អត្រាឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា មានការចុះថយបន្តិច ប៉ុន្តែក្នុងកម្រិតខ្ពស់នៅឡើយ ដោយក្រសួងសុខាភិបាលរបស់ឥណ្ឌាបានប្រកាសឲ្យដឹងនៅថ្ងៃច័ន្ទពីការរកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃមានចំនួនជាង ៣៦៦.០០០ នាក់ និងមានអ្នកស្លាប់ចំនួន៣.៧៥៤នាក់ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
អ្នកជំនាញខាងវិស័យសុខាភិបាលឥណ្ឌានិយាយថា គេជឿជាក់ថា ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ថ្មី គឺមានចំនួនច្រើនលើសពីនេះ។
ទីភ្នាក់ងារព័ត៌មានReuters បានចេញផ្សាយនៅថ្ងៃចន្ទថា មានការជំរុញកាន់តែខ្លាំងឡើងដើម្បីឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បិទខ្ទប់ប្រទេសឥណ្ឌាទាំងមូលដែលមានចំនួនប្រជាជនច្រើនបំផុតទី២នៅលើពិភពលោកនេះ ដូចកាលរលកឆ្លងទី១នៃជំងឺកូវីដ១៩នេះកាលពីឆ្នាំទៅដែរ។ រដ្ឋជាច្រើនរបស់ឥណ្ឌាបានអនុវត្តរួចហើយនូវការបិទខ្ទប់ដ៏តឹងរ៉ឹងចាប់តាំងពីខែមេសា ហើយរដ្ឋមួយចំនួនទៀតគ្រាន់តែមានការរឹតបន្តឹងប៉ុណ្ណោះ ដូចជាការធ្វើដំណើរ បិទរោងភាពយន្ត ភោជនីយដ្ឋាន បារកម្សាន្ត និងផ្សារទំនើបជាដើម។
វីរុសកូរ៉ូណាបម្លែងខ្លួនថ្មីដែលមានការឆ្លងឆាប់រហ័សជាងទម្រង់ធម្មតា ហើយដែលត្រូវបានគេរកឃើញជាដំបូងនៅក្នុងប្រទេសឥណ្ឌានោះ ត្រូវបានគេរាយការណ៍ថា ត្រូវបានរកឃើញនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសបង់ក្លាដែស បារាំង ថៃ ចក្រភពអង់គ្លេស និងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិក។ ម៉្យាងទៀតគេកាន់តែមានការបារម្ភអំពីអ្នកបានជាសះស្បើយពីជំងឺកូវីដ១៩ នៅឥណ្ឌាដែលកើតជំងឺដុះផ្សិតលើមុខ ហើយករណីខ្លះបានបណ្តាលរហូតដល់ខ្វាក់ភ្នែកទៀត។
យោងទៅលើទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក ឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២២,៦លាននាក់៕