ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ច្រានចោល​ការ​ផ្សាយ​អំពី​ការ​បង្ខាំង​និង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​លើ​ទឹកដី​កម្ពុជា


រូបឯកសារ៖ ប៉ូលិសសម្រួលចរាចរណ៍ដល់​រថយន្តមួយដែលត្រូវបានរាយការណ៍ថាដឹកជនជាតិជប៉ុនដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ ប៉ូលិសសម្រួលចរាចរណ៍ដល់​រថយន្តមួយដែលត្រូវបានរាយការណ៍ថាដឹកជនជាតិជប៉ុនដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ក្រោយ​មាន​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ឈ្មោះ​ KBS News ​អំពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​របស់​ពលរដ្ឋ​កូរ៉េ​ក្នុង​ប្រទេស​កម្ពុជា ​ក្រសួង​មហា​ផ្ទៃ ​និង​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​អន្តរ​ជាតិ​នោះ ​ដោយ​លើក​ឡើង​ថា​ ជា​ការ​ផ្សាយ​«មួល​បង្កាច់​លាប​ពណ៌​មក​លើ​កម្ពុជា»។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​ទាំង​ពីរ​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន។

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា​ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បណ្តាញ​ព័ត៌មាន​ពី​ក្រៅ​ប្រទេស​មួយ​ចំនួន​បាន​ផ្សព្វ​ផ្សាយ​មួល​បង្កាច់​លាប​ពណ៌​មក​លើ​កម្ពុជា​ថា ​«បណ្ដែត​បណ្ដោយ​ឱ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស ​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ ការ​ធ្វើ​ទារុណ​កម្ម​លើ​ពលករ​បរទេស ​និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ Call Center​ ខុស​ច្បាប់​ជាដើម»។​

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា៖ ​«ការ​ផ្សព្វ​ផ្សាយ​នេះ​ផ្ទុយ​ស្រឡះ​ពី​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​ដោយ​យក​រូបភាព​ពី​នេះ ​ពី​នោះ ​គ្មាន​ប្រភព​ច្បាស់​ការ​ ឬ​យក​ពី​ក្រុម​អ្នក​បង្កើត​មាតិកា​រក​លុយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (MMO)​ និង​យក​រូបភាព​ចាស់ៗ ​ដែល​សមត្ថ​កិច្ច​កម្ពុជា​ធ្លាប់​ចុះ​បង្ក្រាប​កន្លង​ទៅ ​មក​ផ្គុំ​បញ្ចូល​គ្នា​រួច​អត្ថាធិប្បាយ​បំផ្លើស​ពី​ការណ៍​ពិត​ហាក់​បី​ដូចជា​ គម្រោង​ផែន​ការ​ទុច្ចរិត ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ភាព​ស្អាត​ស្អំ​របស់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ»។​

ក្រសួង​មហាផ្ទៃ​បន្ថែម​ថា​ ក្រសួង​មាន​ឆន្ទៈ​មុតមាំ​ក្នុង​ការ​សហការ​បង្ការ​ទប់ស្កាត់ ​និង​បង្ក្រាប​រាល់​អំពើ​ខុស​ច្បាប់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង ​Call Center ​ដែល​ជា​បទ​ល្មើស​សកល។​

ចំណែក​ក្រសួង​ទេស​ចរណ៍​កម្ពុជា​វិញ​ក៏​បាន​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ត្បូង ​ពាក់​ព័ន្ធ​នឹង​សេចក្តី​រាយ​ការណ៍​ជា​វីដេអូ​ថា​ ពលរដ្ឋ​កូរ៉េ​ត្រូវ​បាន​បង្ខាំង​ធ្វើ​ការ​ខុស​ច្បាប់ ​និង​ត្រូវ​បាន​ចាប់​ជំរិត​នៅ​កម្ពុជា។​

ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា​ ការ​ចុះ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ «ជា​ព័ត៌មាន​មិន​ពិត ​និង​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ពី​សាធារណ​មតិ​ជាតិ​ និង​អន្តរ​ជាតិ​មក​លើ​កម្ពុជា»។ ​ក្រសួង​ទេសចរណ៍​ស្នើ​ឱ្យ​បណ្តាញ​សារ​ព័ត៌មាន​ពាក់​ព័ន្ធ​ត្រូវ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​ត្រូវ​កែ​តម្រូវ ​និង​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ»។​

យោង​តាម​សារ​ព័ត៌មាន​ KBS News ​របស់​កូរ៉េ​ខាង​ត្បូង​ អ្នក​សារ​ព័ត៌មាន​របស់​ស្ថាប័ន​នោះ​បាន​ចុះ​មក​កម្ពុជា​ ហើយ​ថត​វីដេអូ​នៃ​ការ​ចាប់​ជំរិត​ទៅ​លើ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង ​ក្រោយ​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​សារ​ព័ត៌​មាន ​KBS News ​និង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​នៅ​កម្ពុជា​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​

ក្រោយ​មាន​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ សមត្ថ​កិច្ច​កម្ពុជា​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​មួយ​កន្លែង ​ស្ថិត​ក្នុង​ស្រុក​គង​ពិសី ​ខេត្ត​កំពង់ស្ពឺ ​ដោយ​រក​ឃើញ​ជន​បរទេស​ជាង ​១​ពាន់​នាក់ ​ក្នុង​នោះ​មាន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ ​ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ជា​សាធារណៈ​អំពី​ព័ត៌មាន​លម្អិត​នៃ​ការ​ចុះ​ពិនិត្យ​ ហើយ​រក​ឃើញ​អ្វី​ឱ្យ​ពិត​ប្រាកដ​នៅ​ទីតាំង​នោះ​នៅ​ឡើយ​ទេ។​

ជា​បន្ត​បន្ទាប់ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រាយ​ការណ៍​ថា​ ក្លាយ​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​(Scam) ​ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​

កាល​ពី​ដើម​ខែ​តុលា​ កម្ពុជា​បាន​បណ្តេញ​ជនជាតិ​ជប៉ុន​ ១២ ​នាក់​ចេញ​ពី​កម្ពុជា​ ហើយ​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន ​ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន​ ដោយ​សង្ស័យ​ថា​ បោក​លុយ​ពី​ជនជាតិ​ជប៉ុន​ប្រមាណ​ ១៣.០០០​ដុល្លារ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ផ្លូវ​ការ​របស់​ជប៉ុន​កាល​ពី​កន្លង​ទៅ។​

ចំណែក​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ X ​ឬ​ស្គាល់​ថា​ Twitter ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​តុលា​ថា​ ជនជាតិ​ឥណ្ឌា​ ៧ ​នាក់ ​ដែល​ជាជន​រង​គ្រោះ​គេច​ចេញ​ពី​ទីតាំង​មួយ​កន្លែង​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ឥណ្ឌា​វិញ ដោយ​សុវត្ថិ​ភាព។​

លោក​ អំ សំអាត​ នាយក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ ​ថ្លែង​ថា​ នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ​ដែល​អាជ្ញាធរ​កម្ពុជា​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​អន្តរ​ជាតិ​អំពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ​លោក​ជំរុញ​ឱ្យ​កម្ពុជា​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ​និង​មាន​របាយ​ការណ៍​ឆ្លើយ​តប។​

លោក​ប្រាប់​វីអូអេ​ថា៖​ «បាទ​ ខ្ញុំ​យល់​ឃើញ​ថា​ ទីមួយ ​កម្ពុជា​ត្រូវ​តែ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព អ៊ីចឹង​បើ​សិន​ជា​ទទួល​បាន​ព័ត៌មាន​ ឬ​បាន​ដឹង​ឮ​អំពី​ព័ត៌មាន​អំពី​បញ្ហា​ហ្នឹង​កើត​ឡើង​នៅ​កន្លែង​ណា​មួយ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត ​ហើយ​នឹង​ការ​ស្រាវ​ជ្រាវ ​ហើយ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់»។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCHR) ​ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​ ២០២៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មនុស្ស​ប្រមាណ​ជា​ ១០ ​ម៉ឺន​នាក់​ដែល​ជា​ជន​បរទេស​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​៥​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​កម្ពុជា ​ថៃ ​ឡាវ​ មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG