ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ការពារ​បរិស្ថាន​បញ្ចេញ​ឈ្មោះ​មហាសេដ្ឋី​ខ្មែរ​ម្នាក់​ជា​អ្នក​បំផ្លាញ​ព្រៃឈើ

  • សុខ ខេមរា

ឈើហ៊ុប​ត្រូវ​បាន​គេ​ឃើញ​ដឹក​ចេញ​ពី​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​កាលពី​ខែកក្កដា ឆ្នាំ២០០២។ រូប​នេះ ត្រូវ​បាន​ថត​នៅ​ខេត្ត​ព្រះវិហារ ដែល​ស្ថិត​ចម្ងាយ​ប្រមាណជា​ ២៤៥ គីឡូម៉ែត្រ ខាងជើង​រាជធានី​ភ្នំពេញ។

របាយ​ការណ៍​របស់​អង្គការ​ការពារ​បរិស្ថានពិភព​លោក​មួយ​ឈ្មោះ​Global Witness ​បាន​ចង្អុល​បង្ហាញ​ចំៗ​ថា ឧកញ៉ា​ទ្រី ភាព ​ដែល​ជា​អ្នក​ជំនួញ​ខ្មែរ​ល្បី​ល្បាញ​ម្នាក់ ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ​ហើយនាំ​ឈើ​ប្រណិតៗ​ទាំង​នោះ​ចេញ​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ចិន។​

របាយ​ការណ៍នោះ​បាន​និយាយ​ថា​ ឈើ​ប្រភេទ​ល្អៗ​ជាច្រើន​ រួមទាំង​ក្រញ៉ូង ​ត្រូវ​គេ​នាំ​ចេញ​តាម​កប៉ាល់​ទៅ​កាន់​ប្រទេស​ចិន​ចំនួន​៩០០​ម៉ែត្រ​ត្រីគុណ​ជារៀង​រាល់ថ្ងៃ ​ដែល​ឈើ​ទាំង​នោះ​ត្រូវ​កាប់​ចេញ​ពី​តំបន់​ការពារ​ និង​ឧទ្យាន​ជាតិ​កម្ពុជា​ ដែល​ល្មើស​ច្បាប់​ដ៏​តឹងរ៉ឹង ​ដែល​ការពារ​ប្រភេទ​ឈើ​ប្រណិតៗ។​ ច្បាប់នេះមាន​សុពលភាព​ចាប់ពីឆ្នាំ​២០០២​មកម៉្លេះ។​

របាយ​ការណ៍​របស់ ​Global Witness​ បាន​បញ្ជាក់​ថា​ មហា​សេដ្ឋី ឧកញ៉ា​ទ្រី ភាព ​ដែលគេ​ស្គាល់​ថា ​ជា​មហា​សេដ្ឋី​លេចធ្លោ​ និង​ធ្លាប់​ជា​ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​នោះ​គឺជា​អ្នក​ដឹកនាំ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុសច្បាប់​ និងឈើ​នាំចេញ​ដោយ​មាន​ការ​ជួយ​ពី​មន្ត្រី​គយ​ មន្ត្រី​បរិស្ថាន​ ​និង​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល​ផង​ដែរ។​ លោកស្រី​ មីហ្គេន​ មែកខីនណេស​ (Megan MacInnes)​ នៃ​អង្គការ ​Global Witness ​បាន​ថ្លែង​ថា៖​

«ទ្រី ​ភាព​និង​បណ្តាញ​របស់​គាត់​កំពុង​បំផ្លាញ​ព្រៃឈើ​សេស​សល់​ចុង​ក្រោយ​របស់​ប្រទេស​កម្ពុជា​ ហើយ​ប្លន់​សហគមន៍​ជនជាតិ​ភាគតិច​នូវ​ជីវភាព​របស់​ពួក​គេ។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ ​ក្រុម​មន្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ភារ​កិច្ច​បញ្ឈប់​ការ​បំផ្លិច​បំផ្លាញ​ទាំង​នេះ បែរ​ជា​កំពុង​រួម​គំនិត​ធានា​ឲ្យ​ការ​រត់​ពន្ធ​ឈើឆ្លង​កាត់​ចេញ​ផុត​ដោយ​សុវត្ថិភាព ​ហើយ​ត្រូវ​នាំ​ចេញ​ហាក់​ដូចជា​ឈើ​ស្រប​ច្បាប់​»។​

លោកស្រី​បាន​អះអាង​បន្ថែម​ថា ​អ្នក​ទិញ​គ្រែ​បួន​ជ្រុង​ និង​តុ​ដែល​ប្រើប្រាស់​ឈើ​អស់​ដ៏​ច្រើន​ ហើយ​ដែល​មាន​តម្លៃ​ដ៏ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ ប្រហែល​ជា​អាច​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ដោយ​មិន​ដឹង​ខ្លួន​ ដោយ​គ្រាន់​តែ​ចង់​បាន​ឈ្មោះ​ថា ​ជា​បង​ធំ​ខាង​គ្រឿងឈើ។​

យោងតាម​ឯកសារ​នាំឈើ​ចេញ​តាម​ច្រក​កំពុង​ផែ​ខេត្ត​ព្រះសីហនុ​ ​ដោយ​ក្រុមហ៊ុន​ ទ្រី ភាព​នោះ​ អង្គការ ​Global Witness ​បាន​បង្ហាញ​ថា ​ឈើ​នាំ​ចេញ​នោះ​មាន​តម្លៃ​រហូត​ដល់​ទៅ​៥​លាន​៦​សែន​ដុល្លារ​ស.រ.អា.​ ​ហើយនាំចេញ​ទៅ​ហុងកុង។​ អង្គការ ​Global Witness​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​ បាន​និយាយ​ថា​ ក្រុមហ៊ុន​របស់​ឧកញ៉ា​ទ្រី ភាព​ទទួល​បាន​កម្ម​សិទ្ធិ​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដើម្បី​អភិវឌ្ឍ​ និង​ទិញ​ឈើ​ដែល​រឹបអូស​ដោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ដើម្បី​លក់​បន្ត​និង​នាំ​ចេញ​ យក​ចំណេញ។​

«ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ចុង​ក្រោយ​របស់​ប្រទេស​កម្ពុជា​ដោយក្រុម​ហ៊ុន​ទ្រី ភាព​នេះ​គឺ​ដូចគ្នា​ទៅ​នឹង​ការ​ឆក់​ប្លន់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់។ ​ក្រុម​ហ៊ុន​នេះ​បាន​រំលោភ​ច្បាប់​ដែល​មាន​គោល​បំណង​ការពារ​ពលរដ្ឋ​កម្ពុជា​ និង​តំបន់​ប្រព័ន្ធ​អេកូឡូស៊ី​ ដែលជាការ​ពឹង​អាស្រ័យ​របស់​ពលរដ្ឋ។ ​ការរំលោភ​នេះ​ធ្វើ​ឡើង​ហើយ​ម្តងទៀត ​ដោយ​ឥត​អៀនខ្មាស់។​ បញ្ហានេះ​ជា​ឧទាហរណ៍​មួយ​ទៀត​មកពីកម្ពុជា​ដែល​បង្ហាញ​អំពី​អំណាចនយោបាយ​ និង​ផល​ប្រយោជន៍​អាជីវកម្ម​ ធ្វើ​ឲ្យ​សិទ្ធិ​ពលរដ្ឋ ​ចុះ​ខ្សោយ​ ហើយ​នឹងការ​ច្បាម​កាន់​កាប់​លក់​ដុំ​នូវធនធាន​ធម្មជាតិ​ជាច្រើន​របស់​ប្រទេស ​ដោយ​ក្រុម​ឥស្សរជន​កាន់​អំណាច​ដ៏ពុក​រលួយ​របស់​ប្រទេស​នោះ»។

វីអូអេ​ ​បានព្យាយាម​ទាក់​ទងក្រុមហ៊ុន​លោក​ឧកញ៉ា​ទ្រី​ ភាព ​និង​លោក​ឧកញ៉ា​ទ្រីភាព​តាម​ទូរស័ព្ទដើម្បី​សុំការ​ឆ្លើយ​តប​ តែ​មិនអាច​ទាក់ទងបាន​ទេ។​ ​អ្នកនាំ​ពាក្យក្រសួង​បរិស្ថានគឺលោកសៅ សុភាព​បាន​អះអាង​ថា​ លោក​កំពុង​ជាប់​ប្រជុំ​នៅក្រៅ​ក្រសួង​ ពេលសុំ​អត្ថាធិប្បាយ​អំពី​របាយ​ការណ៍ ​Global Witness។​ តែ​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល ​បាន​អះអាង​ថា​ ឈើ​នាំ​ចេញ​ទាំងនោះ​មាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​ ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ប្រើប្រាស់​តុលាការដើម្បី​តតាំង​បាន។​ លោក​បាន​ចាត់​ទុក​ថា ​ការ​លើក​ឡើង​ក្នុង​របាយ​ការណ៍​របស់​អង្គការ ​Gloabl Witness ​ជា​ការ​លើក​ឡើង​ខុសនិង​ជា​ការវាយ​ប្រហារ​មកលើ​រាជ​រដ្ឋាភិបាល។​

«ដូច្នេះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រាន់តែ​បាន​លើក​ឡើង​មិន​ទាន់​ចំ​ទិស​ដៅ​នូវ​អ្វី​ដែល​យើង​ចង់​បាន​ទេ ​ព្រោះ​ឈើ​ដែល​នាំ​ចេញ​ទៅ​ជា​ឈើ​ដែល​រដ្ឋាភិបាល​ចេញ​អាជ្ញាបណ្ណ​ឲ្យ​ ដែលគេ​មាន​ការ​ប្រតិបត្តិ​បាន​ត្រឹមត្រូវ ​ទាំង​ការ​បង់​ពន្ធការ​នាំ​ចេញ ​និង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ​ឯង។​ ដូច្នេះ​ការ​លើក​ឡើង​នេះ​គ្រាន់តែ​ជា​ជ្រុង​មួយ​ដែល​គ្រាន់​តែ​ថា ​អូ! ​នាំ​ចេញ​ច្រើន។​ តែ​អ្វី​ដែល​ការ​នាំ​ចេញ​ហ្នឹង​គឺ​ឆ្លើយ​ តប​ជាមួយ​នឹង​គោល​ការណ៍​ច្បាប់​ព្រៃ​ឈើ​ក៏​ដូច​ជា​ការងារ​ពន្ធដារ​។យើង​ឃើញ​ថា ​គេ​ធ្វើ​ត្រឹម​ត្រូវ​របស់​គេ»។​

ក៏​ប៉ុន្តែ​លោកស្រីមីហ្គេន មែកខីនណេស ​(Megan MacInnes)​ នៃ​អង្គការ​ Global Witness ​បាន​ជំរុញឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជាចាត់​វិធាន​ការ​ជា​បន្ទាន់​ដើម្បី​បញ្ជៀស​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្រាស់ៗ​ និង​តាម​តំបន់​ព្រៃ​ឈើ​ដែល​អ្នក​ស្រុក​ពឹង​អាស្រ័យ​នោះ។ ​

«រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះស្រាយ​ជា​បន្ទាន់​និង​ការពារ​ឲ្យ​ប្រសើរ​ មិន​ឲ្យ​មាន​ការ​កាប់កាប់​ឈើ​ខុស​ច្បាប់​ ហើយ​គួរការពារ​ឈើ​ដែល​ជិត​ផុត​ពូជ​ និង​សិទ្ធិ​សហគមន៍​ដែល​ពឹង​អាស្រ័យ​លើ​ព្រៃ​ឈើ។​ ​រាជ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​លើ​ភស្តុតាង​ ដែល​ឧកញ៉ា​ ទ្រី ភាព​ និង​អ្នក​នៅក្រោម​បង្គាប់​របស់​គាត់​ពាក់​ព័ន្ធសកម្ម​ភាព​កាប់​ឈើ​ខុសច្បាប់​យ៉ាង​ច្រើន។​ ក្រុម​អាជ្ញាធរ​ហុងកុង​និង​ប្រទេស​ចិន​ដី​គោក​ត្រូវ​ផ្អាក​ការ​នាំ​ចូល​ឈើ​ប្រណិតដែលចិន​ហៅ​ Hongmu​ ដ៏​កម្រ​ទាំង​អស់​ពី​ប្រទេស​កម្ពុជា​ ហើយ​ផ្តួចផ្តើម​ធ្វើច្បាប់​ ដែល​អាច​ហាម​ប្រាម​ការ​នាំ​ចូល ​ការ​ធ្វើ​ជំនួញ​ និង​ការ​កែច្នៃឈើ​ប្រណិត​ ដែល​ប្រមូល​បាន​ដោយ​ខុស​ច្បាប់​ ហើយ​នឹង​ផលិត​ផល​ដែល​មាន​ប្រភព​ចេញពី​ឈើ​ប្រភេទ​នេះ»។​

របាយ​ការណ៍​របស់​អង្គការ​ Global Witness ​បាន​បង្ហាញ​ថា​ ​ឈើ​៨៥​ភាគ​រយ​ជា​ឈើ​ប្រណិត​ដែល​ចិន​ហៅ​ Hongmu​ នោះ​ ​ត្រូវ​គេ​នាំ​ទៅ​លក់​ក្នុង​ប្រទេស​ចិន​ ហើយ​ចំនួន​នេះ​បង្ហាញកំណើន​១៥០​ភាគ​រយ​នៃ​ការ​នាំ​ឈើ Hongmu ​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៤។ របាយ​ការណ៍​ ដដែល​ក៏​បាន​បង្ហាញ​រូបភាព​ដឹក​ជញ្ជូន​ឈើ​តាម​កុងតឺនឺ ការ​ដឹកឈើ​ក្នុង​ស្រុក ការ​ដឹក​ឈើ​តាម​កប៉ាល់​ទឹក​ទៅ​កាន់​ប្រទេស​ចិន​ ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​ដីវាល​ដែល​ត្រូវ​ឈូស​ឆាយ​បំផ្លាញ​ព្រៃឈើ ​ហើយ​នឹង​រូបថត​លោក​ឧកញ៉ា​ទ្រី ភាព​ និង​រូបថត​របស់​លោក​ឈុត វុទ្ធី ​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ដ៏​ឆ្នើម​ដែលត្រូវ​គេ​បាញ់​សម្លាប់កាល​ពីឆ្នាំ​២០១២​ជាដើម៕

XS
SM
MD
LG