បើតាមទិន្នន័យវិភាគដោយក្រុមហ៊ុន Ookla ដែលជាក្រុមហ៊ុនមួយវាស់វែងនិន្នាការ Online ថាកាលពីថ្ងៃចន្ទ ទី៦ ខែមេសា ចំនួននៃការប្រើអ៊ីនធឺណិតសាកលបានកើនឡើងជាង៤០%ចាប់តាំងពីដើមឆ្នាំនេះមក។
នៅពេលដែលក្រុមអ្នកធ្វើការងារ ពួកនិស្សិតនិងពួកអ្នកកាសែតប្រើអ៊ីនធឺណិតដើម្បីធ្វើការប្រជុំគ្នាចូលរួមក្នុងការបង្រៀននិងផ្តល់កិច្ចការនោះ លទ្ធភាពដែលមានការលួចចូលទៅក្នុងគណនីតាមអ៊ីនធឺណិតដើម្បីមើលទិន្នន័យក៏មានច្រើនជាងមុនដែរ។
របាយការណ៍មួយដោយ Citizen Lab ដែលជាក្រុមស្រាវជ្រាវមានមូលដ្ឋាននៅក្នុងប្រទេសកាណាដាបានរកឃើញថា សូម្បីនៅមុនការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ពួកអ្នកលួចចូលទៅមើលទិន្នន័យតាមបណ្តាញ អ៊ីនធឺណិតបានយកពួកសមាជិកសង្គមស៊ីវិលដោយមានរួមបញ្ចូលទាំងក្រុមអ្នកកាសែតផងជាទីដៅនៃការវាយប្រហារ។
នៅក្នុងទ្វីប អាហ្វ្រិក រដ្ឋាភិបាលនានាបានប្រើប្រាស់គេហទំព័រមានប្រជាប្រិយភាពដើម្បីវាយប្រហារពួកមេដឹកនាំក្រុមប្រឆាំង និងកែប្រែលទ្ធផលនៃការបោះឆ្នោត។ ពួកអ្នកជំនាញព្រួយបារម្ភថាការវាយប្រហារតាមអ៊ីនធឺណិតនឹងបន្តកើនច្រើនថែមទៀតនៅពេលទំនាក់ទំនងប្តូរមកធ្វើតាមអ៊ីនធឺណិត។
លោក Mark Ostrowski ជាប្រធានផ្នែកវិស្វកម្មរបស់ស.រ.អា.នៃក្រុមហ៊ុនសន្តិសុខខាងអ៊ីនធឺណិតឈ្មោះ Check Point Software Technologies។ លោកបាននិយាយប្រាប់ VOA ថាគេរំពឹងថានឹងមានកំណើនការលួចចូលមើលទិន្នន័យ និងការបោកបញ្ឆោតតាមអ៊ីនធឺណិត។
ក្រុមហ៊ុនរបស់លោក Ostrowski បានស្រាវជ្រាវអំពីភាពងាយរងគ្រោះខាងសន្តិសុខនិងជួយអង្គការនានាដោះស្រាយបញ្ហាទាំងនេះ។
លោក Ostrowski បាននិយាយថា នៅពេលដែលសេវានិង apps មានប្រជាប្រិយភាពកាន់តែច្រើន ពួកអ្នកប្រើប្រាស់ក៏អាចមានការប្រថុយច្រើនដែរដល់ឯកជនភាព ហិរញ្ញវត្ថុ និងសេរីភាពខាងការនិយាយស្តីបញ្ចេញមតិ។
ទុកចិត្តនរណាដែលអ្នកមិនគួរទុកចិត្ត
ក្រុមហ៊ុនរបស់លោក Ostrowski ធ្វើការជាមួយអង្គការនានាដើម្បីប្រាប់ពួកគេឱ្យដឹងអំពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធីកុំព្យូទ័ររបស់ពួកគេ។ ឧបករណ៍ដូចជា WhatsApp ជាដើមអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែកចាយវីដេអូ។ ក៏ប៉ុន្តែសំណុំឯកសារអាចមានលេខសម្ងាត់ដែលគេអាចលួចមើលនិងបញ្ជូនទិន្នន័យ។
ឧបករណ៍ភាគច្រើនកែប្រែព័ត៌មានឬទិន្នន័យឱ្យទៅជាលេខសម្ងាត់ហៅថា encryption ដែលជាបច្ចេកវិទ្យាមួយបែបដែលធ្វើការទាក់ទងគ្នាមានលក្ខណៈឯកជន។ ការណ៍នេះធ្វើកុំឱ្យភាគីទីបីដោយមានរួមបញ្ចូលទាំងរដ្ឋាភិបាលផងលបស្តាប់ការសន្ទនាគ្នា។
លោក Ostrowski បាននិយាយប្រាប់ VOA ថា បញ្ហាខាងសន្តិសុខជាច្រើនកើតមានឡើងទាក់ទងនឹងកម្មវិធីកុំព្យូទ័រ មិនមែនជាមួយ encryption ទេ។
ការណ៍នេះមានន័យថាពួកអ្នកលួចចូលមើលទិន្នន័យតាមអ៊ីនធឺណិតមិនចាំបាច់បំបែក encryption ដើម្បីធ្វើការវាយប្រហារទេ។ ពួកគេគ្រាន់តែបញ្ឆោតមនុស្សដែលពួកគេទាក់ទងជាមួយ។
លោក Ostrowski បាននិយាយថា៖ «ដោយសារពួកអ្នកលួចចូលមើលទិន្នន័យតាមអ៊ីនធឺណិតបានបង្កើត encryption នៅមុនការបញ្ជូនទៅឱ្យអ្នកម្ខាងទៀត អ្នកម្ខាងទៀតនេះគ្រាន់តែបើកអ្វីដែលបានត្រូវបង្កើតនៅក្រោយវាឆ្លងកាត់ encryption រួចហើយនោះ នោះគេអាចលួចបាន»។
លោកបាននិយាយបន្ថែមថា៖ «គេបញ្ឆោតឲ្យលោកអ្នកទុកចិត្តនរណាម្នាក់ដែលលោកអ្នកមិនគួរទុកចិត្ត»។
លោក Ostrowski បាននិយាយថាការធ្វើឱ្យមានសុវត្ថិភាពនៅពេលប្រើអ៊ីនធឺណិតគឺត្រូវមានការប្រុងប្រយ័ត្នជាពិសេសនៅពេលមានវិបត្តិបច្ចុប្បន្ននេះនៅពេលយើងប្រើអ៊ីនធឺណិតច្រើនជាងមុនក្នុងជីវភាពរបស់យើង។
ជាកុសលល្អ ការប្រុងប្រយ័ត្នអាចជួយឱ្យយើងមានសុវត្ថិភាពក្នុងរយៈពេលយូរ។
លោក Ostrowski បាននិយាយថា៖ «និយាយឲ្យចំ អ្នកមើលការខុសត្រូវដល់ឯកជនភាពរបស់យើងគឺលោកអ្នក និងខ្ញុំ»៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ