ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ថា ខ្លួន​និង​ចិន​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ «សន្តិវិធី»


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi (ឆ្វេង) និង​គណៈប្រតិភូ​របស់​លោក ជួប​ប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​គណៈប្រតិភូ​ចិន​ក្នុង​ទីក្រុង​វូហាន ដើម្បី​ព្យាយាម​រក​ដំណោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi (ឆ្វេង) និង​គណៈប្រតិភូ​របស់​លោក ជួប​ប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​គណៈប្រតិភូ​ចិន​ក្នុង​ទីក្រុង​វូហាន ដើម្បី​ព្យាយាម​រក​ដំណោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨។

ប្រទេស​ឥណ្ឌា និង​ចិន​នឹង​ដោះស្រាយ​ជម្លោះ​នៅ​តាម​ព្រំដែន​របស់​ពួកគេ​ដោយ «សន្តិវិធី»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ឥណ្ឌា​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មេបញ្ជាការ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​ដែល​អូស​បន្លាយ​អស់​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ភាគ​ខាង​កើត​តំបន់ Ladakh ដែល​ជា​តំបន់​ជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ចិន បាន​ចាប់ផ្ដើម​នៅ​ពេល​ដែល​ទាហាន​យាមល្បាត​នៃ​ប្រទេស​ទាំង​ពីរ​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ដើម​ខែ​ឧសភា។

ប្រទេស​ចិន​គឺ​ជា​អ្នក​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​កាន់​ចំណុច​យុទ្ធសាស្ត្រ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៃ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​នេះ។

ទោះបីជា​មន្ត្រី​ឥណ្ឌា​បាន​និយាយ​ថា ទាហាន​ចិន​បាន​ចូល​ក្នុង​ដែនដី​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា និង​បាន​ដំឡើង​តង់ និង​ប៉ុស្តិ៍​យាម​ល្បាត​នៅ​ទីតាំង ៣ កន្លែង​ក៏​ដោយ ក៏​ប្រទេស​ចិន​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​រំលោភ «ខ្សែ​បន្ទាត់​គ្រប់គ្រង​ពិត​ប្រាកដ» ដែល​ជា​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នោះ​ទេ និង​បាន​បញ្ជាក់​ថា តំបន់​នោះ​មាន​ស្ថិរភាព។

ចាប់​តាំង​ពី​ពេល​នោះ​មក ភាគី​ទាំង​ពីរ​បាន​ពង្រាយ​ទាហាន​បន្ថែម និង​ដំឡើង​កាំភ្លើង​ធំ និង​អាវុធ​នានា​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​នោះ។

ក្រសួង​ការបរទេស​ឥណ្ឌា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដោះស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន​នេះ​ដោយ​សន្តិវិធី ស្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង​ទ្វេភាគី​នានា និង​រក្សា​សម្រាប់​ពេល​អនាគត​នូវ​កិច្ច​ព្រមព្រៀង​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ថា សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​គឺ​សំខាន់​សម្រាប់​ដំណើរ​វិវឌ្ឍ​ជា​ទូទៅ​នៃ​ទំនាក់ទំនង​ទ្វេភាគី»៕

XS
SM
MD
LG