ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងចំនួនខ្ពស់ប្រចាំថ្ងៃមិនធ្លាប់មាន ដោយរកឃើញអ្នកឆ្លងចំនួនជាង៤១២.០០០នាក់ និងមានអ្នកស្លាប់ដល់៣.៩៨០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌារហូតមកដល់ពេលនេះ កើនដល់ជាង២១លាននាក់ និងមានអ្នកស្លាប់សរុបជាង២៣០.០០០នាក់។
ព្រមជាមួយគ្នានេះ មន្ត្រីឥណ្ឌាមួយចំនួនព្រមានថា រលកទី៣នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ នឹងកើតមាននៅទូទាំងប្រទេសទៀត។
លោក K. Vijay Raghavan ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌា បានព្រមាននៅថ្ងៃពុធកន្លងទៅថា រលកទី៣នៃការឆ្លងរាតត្បាតនេះ នឹងកើតមានឡើងពាសពេញផ្ទៃប្រទេស ស្របពេលដែលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងរលកទី២នៃការឆ្លងនេះនៅឡើយ។
ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍កាលពីថ្ងៃព្រហ្បតិ៍ថា ជំងឺកូវីដ១៩នៅឥណ្ឌា កំពុងរាតត្បាតឆ្លងពីតំបន់ទីក្រុងទៅកាន់តំបន់ជនបទនានា។ ទីភ្នាក់ងារព័ត៌មាននេះ បានស្រង់សម្តីអង្គការក្រៅរដ្ឋាភិបាលមួយ ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងឥណ្ឌា ដែលមានប្រជាជនរស់នៅប្រមាន២០០លាននាក់នោះថា មានអ្នកភូមិមួយចំនួន បានស្លាប់ដោយអាការៈគ្រុនក្តៅនិងក្អក ដែលជារោគសញ្ញានៃជំងឺកូវីដ១៩នោះ ប៉ុន្តែដោយពុំមានព័ត៌មានច្បាស់លាស់និងមិនមានការធ្វើតេស្តគ្រប់គ្រាន់នោះ អ្នកភូមិជាច្រើននាំគ្នាគិតថា វាជាជំងឺផ្តាសាយធម្មតាតែប៉ុណ្ណោះ។
វិបត្តិជំងឺកូវីដ១៩នៅឥណ្ឌា កំពុងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារការខ្វះខាតជាខ្លាំងនូវម៉ាស៊ីនអ៊ុកស៊ីហ្សែនសម្រាប់អ្នកជំងឺដែលត្រូវការជាចាំបាច់នោះ ក៏ដូចជាវត្ថុធាតុដើម សម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
តុលាការកំពូលឥណ្ឌា បានចេញដីកាបញ្ជាឲ្យរដ្ឋាភិបាលត្រូវដាក់ផែនការដើម្បីឆ្លើយតបនឹងតម្រូវការម៉ាស៊ីនអ៊ុកស៊ីហ្សែន នៅក្នុងមន្ទីរពេទ្យនានា ក្នុងរដ្ឋធានីញូវដែលីនៅត្រឹមថ្ងៃព្រហស្បតិ៍៕
ទោះបីឥណ្ឌាជាប្រទេសដែលមានរោងចក្រផលិតវ៉ាក់សាំងធំជាងគេបង្អស់នៅក្នុងពិភពលោកក្តី ក៏ពលរដ្ឋឥណ្ឌាចំនួនតែ២%ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋសុរប១.៣០០លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នេះបើតាមការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុក៕