ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា​រាយការណ៍​ថា មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ជិត​១ម៉ឺន​១ពាន់​ករណី​ក្នុង​រយៈពេល​២៤ម៉ោង


ពលករ​ទេសន្តរប្រវេសន៍​តម្រង់​ជួរ​ឱ្យ​គេ​ពិនិត្យ​មើល​សីតុណ្ហភាព មុន​ចូល​ជិះ​រថភ្លើង​ដើម្បី​ទៅ​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង Jammu ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ពលករ​ទេសន្តរប្រវេសន៍​តម្រង់​ជួរ​ឱ្យ​គេ​ពិនិត្យ​មើល​សីតុណ្ហភាព មុន​ចូល​ជិះ​រថភ្លើង​ដើម្បី​ទៅ​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង Jammu ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ជិត​១ម៉ឺន​៩រយ​៥៦​ករណី​ក្នុង​រយៈពេល​២៤ម៉ោង​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ។

ការ​កើន​ឡើង​នូវ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​១ម៉ឺន​៩រយ​៥៦​ករណី បាន​ដាក់​ប្រទេស​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​នេះ​ក្នុង​លំដាប់​ទី៤​បន្ទាប់​ពី​សហរដ្ឋអាមេរិក ប្រេស៊ីល និង​ប្រទេស​រុស្ស៊ី​ក្នុង​ចំនួន​ករណី​ឆ្លង។

ឥណ្ឌា​មាន​ជំងឺ​កូវីដ​១៩​ចំនួន​២សែន​៩ម៉ឺន​៧ពាន់​៥រយ​៣៥​ករណី​ក្នុង​ចំណោម​ជំងឺ​កូវីដ១៩​ទាំងអស់​របស់​ពិភពលោក​ចំនួន​៧លាន​៥សែន​ករណី។ នេះ​បើ​តាម​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក​កំពុង​នាំ​មុខ​ពិភពលោក​ក្នុង​ចំនួន​ឆ្លង​ដោយ​មាន​ជាង​២លាន​ករណី ប្រទេស​ប្រេស៊ីល​មាន​ជាង​៨សែន​ករណី និង​ប្រទេស​រុស្ស៊ី​ជាង​៥សែន​១ម៉ឺន​ករណី។

ក្រុមហ៊ុន​ជីវៈបច្ចេកវិទ្យា​សហរដ្ឋអាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​តេស្ត​សាកល្បង​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូរ៉ូណា​ទ្រង់ទ្រាយ​ធំ​នៅ​ខែ​ក្រោយ។

ក្រុមហ៊ុន Moderna កំពុង​ធ្វើការ​ជាមួយ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូវីដ១៩។

ក្រុមហ៊ុន​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ការ​សាកល្បង​ថ្នាំវ៉ាក់សាំង​នឹង​ចាប់ផ្តើម​ជាមួយ​ពួក​អ្នក​ស្ម័គ្រចិត្ត​ចំនួន​៣ម៉ឺន​នាក់។ អ្នក​ស្ម័គ្រចិត្ត​ខ្លះ​នឹង​ទទួល​បាន​ថ្នាំវ៉ាក់សាំង​មែនទែន​ ហើយ​អ្នក​ស្ម័គ្រចិត្ត​ផ្សេង​ទៀត​នឹង​ទទួល​បាន​ថ្នាំ​គ្រាប់។

ក្រុមហ៊ុន Sinovac ដែល​ជា​ក្រុមហ៊ុន​ជីវៈបច្ចេកវិទ្យា​របស់​ចិន​ក៏​មាន​គម្រោង​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ខែក្រោយ​លើ​ពួក​អ្នក​ស្ម័គ្រចិត្ត​ចំនួន​៩ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ប្រេស៊ីល​ក៏​នឹង​ត្រូវ​ធ្វើ​តេស្ត​សាកល្បង​ថ្នាំវ៉ាក់សាំង​ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​សាកលវិទ្យាល័យ Oxford របស់​ចក្រភព​អង់គ្លេស​ដែរ។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ កំពុង​ធ្វើ​ការងារ​ជា មួយ​មន្ទីរ​ពិសោធន៍​ឯកជន​នៅ​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា «កិច្ចប្រតិបត្តិការ​លឿន» ដែល​សង្ឃឹម​ថា នឹង​មាន​ថ្នាំវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ចំនួន​៣រយលាន​ដូស​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG