ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដាក់​បម្រាម​លោក ម៉ិច ដារ៉ា មិន​ឱ្យចេញ​ក្រៅ​ប្រទេស


អ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា លើកដៃសំពះ ខណៈលោកកំពុងធ្វើដំណើរក្នុងរថយន្តក្រោយពីត្រូវបានដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ពីពន្ធនាគារខេត្តកណ្តាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
អ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា លើកដៃសំពះ ខណៈលោកកំពុងធ្វើដំណើរក្នុងរថយន្តក្រោយពីត្រូវបានដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ពីពន្ធនាគារខេត្តកណ្តាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ដាក់​បម្រាម​លើ​អ្នក​កាសែត​ឯករាជ្យ​លោក​ ម៉ិច​ ដារ៉ា​ មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។ ​បន្ថែម​លើ​នោះ លោក​ ដារ៉ា​ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​មួយ​ខែ​ម្តង​ តាម​ការ​កំណត់។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី។​

លោក​ ម៉ិច ដារ៉ា ​ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​កាសែត​ដែល​ហ៊ាន​រាយ​ការណ៍​ពី​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ទី​ ៣០ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ ​ពី​បទ​ញុះញង់​ ទាក់ទង​ការ​បង្ហោះ​ព័ត៌មាន ​និង​សារ​លើ​បណ្តាញ​សង្គម ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ ដារ៉ា ​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ខេត្ត​កណ្តាលដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ​ បន្ទាប់​ពី​លោក​បាន​ចំណាយ​ពេល​នៅ​ទីនោះ​អស់​រយៈ​ពេល​ជិត​មួយ​ខែ។​ ប៉ុន្តែ​សេរី​ភាព​របស់​លោក​ត្រូវ​បាន​កំហិត​ ហើយ​លោក​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ទូរស័ព្ទ​នោះ​ដែរ។​

មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ ម៉ិច​ ដារ៉ា ​គឺ​លោក​ ឌុច ពិសិដ្ឋ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ បើ​តាម​ការ​បញ្ជាក់​ពី​កូន​ក្តី​របស់​លោក​ តុលាការ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​លើ​កូនក្តី។​

លោក​ថ្លែង​ថា៖​ «ពាក់​ព័ន្ធ​នឹង​លក្ខខណ្ឌ​ដែល​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ខាង​ខ្ញុំ​អត់​ទាន់​បាន​ដីកា​ពី​ចៅក្រម។​ ​អ៊ីចឹង​ព្រឹក​នេះ​ ខ្ញុំ​ទៅ​តុលាការ។​ ខ្ញុំ​នឹង​សុំ​ថត​ចម្លង​មួយ​ច្បាប់​ដើម្បី​មើល​ថា​ តើ​មាន​លក្ខខណ្ឌ​អី​ខ្លះ?​ ខ្ញុំ​អត់​ច្បាស់​ដែរ។​ តែ​អ្វី​ដែល​លោក​ ដារ៉ា​ គាត់​ចាំ​នោះ​មាន​ពីរ​ចំណុច​ដែល​គាត់​នៅ​ចាំ។ ​គាត់​ថា​ មាន​ហាម​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ហើយ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​មួយខែ​ម្តង»។​

មេធាវី​រូប​នេះ​បន្ថែម​ថា​ លោក​នឹង​ពិភាក្សា​ជា​មួយ​កូន​ក្តី​របស់​លោក​បន្ត​ទៀត​ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​កូន​ក្តី​ទៅ​តាម​ផ្លូវ​ច្បាប់​ ដែល​លោក​យល់​ថា ​អាច​នឹង​មាន​ផល​វិជ្ជមាន​ច្រើន​ក្នុង​ការ​ស្នើ​សុំ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «យើង​មើល​ទៅ​ប្រហែល​ជា​អាច​មាន​ការ​សង្ឃឹម​ខ្លះ​ដែរ​ ដោយ​សារ​គាត់​ក៏​បាន​សុំ​ទោស​នូវ​អ្វី​ដែល​គាត់​បាន​បង្ហោះ​នូវ​ការ​ខុស​ឆ្គង​ ហើយ​ក៏​មាន​ការ​យោគ​យល់​ពី​ថ្នាក់​ដឹក​នាំ​ដែរ។​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ វា​អាច​ជា​សញ្ញា​វិជ្ជមាន​មួយ។ ​វា​អាច​ជួយ​តស៊ូ​មតិ​ផ្នែក​ច្បាប់​ដើម្បី​ជួយ​ទម្លាក់​បទ​ចោទ​ដល់​គាត់»។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​អ៊ី រិន្ទ​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ។​

លោក ​ម៉ិច ដារ៉ា ​ត្រូវ​បាន​កម្លាំង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ក្រោយ​លោក​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​បាភ្នំ ​ខេត្ត​ព្រៃវែង ​ចោទ​ប្រកាន់​ថា​ បាន​បង្ហោះ​រូបភាព​មិនពិត​ចំនួន​ពីរសន្លឹក​លើ​បណ្តាញ​សង្គម​ ដែល​បង្ហាញ​ពី​ការ​បំផ្លិច​បំផ្លាញ​ភ្នំឈើ​កាច់​ក្នុង​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​

នាយក​ប្រតិបត្តិ​សមាគម​ខេមបូចា​ លោក ​ណុប វី​ យល់​ឃើញ​ថា ​ការ​ដាក់​បម្រាម​របស់​តុលាការ​លើ​លោក​ ម៉ិច ដារ៉ា​ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​នីតិ​វិធី​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ។​ ទោះ​យ៉ាង​ណា​ លោក​នៅ​តែ​អំពាវនាវ​ស្នើ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​លោក​ ម៉ិច ដារ៉ា​ ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក​បាន​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​កាសែត​ពេញលេញ​ឡើង​វិញ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ចំពោះ​ការ​ដាក់​បម្រាម​របស់​តុលាការ​ថា​ ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​ទេ​នៅ​ក្នុង​ករណី​នេះ។​ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​អំពាវនាវ​ជា​ការ​ស្នើ​សុំ​ឱ្យ​មាន​ការ​ពិចារណា​ និង​ពិនិត្យ​របស់​តុលាការ​ គឺ​ខ្ញុំ​ចង់​ឃើញ​ថា​ តុលាការ​លោក​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ​ម៉ិច​ ដារ៉ា​ ទាំង​អស់​ឱ្យ​លោក​មាន​សេរីភាព​ និង​អាច​បំពេញ​កិច្ច​ការងារ​វិជ្ជាជីវៈ​ទៅ​តាម​អ្វី​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ ដើម្បី​ឱ្យ​សមស្រប​ជា​មួយ​នឹង​ឆន្ទៈ ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​លោក​ ម៉ិច ដារ៉ា»។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះ​លែង​អ្នក​កាសែត​ឯករាជ្យ​លោក​ ម៉ិច ដារ៉ា​ ឱ្យ​បាន​ស្ថិត​ក្រៅ​ឃុំ​ បន្ទាប់​ពី​លោក​បាន​សរសេរ​លិខិត​ និង​ចេញ​វីដេអូ​ថ្លែង​ទទួល​ស្គាល់​កំហុស ​និង​សុំ​អភ័យ​ទោស​ពី​ប្រធាន​ព្រឹទ្ធ​សភា​លោក ​ហ៊ុន​ សែន ​និង​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន ម៉ាណែត។​

វីអូអេ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​គ្រួសារ​របស់​លោក​ ដារ៉ា​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ​ទេ​ តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ថ្ងៃ​សុក្រ។​

យ៉ាង​ណា​ក៏ដោយ​ អ្នក​តាមដាន​មួយ​ចំនួន​បាន​សាទរ​នឹង​សេរីភាព​របស់​លោក​ ដារ៉ា ​ហើយ​បន្ត​ស្នើ​ឱ្យ​តុលាការ​ពិចារណា​ទម្លាក់​បទ​ចោទ​លើ​អ្នក​កាសែត​រូប​នោះ។​ ដំណឹង​នៃ​ការ​ដោះ​លែង​លោក​ ដារ៉ា​ ពី​ពន្ធនាគារ​ក៏​ទទួល​បាន​ការ​ទទួល​ស្វាគមន៍​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ។​

នាយិកា​ទីភ្នាក់ងារ​ USAID ​អ្នកស្រី ​Samantha Power​ បាន​អត្ថាធិប្បាយ​ក្នុង​បណ្តាញ​សង្គម​ X ​ដែល​ពី​មុន​គឺ​ជា​ Twitter​ តាម​ន័យ​ដើម​ថា៖ ​«ថ្ងៃ​នេះ ​យើង​អបអរ​ចំពោះ​ព័ត៌មាន​នៃ​ការ​ត្រឡប់​មក​ផ្ទះ​វិញ​របស់​លោក ​ម៉ិច ដារ៉ា ​ដើម្បី​ត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ។​ យើង​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ និង​យុត្តិធម៌​ចំពោះ​ការ​លំបាក​ ដែល​គាត់​បាន​ឆ្លង​កាត់»។​

នៅ​ពេល​បិទ​បញ្ចប់​ទស្សន​កិច្ច​នៅ​កម្ពុជា​ កាល​ពីថ្ងៃ​ពុធ​ អ្នកស្រី ​Power​ បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​ ទីភ្នាក់ងារ ​USAID ​បាន​តាម​ដាន​ករណី​របស់​លោក ​ម៉ិច ដារ៉ា​ យ៉ាង​ដិត​ដល់​ ហើយ​ក៏​បាន​ជួប​ជាមួយ​គ្រួសារ​របស់​អ្នក​កាសែត​រូប​នោះ​ផង​ដែរ។​

អ្នក​ស្រី​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត​ អំពី​ករណី​លោក ​ម៉ិច​ ដារ៉ា​ និង​ករណី​ផ្សេងៗ​ទៀតដែល​គួរ​ឱ្យ​បារម្ភ​ ហើយ​បាន​សង្កត់​ធ្ងន់​អំពី​ការ​គាំទ្រ​របស់ ​USAID ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជា​វិជ្ជមាន​មួយ​ចំពោះ​ករណី​ទាំង​អស់​នោះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG