ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរីក​កាន់​តែធំ​ឡើងនូវការ​ប៉ះទង្គិច​ប្រកប​ដោយ​គ្រោះថ្នាក់​នូវជម្លោះ​ព្រំដែន​ចិន​និង​ឥណ្ឌា


ក្បួន​កងទ័ព​ឥណ្ឌា​ធ្វើដំណើរ​លើ​ផ្លូវ Srinagar- Ladakh នៅទីក្រុង Gagangeer ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២០។

ការប្រឈម​មុខដាក់​គ្នាដ៏​ប្រល័យ​បំផុត​រវាង​ប្រទេស​ឥណ្ឌា​និង​ចិន​ ក្នុង​រយៈ​ពេល​ជិត ​៥​ទសវត្សរ៍ ​ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា​ ២០​នាក់ ជា​ស្ថានការណ៍​ប្រកប​ដោយ​គ្រោះថ្នាក់​បំផុត​នៃ​ជម្លោះ​ព្រំដែន​ដ៏វែង​ ហើយ​ផ្លូវ​ទៅកាន់​ដំណោះ​ស្រាយ​ នឹង​មិន​ងាយ​ស្រួល​សម្រាប់​ប្រទេស​ទាំង​២ ​ដែល​ដឹក​នាំ​ដោយ​មេដឹក​នាំជាតិ​និយម​។ នេះបើតាមអ្នកវិភាគ។

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​លោក​ Narendra Modi បាន​និយាយ​ក្នុង​សុន្ទរកថា​ផ្សាយ​តាមទូរទស្សន៍​ក្នុងរដ្ឋធានីញូវ​ដែលី​ កាលពី​ថ្ងៃពុធ​ថា៖ «ខ្ញុំចង់​បញ្ជាក់​ប្រាប់​ប្រទេស​ជាតិ​ថា ការលះ​បង់​របស់​កងទ័ពរបស់​យើងនឹង​មិនឥត​ប្រយោជន៍​នោះទេ។ ចំពោះយើង សាមគ្គី​ភាពនិង​អធិបតេយ្យភាព​របស់​ប្រទេស​មាន​សារៈសំខាន់​បំផុត។ ឥណ្ឌា​ចង់​បាន​សន្តិភាព ក៏ប៉ុន្តែ​នៅពេល​ដែលមាន​ការបង្ក​ហេតុ តម្រូវ​ឲ្យមាន​ការឆ្លើយតបចំពោះ​ស្ថានការណ៍​នោះ»។

ភាគីទាំង២ បាន​ស្តី​បន្ទោស​គ្នាទៅវិញ​ទៅមក​ចំពោះការបង្ករ​ឲ្យមាន​ការប្រឈមមុខ​ហិង្សា​នៅទីវាល​រហោស្ថាន​ទឹក​កក គ្មាន​ជីវជាតិ​នៃជ្រលង Galwan ក្នុងតំបន់ Easter Ladakh។ សេចក្តី​លម្អិត​នៅតែ​មានភាពមិ​នច្បាស់​លាស់ ក៏​ប៉ុន្តែ​កងទ័ពបាន​ត្រូវ​គេ​រាយការណ៍​ថា បានប្រយុទ្ធគ្នា​ដោយប្រើ​កាំភ្លើង​ដៃ​និង​ដុំថ្មក្នុង​អំឡុង​នៃជម្លោះ​ដែល​មាន​ការវាយ​ប្រតប់គ្នា។ តាមសេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ឥណ្ឌា បាន​ប្រាប់ឲ្យ​ដឹងថា ទាហានខ្លះ​បានធ្លាក់ ​ឬត្រូវ​បានគេច្រាន​ចូលក្នុង​ទន្លេ។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា ចិន​មិនចង់​ឃើញ​ការប៉ះទង្គិច​គ្នាទៀត​ទេនៅ​តាមព្រំដែន​ជាមួយឥណ្ឌា ​ហើយ​ភាគី​ទាំង២ បាន​ទាក់ទង​យ៉ាងជិតដិត ​ដើម្បីដោះស្រាយ​ស្ថានការណ៍នេះ​តាមរយៈបណ្តាញ​ការទូត​និង​យោធា។

គូប្រជែង​អាស៊ីទាំង​២នេះ បាន​ដាក់ពង្រាយ​កងទ័ពបន្ថែម​រាប់ពាន់នាក់​និងកាំភ្លើងធំ​ក្នុងប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ នៅ​ពេល​ដែលភាព​តានតឹង​ផ្ទុះឡើង​បន្ទាប់ពី​ឥណ្ឌា ចោទ​ប្រកាន់​ទាហានចិន​ថា ​បានចូល​ក្នុងអ្វី​ដែលគេ​ស្គាល់​ថា​ជាខ្សែ​ត្រួត​ត្រា៕

XS
SM
MD
LG