បុគ្គលិកបម្រើការលើយន្តហោះក្នុងសម្លៀកបំពាក់ការពារខ្លួន បានទទួលអ្នកដំណើរដែលសុទ្ធតែពាក់ម៉ាស់ ខណៈដែលអាជ្ញាធរឥណ្ឌាកាលពីថ្ងៃចន្ទបានបន្ធូរបន្ថយឲ្យមានការហោះហើរក្នុងស្រុកខ្លះឡើងវិញក្រោយពីបានបិទទ្រាំងស្រុងដោយសារវិបត្តិជំងឺកូវីដ១៩អស់រយៈពេលពីរខែ។
ក្នុងថ្ងៃទីមួយនេះមានច្របូកច្របល់ដោយមានជើងយន្តហោះខ្លះត្រូវលុបចោលវិញពីតំបន់ដែលមានការផ្ទុះរាលដាលខ្លាំង។
អ្នកដំណើរថាការធ្វើដំណើរតាមយន្តហោះមានលក្ខណៈខុសពីមុន ដោយអ្នកខ្លះមានការភិតភ័យពីការឆ្លងហើយអ្នកខ្លះទៀតថាវិធានត្រួតពិនិត្យតឹងតែងធ្វើឲ្យពួកគេជឿទុកចិត្ត។ អ្នកដំណើរត្រូវមកដល់អាកាសយានដ្ឋានយ៉ាងតិច២ម៉ោងមុនការហោះហើរ ហើយត្រូវគេពិនិត្យកម្តៅ និងមានកម្មវិធី app តាមដានរបស់រដ្ឋាភិបាលក្នុងទូរស័ព្ទពួកគេ។ អ្នកដំណើរខ្លះពាក់របាំងការពារមុខទៀត ហើយវ៉ាលីរបស់ពួកគេត្រូវគេបាញ់ដោយទឹកសម្លាប់មេរោគ។
ការបើកការហោះហើរក្នុងស្រុកនេះធ្វើឡើងទោះបីជាប្រទេសឥណ្ឌាបានក្លាយជាប្រទេសមានការឆ្លងវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ច្រើនជាងគេទី១០ក្នុងពិភពលោក ដោយគិតមកត្រឹមថ្ងៃចន្ទ ឥណ្ឌាមានករណីឆ្លងជិត១៤០.០០០នាក់ និងអ្នកស្លាប់ជាង៤.០០០នាក់។
ឥណ្ឌាបានបិទរាល់ការហោះហើរទាំងជើងយន្តហោះក្នុងស្រុកនិងអន្តរជាតិកាលពីចុងខែមីនា ប៉ុន្តែផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពីវិបត្តិជំងឺរាតត្បាតនេះបានបង្ខំឲ្យអាជ្ញាធរត្រូវបើកសកម្មភាពសេដ្ឋកិច្ចខ្លះឡើងវិញ ដោយមន្ត្រីសុខាភិបាលឥណ្ឌាថាការបិទប្រទេសកន្លងមកបានជួយឲ្យអាជ្ញាធរមានពេលវេលាគ្រប់គ្រាន់ប្រយុទ្ធនឹងជំងឺបានបើទោះបីបើកសេដ្ឋកិច្ចខ្លះវិញក៏ដោយ៕