កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យផ្ដល់ការបន្ធូរបន្ថយបំណុលបន្ទាន់ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជួយទប់ទល់នឹងវិបត្តិជំងឺកូវីដ ១៩ ដែលប្រទេសទាំងនោះកំពុងប្រឈម។
លោក Khan បានធ្វើការអំពាវនាវដូច្នេះនៅចំថ្ងៃដែលរបាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ថា បណ្ដាប្រទេសនៅតំបន់អាស៊ីខាងត្បូង ដូចជាប៉ាគីស្ថាន ឥណ្ឌា អាហ្វហ្គានីស្ថាន និងបង់ក្លាដែសជាដើម ជិតប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការផ្ទុះរាលដាលនៃជំងឺកូវីដ ១៩។
នៅក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេស លោក Khan បាននិយាយថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងផ្ដោតលើការទប់ស្កាត់ជំងឺនេះតាមរយៈការដាក់កំហិតលើសេរីភាពដើរហើរ និងការដោះស្រាយជាមួយនឹងផលប៉ះពាល់សេដ្ឋកិច្ចក្នុងពេលតែមួយ។
លោកបានបន្តថា ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយដូចប៉ាគីស្ថានជាដើម បានរងគ្រោះធ្ងន់ធ្ងរដោយសារការដាក់កំហិតសេរីភាពដើរហើរនេះ ដែលបង្អាក់ដល់សកម្មភាពសេដ្ឋកិច្ច ធ្វើឲ្យអត្រាអត់ការងារធ្វើកើនឡើង និងបង្កឲ្យមានការប្រឈមថ្មីៗផ្សេងទៀត។
លោក Khan បានបន្ថែមថា ប្រទេសអ្នកមានមានគម្រោងក្នុងទឹកប្រាក់រាប់លានលានដុល្លារដើម្បីជួយសេដ្ឋកិច្ច ប៉ុន្តែប៉ាគីស្ថាន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតមិនអាចធ្វើដូច្នេះបានទេ៕