សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) បានសម្តែងការព្រួយបារម្ភចំពោះការផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន ដោយសារតែការផ្ទុះវីរុសកូរ៉ូណា ដែលការណ៍នេះនឹងប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅកម្ពុជា។
លោក ខេន លូ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទថា វត្ថុធាតុដើមផ្គត់ផ្គង់សម្រាប់រោងចក្រកាត់ដេរនៅកម្ពុជាប្រមាណ៦០% ត្រូវបាននាំចូលពីប្រទេសចិន។ លោកបន្តថា រហូតមកដល់ពេលនេះ រោងចក្រមួយចំនួននៅប្រទេសចិន បានផ្អាកការនាំចេញទៅកាន់កម្ពុជា ហើយប្រសិនបើការផ្អាកនៅតែអូសបន្លាយ វានឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរនៅកម្ពុជា។
លោកបញ្ជាក់ថា រដ្ឋាភិបាលចិនបានបញ្ជាឲ្យបិទរោងចក្រមួយចំនួននៅប្រទេសចិន ហើយលោកមិនដឹងថា ពេលណារោងចក្រទាំងនោះ មានដំណើរការឡើងវិញទេ។
លោកថ្លែងថា៖ «អញ្ចឹងយើងបារម្ភថា ប្រសិនបើមានការបន្តផ្អាក។ តទៅឧទាហរណ៍ថា ចុងខែពីរ(ខែកុម្ភៈ) អញ្ចឹងយើងអាចជួបផលលំបាកបន្តិច។ ចង់និយាយថា ចូលខែបី (មីនា) អាចរោងចក្រខ្លះមួយចំនួនអត់មានវត្ថុធាតុដើមផលិតទេ»។
បើតាមលោក ខេន លូ នាពេលបច្ចុប្បន្នវត្ថុធាតុដើមប្រើប្រាស់ក្នុងវិស័យកាត់ដេរនៅកម្ពុជា ដែលភាគច្រើនជាក្រណាត់ អាចត្រូវបានប្រើប្រាស់យ៉ាងយូរ៣សប្តាហ៍តែប៉ុណ្ណោះ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រសួងកំពុងធ្វើការជាមួយម្ចាស់រោងចក្រនិងពិនិត្យឃើញថាវត្ថុធាតុដើមក្នុងស្តុករបស់រោងចក្រទាំងអស់ អាចប្រើប្រាស់បាននៅត្រឹមពាក់កណ្តាលខែមីនា។
លោកបន្តថា ក្រសួងក៏នឹងធ្វើការជាមួយអ្នកបញ្ជាទិញ ដើម្បីរកមើលវត្ថុធាតុដើមផ្សេងទៀត មកបំពេញសង្វាក់ផលិតកម្ម។
លោកមានប្រសាសន៍ថា៖ «យើងក៏បន្តតាមដានចំពោះករណីនេះ ហើយករណីនេះវាមិនមែនជារឿងដោយឡែកសម្រាប់កម្ពុជា។ បច្ចុប្បន្ននេះខ្សែសង្វាក់ផលិតកម្មនៅអាស៊ីឬក៏ស្ទើរនិយាយបានថា ជុំវិញពិភពលោកនេះ គឺកំពុងជួបប្រទះនូវការខ្វះខាតឬអាក់ខានវត្ថុធាតុដើម ឬក៏ផលិតផលដែលមានប្រភពពីប្រទេសចិន»។
លោក ហេង សួរ បានបន្ថែមថា៖ «ហើយយើងក៏សហការជាមួយប្រភពនានាដើម្បីពិនិត្យមើលលទ្ធភាពនៃការអន្តរាគមន៍ក៏ដូចជា សម្របសម្រួលធ្វើម៉េចឲ្យវត្ថុធាតុដើមនេះឲ្យមកគោលដៅនៃរោងចក្រឲ្យបានលឿនប្រសិនបើសង្វាក់ផលិតកម្មនៅប្រទេសចិន គាត់បានដំណើរការវិញ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានបង្ហាញការព្រួយបារម្ភផងដែរចំពោះផលវិបាកទៅលើការងាររបស់កម្មករប្រសិនបើមានការផ្អាកផលិតកម្ម។
អ្នកស្រីបានថ្លែងថា៖ «ដោយសារប្រទេសកម្ពុជាយើង យើងបានដឹងស្រាប់ហើយថា មិនមែនវត្ថុធាតុដើមផ្សេងៗសុទ្ធតែយើងយកមកពីប្រភពបណ្តាប្រទេសផ្សេងៗ។ យើងមិនបានធ្វើនៅក្នុងស្រុករបស់យើងទេ។ ហើយបើសិនណាមានបញ្ហាដូចដែលបានកើតឡើងអញ្ចឹងមែន ខ្ញុំគិតថាវាជាចំណុចមួយនៅក្នុងការព្រួយបារម្ភសម្រាប់បរិបទការងារសម្រាប់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងផងដែរ»។
សម្រាប់វិស័យកាត់ដេរនិងស្បែកជើង ប្រទេសកម្ពុជាមានរោងចក្រប្រមាណ១ពាន់ដែលមានកម្មករធ្វើការប្រហែល៨០ម៉ឺននាក់។ សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំនៃការនាំចេញក្នុងវិស័យនេះ។
គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃច័ន្ទ មានមនុស្សជាង៩០០នាក់ នៅក្នុងប្រទេសចិនបានស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសថ្មីនេះ។ មនុស្សជាង៤ម៉ឺននាក់ទៀតបានឆ្លងវីរុសនេះ ដែលផ្ទុះនៅទីក្រុងវូហាននៃខេត្តហ៊ុយបេប្រទេសចិន និងបានរីករាលដាលដល់ជិត៣០ប្រទេស។ចំនួនមនុស្សស្លាប់បន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕