ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​គ្រូបង្រៀន​ចាត់ទុក​ការ​ពិន័យ​ប្រាក់​ជា​«ការ​ចាប់​បង្ខំ»​ដើម្បី​បិទ​សំឡេង​ស្ថាប័ន


រូបឯកសារ៖ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ចាត់​ទុក​ការ​ផាក​ពិន័យ​សមាគម ​និង​បដិសេធ​ការ​ស្នើ​សុំ​លើក​លែង​ការ​ផាក​ពិន័យ​ជា ​«ការ​ចាប់​បង្ខំ» ​មួយ ​ក្នុង​គោល​បំណង​បំបិទ​សំឡេង​របស់​ស្ថាប័ន​ដែល​ធ្វើ​ការ​លើក​កម្ពស់​វិស័យ​អប់រំ​ក្នុង​ប្រទេស។​

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ធ្លាប់​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ​រ៉ុង ឈុន ​រង​ការ​ពិន័យ​អន្តរ​ការណ៍​ដែល​និយ័ត​ករ​គណនេយ្យ ​និង​សវន​កម្ម​ បាន​តម្រូវ​ឱ្យ​សមាគម​មួយ​នេះ​បង់​ប្រាក់​ជាង​ ១៨​ លាន​រៀល ​ឬ​ប្រមាណ​ ៤.៥០០ ​ដុល្លារ​អាមេរិក ​ចំពោះ​បទ​ល្មើស​នឹង​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវន​កម្ម​សម្រាប់​«ការិយ​បរិច្ឆេទ» ​គណ​នេយ្យ​២០២១។ ​សមាគម​នេះ​រង​ការ​ព្រមាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ ​បើ​សិន​មិន​បាន​បង់​ប្រាក់​ពិន័យ ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៩០​ថ្ងៃ។​

សមាគម​នេះ​បាន​ចាត់​ទុក​ការ​ដាក់​ពិន័យ​ប្រាក់​ប្រមាណ ​៤.៥០០ ​ដុល្លារ​អាមេរិក​នេះ គឺ​ជា​ការ​ចាប់​បង្ខំ​ក្នុង​បំណង​បំបិទ​សំឡេង​អង្គការ​វិជ្ជាជីវៈ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​ចុះ​ថ្ងៃ​ទី​ ៣០ ​ខែ​តុលា។​

សេចក្តី​ថ្លែង​ការណ៍​នោះរៀប​រាប់​ថា៖ ​«ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​សម្រេច​ដាក់​ពិន័យ​ឱ្យ​សមាគម​បង់​ប្រាក់​ចំនួន​ ១៨​ លាន ​៨​ សែន​រៀល​ មិន​ព្រម​លើក​លែង​គឺ​ជា​ការ​ចាប់​បង្ខំ​សមាគម​ ក្នុង​បំណង​បំបិទ​សំឡេង​អង្គការ​វិជ្ជាជីវៈ​ (គ្រូ​បង្រៀន)។ ​ម៉្យាង​ទៀត ​សមាគម​ជា​អង្គភាព​មិន​ស្វែង​រក​ប្រាក់​ចំណេញ ​ដែល​ធ្វើ​ការងារ​លើក​កម្ពស់​លក្ខ​ខណ្ឌ​ការងារ​គ្រូ​បង្រៀន ​និង​ការ​អប់រំ​តែ​ប៉ុណ្ណោះ​ គួរ​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ លើក​លែង​ឱ្យ​សមាគម»។​

អ្នកស្រី ​អ៊ុក ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បង្ហាញ​ការ​ងឿង​ឆ្ងល់​នៅ​ពេល​ដែល​សមាគម​ទទួល​បាន​លិខិត​បង់​ប្រាក់​ពិន័យ​ជាង​ ១៨ ​លាន​រៀល​នេះ​ ខណៈ​សមាគម​មិន​បាន​រក​ប្រាក់​ចំណូល។​

អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖ ​«ចំពោះ​ខ្ញុំ ​គឺ​ខ្ញុំ​ចម្លែក​ដែរ​ ដោយ​សារ​តែ​សមាគម​អត់​មាន​រក​ប្រាក់​ចំណេញ​ ហើយ​ឱ្យ​ត្រូវ​បង់​ពន្ធ ​ហើយ​ការ​ទាំង​អស់​នេះ​ ខ្ញុំ​អត់​ដឹង​ថា​ គេ​យក​មេ​លេខ​គុណ​បែប​ណា​ដើម្បី​អនុវត្ត»។​

អ្នកស្រី​បន្ថែម​ថា៖​ «ជា​ធម្មតា​ បើ​យើង​បើក​ក្រុម​ហ៊ុន​ដែល​មាន​ប្រាក់​ចំណេញ​ អា​ហ្នឹង​យើង​គួរ​តែ​បង់។ ​ប៉ុន្តែ​សមាគម​អត់​មាន​ប្រាក់​ចំណេញ ​អ៊ីចឹង​យើង​អត់​មាន​លុយ​ឯ​ណា​ទៅ​បង់​ពន្ធ​ទេ»។​

បើ​តាម​អ្នកស្រី ​អ៊ុក ឆាយ៉ាវី ​នេះ​ជា​លើក​ទី ១ ​ដែល​រដ្ឋ​តម្រូវ​ឱ្យ​សមាគម​បង់​ពិន័យ​ បន្ទាប់​ពី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ តាំង​ពី​ឆ្នាំ​ ២០០១​ ឬ​មាន​រយៈ​ពេល​ ២៣ ​ឆ្នាំ ​និង​បច្ចុប្បន្ន​មាន​សមាជិក​ប្រមាណ ​១ ​ម៉ឺន​នាក់។​

អ្នកស្រី​ស្នើ​សុំ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ លើក​លែង​ប្រាក់​ពិន័យ​នេះ ​ដោយ​ហេតុ​ថា​ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​មិន​រក​ប្រាក់​ចំណូល ​ហើយ​បុគ្គលិក​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ស្ម័គ្រ​ចិត្ត ​ហើយ​សមាគម​ធ្វើការ​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា ​និង​ការ​គិតគូរ​ជីវភាព​គ្រូ​បង្រៀន​ឱ្យ​បាន​សមរម្យ។​

បើ​តាម​អ្នក​ស្រី ​អ៊ុក ឆាយ៉ាវី ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​គឺ​មិន​មាន​ថវិកា​ដើម្បី​បង់​ប្រាក់​ពិន័យ​នោះ​ឡើយ។​

អ្នកស្រី​បញ្ជាក់​ថា៖ ​«ចំពោះ​ខ្ញុំ ​ខ្ញុំ​បាន​ដាក់​លិខិត​ទៅ​មុន​លិខិត​ចេញ​ផាក​ពិន័យ​ហ្នឹង​ទៀត។ ​ខ្ញុំ​សូម​ឱ្យ​ក្រសួង​ហិរញ្ញ​វត្ថុ​ធ្វើ​យ៉ាង​ណា​ ដើម្បី​លើក​លែង​ការ​ផាក​ពិន័យ​ ព្រោះ​សមាគម​អត់​មាន​រក​ប្រាក់​ចំណេញ។​ អ៊ីចឹង​អ្វី​ដែល​យើង​ដាក់​លិខិត​ម្តង​ហើយ​ម្តង​ទៀត​គួរ​តែ​ក្រសួង​ពិចារណា ​ព្រោះ​អ្វី​ដែល​យើង​ធ្វើ​ គឺ​យើង​ធ្វើ​ដើម្បី​ជាតិ​យើង ​ដើម្បី​លោក​គ្រូ ​អ្នកគ្រូ ​ដើម្បី​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា»។​

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋ​កិច្ចលោក ​មាស ​សុខសេនសាន ​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​អំពី​ករណី​នេះ។​

បើ​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី ​១៣​ ខែ​កញ្ញា ​ឆ្នាំ ​២០២៤​ ​ដែល​វីអូអេ​ទទួល​បាន ​និយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម ​បញ្ជាក់​មក​សមាគម​គ្រូ​បង្រៀន​ថា​ ​សំណើ​សុំ​លើក​លែង​ត្រូវ​បាន​ច្រាន​ចោល​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ដែល​បាន​សម្រេច​រក្សា​ពិន័យ​១៨​លាន​៨​សែន​ រៀល​ដដែល។​

និយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម​មិន​បាន​បញ្ជាក់​មូល​ហេតុ​ថា​ តើ​ការ​ពិន័យ​អន្តរ​ការណ៍​ចំពោះ​បទ​ល្មើស​នឹង​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវន​កម្ម​សម្រាប់​ការិយ​បរិច្ឆេទ​គណ​នេយ្យ​ ២០២១ ​ដោយ​សារ​មូល​ហេតុ​អ្វី​ឡើយ។ ​និយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម​ក៏​ព្រមាន​ចាត់​វិធាន​ច្បាប់​ផង​ដែរ ​ក្នុង​ករណី​សមាគម​មិន​បង់​ពិន័យ​មុន​រយៈ​ពេល​ ៩០ ​ថ្ងៃ។​

លិខិត​របស់​និយ័ត​ករ​គណនេយ្យ​បញ្ជាក់​ថា៖​ «យោង​អនុក្រឹត្យ​ស្តីពី​ការ​ពិន័យ​អន្តរ​ការណ៍​ចំពោះ​បទ​ល្មើស​នឹង​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម ​បើ​បុគ្គល​ល្មើស​មិន​បង់​ប្រាក់​ពិន័យ​ក្នុង​រយៈ​ពេល​ ៣០ ​ថ្ងៃ ​ប្រាក់​ពិន័យ​នឹង​ត្រូវ​ដំឡើង​ជា​ពីរ​ដង។​ ករណី​ខក​ខាន​លើស​ពី​៦០​ថ្ងៃ ​ប្រាក់​ពិន័យ​នឹង​ត្រូវ​ដំឡើង​ជា​បី​ដង»។​

លិខិត​បន្ថែម​ថា​ ក្នុង​ករណី​ផុត​រយៈ​ពេល ​៩០ ​ថ្ងៃ និយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG