ឬក៏យ៉ាងណានោះ។
លោកបានបន្ថែមថា ទោះបីជាមានការប្រុងប្រយ័ត្នទុកជាមុនក៏ដោយ ក៏ «យើងដឹងថា មនុស្សនឹងឆ្លងជំងឺនេះ ដែលនេះគឺជាការពិត»។
ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិកបានកើនលើស ២ ម៉ឺននាក់ គឺលើសប្រទេសណាៗទាំងអស់នៅលើពិភពលោក ហើយគិតត្រឹមថ្ងៃចន្ទនេះអ្នកឆ្លងជំងឺនេះមានចំនួនជាង ៥ សែន ៥ ម៉ឺន ៧ ពាន់នាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។ គំរូរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នបានប៉ាន់ស្មានថា មនុស្សចំនួន ៦ ម៉ឺន ឬក៏ច្រើនជាងនេះអាចស្លាប់នៅក្នុងសហរដ្ឋអាមេរិកនៅត្រឹមខែកក្កដាខាងមុខ៕