ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ​បង្ហាញ​ថា​ វៀតណាម​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​អត្រាប្រាក់​សន្សំ​អតិថិជន​ខ្ពស់​បំផុត​


ក្រដាស​ប្រាក់ដុង​វៀតណាម​ នៅ​ក្នុងធនាគារ​ Asia Commercial Bank ក្នុងរដ្ឋធានី​ហាណូយ​ វៀតណាម។
ក្រដាស​ប្រាក់ដុង​វៀតណាម​ នៅ​ក្នុងធនាគារ​ Asia Commercial Bank ក្នុងរដ្ឋធានី​ហាណូយ​ វៀតណាម។

ការសន្សំ​ប្រាក់​របស់ប្រជាជន​វៀតណាម​កំពុង​ស្ទុះ​ឡើងខ្ពស់​ ប៉ុន្តែ​ក្រុមអ្នក​អង្កេត​មិន គិត​ថាការសន្សំ​ច្រើន​បែបនេះ​ជាសញ្ញា​ល្អនោះ​ទេ។

កាលពី​ខែមុន​ក្រុមហ៊ុន​ស្រាវជ្រាវ​ពីទីផ្សារ​ Nielsenបានធ្វើការ​ស្ទង់មតិ​និងរក​ឃើញ​ថា​ប្រទេស​វៀតណាម​ជាប្រទេសមួយ​ដែលមាន​អត្រា​ប្រាក់​សន្សំ​អតិថិជន​ខ្ពស់​បំផុតនៅ​លើ​ពិភព​លោក។​៦៩ភាគរយ នៃ​ប្រជាជន​វៀតណាម​ដែល​បាន​ដាក់​ប្រាក់​សន្សំ ដែល​ត្រូវ​បាន​ស្ទង់​មតិ​បាន​និយាយ​ថា​ពួកគេ​បាន​ដាក់ប្រាក់សន្សំ​បើ​ធៀប​ទៅ​នឹង​ប្រជាជន​ហុងកុង​ចំនួន៦៨​ភាគរយ ប្រជាជិនចិន​ចំនួន៦៦​ភាគរយ និង ឥណ្ឌូណេស៊ី​ចំនួន៦២ភាគរយ ។

ក្នុងនាម​ជាប្រទេស​កំពុងអភិវឌ្ឍ​វៀតណាម​កំពុង​ក្លាយ​ជា​ប្រទេស​មាន​សន្ទុះ​កំណើនទ្រព្យ​សម្បត្តិកាន់​តែ​ខ្លំាង​ហើយ​ប្រជាជន​សន្សំប្រាក់​កាន់តែ​ច្រើន ដែលជាការចូលរួមនៅក្នុងនិន្នាការសន្សំរបស់សកលលោក។

ទោះបីជាការ​សន្សំប្រាក់នេះ​ជារឿងល្អ​សម្រាប់​ប្រជាជនម្នាក់ៗ​ក្តី​អ្នកអង្កេត​នានា តួយ៉ាង​អ្នកយុទ្ធសាស្រ្ត​នៃធនាគារ Deutsche Bank លោក Binky Chadha និងអតីត​ប្រធាន​ធនាគារ​សហព័ន្ធ​សហរដ្ឋអាមេរិក​លោក​ Ben S. Bernanke មាន​ការបារម្ភថា​អាច​មាន​អតិរេក​ក្នុង​ការ​សន្សំប្រាក់​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ដែលអាច​ធ្វើ​ឱ្យខូច​បរិយាកាស​វិនិយោគ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​និង​នំា​ឱ្យ​មាន​អត្រា​ការប្រាក់​អវិជ្ជមាន​មាន​ន័យ​ថា​អ្នកចូលនិវត្តន៍​ត្រូវ​តែ​បង់​លុយ​ដើម្បី​រក្សា​ទុក​ប្រាក់​សន្សំ​នៅក្នុង​ធនាគារ។ ជាឧទាហរណ៍​ នៅ​សហរដ្ឋអាមេរិកការ​សន្សំ​ប្រាក់ដ៏ច្រើន​លើសលប់​បានរុញឱ្យ​ទីផ្សារ​ភាគហ៊ុន​ឡើង​ខ្ពស់​ដែល​អ្នកវិភាគ​យល់ថា​នឹងឈានទៅ​ដល់ការ​បំប៉ោង​តម្លៃ។ រីឯនៅ​ប្រទេស​វៀត​ណាម ការសន្សំ​ប្រាក់ដ៏​ច្រើនលើសលប់​នេះបានធ្វើឱ្យ​មាន​ការ​បំប៉ោង​តម្លៃទ្រព្យ​សកម្ម​ជាពិសេស​ក្នុង​វិស័យ​អចលន​ទ្រព្យ។

សេដ្ឋកិច្ច​របស់​ប្រទេសវៀតណាម​មាន​កំណើន​លូតលាស់​រហ័ស​ប៉ុន្តែអ្នកជំនាញ​មិនយល់​ស្រប​លើការ​បកស្រាយ​ពីទ្រព្យសម្បត្តិ​ដែល​វា​បាន​បង្កើតនោះ​ទេ។ ផ្ទុយ​ទៅវិញ​គេ​អាច​និយាយ​បានថា​ដោយ​សារ​តែមិនមាន​ការវិនិយោគ​ដែលផ្តល់​ផលិតភាព​គ្រប់គ្រាន់​ទើបអ្នក​សន្សំប្រាក់ដាក់​ទុន​វិនិយោគ​លើអចលន​ទ្រព្យ​ប្រណីតៗ​ដែល​នាំ​ឱ្យ​តម្លៃឡើងខ្ពស់​។ នេះបើយោង​តាមការស្រាវជ្រាវ​របស់​ក្រុមហ៊ុន Oxford Analytica ។ តែបើតាមការ​យល់ឃើញរបស់​ក្រុមហ៊ុន​ស្រាវជ្រាវទីផ្សារ​Nielsen​របស់​ប្រទេសវៀតណាម​បង្ហាញថានេះ​ជា​សញ្ញាវិជ្ជមាន​ពីអតិថិជន​ដែលពួកគេ​អាច​បែងចែក​ប្រាក់សន្សំ​ទុក​ច្រើនបែប​នេះ។

លោកស្រី​Louise Hawley នាយកគ្រប់គ្រង​ក្រុមហ៊ុន​ស្រាវជ្រាវទីផ្សារ​Nielsen​ប្រចាំ​ប្រទេស​វៀតណាម​លើកឡើង​ថា នេះបង្ហាញ​ថាប្រជាជន​មានជំនឿ​ចិត្តកាន់តែ​ខ្លាំងពី​អនាគត​របស់​ពួកគេ​ទោះបីជាពួកគេ​មាន​ការងារធ្វើល្អ និងមាន​សុវត្ថិភាពក៏ដោយ​ក៏​ពួកគេ​ជៀសវាង​ការចាយវាយ​ដើម្បីបង្ការ​ទុកសម្រាប់​ពេល​ខ្វះខាត។ នេះ​ក៏បង្ហាញឱ្យ​ឃើញពី​សុទិដ្ឋិនិយម​លើអ្វីដែល​នឹង​កើតឡើង​សម្រាប់​ពេល​អនាគត​ផងដែរ។

ទោះជាយ៉ាង​ណាក៏ដោយ​អត្រា​សន្សំខ្ពស់​អាចជា​សញ្ញា​បញ្ជាក់​ពីការព្រួយបារម្ភ​របស់​ប្រជាជន​ដោយ​សារ​តែ​ពួកគេ​នឹង​ត្រូវ​ការប្រាក់​សម្រាប់​ការចូល​និវត្តន៍។

អ្នក​អត្ថាធិប្បាយ​ម្នាក់បាន​សរសេរនៅ​ក្នុងទំព័រ​កាសែត​ក្នុងស្រុក​ឈ្មោះ​សារព័ត៌មាន​Thanh Nien ថា​មូលហេតុ​សំខាន់មួយដែល​ធ្វើឱ្យ​ប្រជាជនវៀតណាម​ត្រូវតែ​សន្សំ​ប្រាក់​គឺ​ព្រោះ​តែ​គ្មាន​បណ្តាញ​សន្តិសុខ​សង្គម។

នេះ​មាន​ន័យថា​ប្រទេសវៀតណាម​ជាផ្នែកមួយ​នៃនិន្នាការ​សាកល​នេះ​បើតាមការ​សិក្សា​របស់​លោក Chadha។ លោក​បាន​កត់សម្គាល់​ឃើញ​ថាអត្រា​សន្សំ​ប្រាក់​នៅ​តែកើន​ឡើង បើទោះ​បីជាអត្រាការ​ប្រាក់​ធ្លាក់ចុះ​ហើយពេល​ខ្លះអាច​ធ្លាក់ដល់​អាត្រាអវិជ្ជមានក្តី​ដូច្នេះ​មាន​ន័យថា​ប្រជាជន​មិន​បាន​សន្សំ​ប្រាក់ដើម្បីយក​ការប្រាក់​នោះ​ទេ។ តែលោក​ Chadha យល់ថា​វា​ជា​សញ្ញា​បង្ហាញ​ថា​ប្រជាជនកំពុង​សន្សំប្រាក់​ដោយសារ​តែ​ពួកគេ​ភ័យខ្លាច​ថា ពួកគេ​នឹង​គ្មាន​ប្រាក់​គ្រប់គ្រាន់​នៅពេល​អនាគត។

បញ្ហា​អត្រា​ការ​ប្រាក់សន្សំមិនមែន​កើតឡើង​តែក្នុង​ប្រទេស​វៀតណាម​តែ​មួយ​នោះ​ទេ។ លោក​ Bernanke ថ្លែងថា​នៅអាស៊ី​ជាពិសេស​ប្រទេសចិនរ​ក​បានចំណូល​យ៉ាង​ច្រើន​ពីការនាំចេញ​ដែលធ្វើឱ្យ​មានប្រាក់សន្សំ​កើន​លើសលប់​ជាសាកល។ ថ្មីៗ​នេះ​ប្រទេស​វៀតណាម​បានក្លាយ​ជាប្រទេស​កំពុងអភិវឌ្ឍ​ដែលមាន​ការនាំចេញ​ខ្ពស់​ហើយ​នាំ​ឱ្យ​មានអតិរេក​គណនី​ចរន្ត។

ការណ៍​នេះ​ក៏​មាន​ផលប៉ះពាល់​ដល់​ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​ដែរ។ ប្រទេស​វៀតណាម​ក៏​ដូចជា​ប្រទេស​ចិន​ដែរ ដែល​ប្រើ​អតិរេក​សាច់ប្រាក់​របស់​ខ្លួន​ដើម្បី​ទិញ​បណ្ណ​បំណុល​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បង្កើត​ឱ្យ​មាន្កង្វល់​ដែល​ថា​សហរដ្ឋអាមេរិក​ជំពាក់​បំណុល​បរទេស​កាន់តែ​ច្រើនឡើង។ តម្រូវការខ្ពស់​លើ​បណ្ណ​បំណុល​របស់​សហរដ្ឋអាមេរិក​ក៏ជាហេតុផល​មួយ​ដែល​សហរដ្ឋអាមេរិក​មិន​ចាំ​បាច់បង់​ការប្រាក់​ច្រើន​លើបណ្ណ​បំណុលរបស់​ខ្លួនដែរ ប៉ុន្តែ​ជួយ​ទម្លាក់​អត្រា​ការប្រាក់​ឲ្យ​ចុះ​ទាប។

ប្រទេស​វៀតណាម​ក៏ប្រើអតិរេក​សាច់ប្រាក់​របស់ខ្លួនដើម្បី​ទិញរូបិយបណ្ណ​បរទេសបំរុង​ទុកយ៉ាង​ច្រើន ជាពិសេស​គឺប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក។ ក្រសួងហិរញ្ញវត្ថុសហរដ្ឋ​អាមេរិច ត្អូញត្អែរនៅ​ក្នុងរបាយ​ការណ៍​ខែនេះ​ថាការ​ធ្វើបែបនេះ​ជួយឱ្យតម្លៃដុល្លារ​សហរដ្ឋអាមេរិក​កើនឡើង ហើយប្រាក់​ដុង​វៀតណាម​ធ្លាក់ចុះ​ដែលធ្វើឱ្យការ​នាំចេញរបស់​ប្រទេសវៀតណាម​កាន់តែ​ថោក​ខណៈ​រដ្ឋបាល​Trump ចង់ឱ្យ​អតិថិជន​អាមេរិកាំងទិញផលិតផល​វៀតណាម​កាន់តែ​តិច។

របាយការណ៍​នោះ​បាន​លើកឡើង​ថា«ប្រទេស​វៀតណាម​គួរកាត់​បន្ថយ​សកម្មភាព​អុកឡុក​របស់​ខ្លួន និង​អនុញាត​ឱ្យ​មានចលនា​អត្រា​ប្តូរប្រាក់​ស្របតាម​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច»។

លោកស្រី​Hawley នាយិកាគ្រប់គ្រង​ក្រុមហ៊ុន​ស្រាវជ្រាវទីផ្សារ​Nielsen​ប្រចាំ​ប្រទេស​វៀតណាម​បន្ថែមថា​វាមាន​មូល​ហេតុ​ចំពោះ​សុទិដ្ឋិនិយម​បែបនេះ។ ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​លោកស្រី​កាល​ពី​ខែ​មុន​បង្ហាញ​ថា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ការ​កម្រិតជឿ​ជាក់​របស់​អតិថិជន​ខ្ពស់​បំផុតមួយ​នៅ​លើពិភពលោក​បន្ទាប់ពី​ឥណ្ឌា​និង​ហ្វីលីពីន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​សន្សំ​ប្រាក់​គឺ​គំនូស​បង្ហាញ​ពី​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដែល​អាច​ទៅ​តាម​ផ្លូវ​ណា​ក៏បាន។

ផ្អែក​លើ​ការស្ទង់មតិ​ប្រជាជន​វៀតណាម​ចំនួន៧៧ភាគរយ​យល់ថា​ពួកគេ​មាន​អារម្មណ៍​សុវត្ថិភាព។ តួលេខ​នេះ​ទាប​ជាង​កម្រិត​ដែល​បាន​បង្ហាញ​ក្នុង​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន​ប៉ុន្តែ​ខ្ពស់​ជាង​កម្រិត​ដែលបាន​ចេញ​ក្នុង​ការ​ស្ទង់មតិ​នៅក្នុង​ត្រីមាស​មុន៕

ប្រែ​សម្រួល​ដោយ ​កោះ​ សុគន្ធី​

XS
SM
MD
LG