ក្រសួងសុខាភិបាលប្រទេសឥណ្ឌាកាលពីថ្ងៃសុក្របានរាយការណ៍ថា មានការឆ្លងថ្មីនៃជំងឺកូវីដ ចំនួន ៨១.៤៦៦ ករណី ក្នុងរយៈពេល ២៤ ម៉ោង។ នេះជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេល ៦ ខែកន្លងមក។
ករណីឆ្លងថ្មីនេះមានច្រើនជាងគេនៅរដ្ឋ Maharashtra នៅភាគខាងលិច គឺមាន ៤៣.១៨៣ នាក់។ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១២,៣ លានករណី។ មានតែសហរដ្ឋអាមេរិកនិងប្រេស៊ីលទេ ដែលមានករណីឆ្លងច្រើនជាងឥណ្ឌា។
ស.រ.អា. មាន ៣០,៥ លានករណី និងប្រេស៊ីលមាន ១២,៨ លានករណី។ នោះបើយោងតាមមជ្ឈមណ្ឌលតាមដានវីរុសកូរ៉ូណារបស់សាកលវិទ្យាល័យ Johns Hopkins (Johns Hopkins Coronavirus Resource Center)។ របាយការណ៍របស់មជ្ឈមណ្ឌលតាមដានវីរុសកូរ៉ូណារបស់សាកលវិទ្យាល័យ Johns Hopkins ឲ្យដឹងថា នៅទូទាំងពិភពលោកមានអ្នកឆ្លងជាង ១២៩,៦ លាននាក់។
នៅក្នុងទីក្រុងធំបំផុតនៅប្រេស៊ីល ផ្នូរខ្មោចចាស់ត្រូវគេគាស់ ដើម្បីបញ្ចុះសាកសពជនរងគ្រោះថ្មីបំផុតនៃវីរុសនេះ។
រដ្ឋបាលចំណីអាហារនិងឱសថស.រ.អា. បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna នឹងត្រូវបានអនុញ្ញាតឲ្យដាក់វ៉ាក់សាំងកូវីដចំណុះ ១៥ ដូស ក្នុងកូនដប ដែលក្រុមហ៊ុនឱសថនេះបានដាក់ត្រឹមតែ ១០ ដូសប៉ុណ្ណោះកន្លងមក។
ក្រុមហ៊ុន Moderna បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ដបថ្នាំចំណុះ «១៥ដូស នឹងចាប់ផ្តើមដឹកជញ្ជូននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ»៕