ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាល្លឺម៉ង់​អំពាវនាវ​ឲ្យ​​​​សហភាព​អឺរ៉ុប​ដាក់​បម្រាម​​​លើ​ប្រេង​រុស្ស៊ី​ ក្រោយ​ទៅ​ទស្សនកិច្ច​​នៅ​​អ៊ុយក្រែន


រូប​ឯកសារ៖ បាតុករ​ទាមទារ​ឱ្យ​មាន​ការ​ដាក់​បម្រាម​លើ​ប្រេង​នាំ​ចូល​ពី​រុស្ស៊ី នៅ​ទី​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​៨​ខែ​មេសា ឆ្នាំ​២០២២។ (Reuters)

សហភាព​អឺរ៉ុប​ត្រូវតែ​ដាក់​ទណ្ឌកម្ម​លើ​ប្រេង​របស់​រុស្ស៊ី​ឲ្យ​បាន​ឆាប់រហ័សដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើតាម​ការ​លើក​ឡើងកាល​ពី​ថ្ងៃអង្គារ​ម្សិលមិញរបស់​ប្រធាន​គណៈកម្មាធិការ​សភា​អាល្លឺងម៉ង់ចំនួន​បី​នាក់​ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ហើយ​ដែល​ត្រូវ​បានដក​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារព័ត៌មាន Reuters។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​អាល្លឺម៉ង់​លោក Michael Roth បាន​និយាយថា ការ​កាត់​ផ្តាច់​ការនាំចូលប្រេង​របស់​រុស្ស៊ី​ នឹង​ក្លាយជា​ការផ្តល់​សញ្ញា​ដ៏​សំខាន់​មួយ ពី​ព្រោះវា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រភព​ប្រាក់ចំណូល​ដ៏​សំខាន់របស់​រុស្ស៊ី។

ដោយ​មាន​ប្រជា​ពលរដ្ឋ​ស៊ីវិលស្លាប់កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយសារសង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ីនោះ ប្រទេស​អាល្លឺម៉ង់ដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​សហភាព​អឺរ៉ុប​នោះ​ បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ដើម្បី​ឲ្យកាត់ផ្តាច់​នូវ​ការ​នាំចូល​ឧស្ម័ន​និង​ប្រេង​របស់រុស្ស៊ី​ ស្រប​ពេល​ដែល​អ្នក​រិះគន់​និយាយ​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ប្រេង​នេះ​ បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុងសង្គ្រាម។

សហភាព​អឺរ៉ុប កំពុង​ព្រាង​សំណើ​មួយ​ចំនួន​ដើម្បីដាក់​ទណ្ឌកម្ម​លើ​ការនាំ​ចូល​ប្រេង​របស់រុស្ស៊ី បើ​ទោះ​បី​ជាប្រទេស​សមាជិកសហភាព​អឺរ៉ុប​មួយ​ចំនួន​ នៅ​មិន​ទាន់ឯកភាព​គ្នា​នៅ​ឡើយ​ក្តី​លើ​ការដាក់​ទណ្ឌកម្ម​ប្រេងរបស់​រុស្ស៊ីក៏ដោយ។ ពួក​អ្នក​ការទូត​សហភាព​អឺរ៉ុប​មួយ​ចំនួន​និយាយ​ថា អាល្លឺម៉ង់ មិន​បាន​គាំទ្រ​ខ្លាំងទៅ​លើ​ការដាក់​ទណ្ឌកម្មជា​បន្ទាន់​ណា​មួយ​លើ​ប្រេង​រុស្ស៊ី​នោះ​ឡើយ។

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​និយាយ​ថា អាល្លឺម៉ង់ អាច​បញ្ចប់​ការនាំចូល​ប្រេង​រុស្ស៊ីនៅ​ដំណាច់​ឆ្នាំ​នេះ។ ប្រទេស​នេះ​ បាន​កាត់​បន្ថយ​រួច​ហើយនូវ​ការ​នាំ​ថាមពលពី​រុស្ស៊ី​ ដោយ​ប្រេង​ដែល​នាំ​ចូល​ពី​រុស្ស៊ី មាន​ចំនួន​ប្រមាណ​តែ​២៥%ប៉ុណ្ណោះ​គឺ​ធ្លាក់​ចុះ​ពី​ចំនួន​៣៥%​ដែល​អាល្លឺម៉ង់​ធ្លាប់​នាំ​ចូល​កាល​ពីមុន​សង្គ្រាមឈ្លានពាន​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​កន្លង​ទៅ។

លោក Roth និយាយ​ថា​ ការសម្រេច​ចិត្ត​ដ៏​ឆាប់​រហ័ស​មួយ​របស់សហភាព​អឺរ៉ុប​អាច​រួម​បញ្ចូល​ជាមួយ​នឹងដំណាក់កាល​នៃ​អន្តរកាលដូច​ជាការហាម​ការ​នាំ​ចូល​ធ្យូងថ្ម​ដែល​អាចចូល​ជា​ធរមាននៅ​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ​នេះ ក្រោយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បាន​យល់​ព្រម​រួច​ហើយ​លើ​បញ្ហា​នេះ​កាល​ពី​សប្តាហ៍​មុន។

ការលើក​ឡើង​របស់​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភាអាល្លឺម៉ង់រូប​នេះ កើត​មាន​ឡើង បន្ទាប់​ពី​លោកនិង​សហការី​ ដែល​ជា​ប្រធាន​របស់​គណៈកម្មាធិការ​សភា​អាល្លឺម៉ង់​២រូប​ផ្សេង​ទៀត​មក​ពី​គណបក្ស​ចម្រុះ​ដែលកំពុង​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​ការ​ស្ទង់​មតិ​មួយ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយនៅ​ថ្ងៃ​ពុធ​នេះ​ បាន​បង្ហាញ​ថា ពលរដ្ឋ​អាល្លឺម៉ង់​ជា​ច្រើន​ មាន​ក្តី​បារម្ភ​ពីផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​ការ​ដាក់​ទណ្ឌកម្ម​ប្រេង​របស់​រុស្ស៊ី​នោះ។

អ្នក​ត្រូវ​គេស្ទង់​មតិ​ប្រមាណ​៥៧% បាន​និយាយ​ថា អាល្លឺម៉ង់​ ត្រូវ​បន្តការនាំចូល​ប្រេង​ពី​រុស្ស៊ី​ដើម្បី​ជៀសវាង​ការខ្វះខាត​ប្រេង​សម្រាប់​ការផ្គត់ផ្គង់​និង​ប្រេង​ឥន្ធនៈ​ឥន្ធនៈ​ឡើង​ថ្លៃ៕

XS
SM
MD
LG