ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្ឃ​នាយក​រ៉ូម៉ាំង​កាតូលិក​ថ្មី​របស់​ហុងកុង​អំពាវនាវ​ឲ្យ​សហគមន៍​កាតូលិក​មាន​សាមគ្គីភាព


រូបឯកសារ៖ ព្រះអង្គ Stephen Chow ដែល​ត្រៀម​ចូល​កាន់​តំណែង​ជា​សង្ឃនាយក​គ្រិស្ដ​សាសនា​រ៉ូម៉ាំង​កាតូលិក​នៅ​ទីក្រុង​ហុងកុង ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ ព្រះអង្គ Stephen Chow ដែល​ត្រៀម​ចូល​កាន់​តំណែង​ជា​សង្ឃនាយក​គ្រិស្ដ​សាសនា​រ៉ូម៉ាំង​កាតូលិក​នៅ​ទីក្រុង​ហុងកុង ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ព្រះអង្គ Stephen Chow ដែល​ត្រៀម​ចូល​កាន់​តំណែង​ជា​សង្ឃនាយក​គ្រិស្ដ​សាសនា​រ៉ូម៉ាំង​កាតូលិក​នៅ​ទីក្រុង​ហុងកុង បាន​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់​កាលពី​ថ្ងៃ​ទី ១៨ ខែ​ឧសភា​កន្លង​ទៅ​នេះ ដើម្បី​បង្រួបបង្រួម​សហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក ដែល​មាន​ការ​បែកបាក់​គ្នា​ដោយសារ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ព្រះអង្គ Chow ក៏​បាន​ប្តេជ្ញា​ផងដែរ​ក្នុង​ការ​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៃ​ការ​បង្រ្កាប​ឆ្នាំ ១៩៨៩ របស់​រដ្ឋាភិបាល​ចិន​លើ​បាតុករ​គាំទ្រ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​ទីលាន Tiananmen ក្នុង​ទីក្រុង​ប៉េកាំង។

នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើក​ដំបូង​របស់​ព្រះអង្គ ចាប់​តាំងពី​ពេល​ដែល​ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​សង្ឃនាយក​កាលពី​ពេល​ថ្មីៗ​នេះ​មក ព្រះអង្គ Chow បាន​ជំរុញ​អ្នក​កាន់​សាសនា​គ្រិស្ដ​និកាយ​កាតូលិក​ឲ្យ​គោរព​ទស្សនៈ​ផ្សេងៗ​គ្នា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ភាព​ប្រេះស្រាំ​ក្នុង​សហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក ចាប់​តាំងពី​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កើតឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ ២០១៩ មក។

ព្រះអង្គ​បាន​ថ្លែង​ថា ព្រះអង្គ​មិន​ទាន់​មាន​ផែនការ​លម្អិត​នោះ​ទេ​នៅ​ក្នុង​ការ​បង្រួបបង្រួម​សហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក ប៉ុន្តែ​ព្រះអង្គ​មាន​ជំនឿ​ថា ព្រះជាម្ចាស់​ចង់​ឲ្យ​ពួកគេ​ទាំងអស់​គ្នា​រួម​គ្នា​ជា​ធ្លុង​មួយ។

ព្រះអង្គ Chow បាន​បួងសួង​ដល់​មនុស្ស​រាប់​រយ ឬ​ក៏​អាច​រាប់​ពាន់​នាក់ ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen។

ព្រះអង្គ​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​បួងសួង​ដល់​ជន​រងគ្រោះ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ ១៩៨៩»។

ប៉ុន្តែ ព្រះអង្គ​បាន​បន្ថែម​ថា តម្រូវការ​ផ្លូវ​ច្បាប់​នៅ​ក្នុង​ឆ្នាំ​នេះ​នឹង​កំណត់​ថា​តើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ទាំង​នោះ​ជា​សាធារណៈ​អាច​ធ្វើ​ទៅ​បាន​ឬ​ក៏​អត់។

កន្លង​មក ព្រះអង្គ Chow ធ្លាប់​បាន​ចូលរួម​ក្នុង​ពិធី​ជា​សាធារណៈ​នានា​ដើម្បី​រំឮក​ខួប​នៃ​ការ​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen ដែល​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​ទី ៤ ខែ​មិថុនា។

ព្រះអង្គ Chow ព្រះជន្ម ៦២ ឆ្នាំ ត្រូវ​បាន​សម្តេច​ប៉ាប Francis តែងតាំង​ជា​សង្ឃ​នាយក​ដើម្បី​ឲ្យ​ដឹកនាំ​សហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ដ​និកាយ​កាតូលិក​នៅ​ទីក្រុង​ហុងកុង ដើម្បី​ជំនួស​តំណែង​សង្ឃនាយក​របស់​ព្រះអង្គ Michael Yeung ដែល​បាន​សុគត​កាលពី​ឆ្នាំ ២០១៩។

ព្រះអង្គ Chow ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​ហុងកុង បាន​ទទួល​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ប្រទេស​អៀរឡង់ និង​ជា​អ្នក​គ្រប់គ្រង​មហាវិទ្យាល័យ Wah Yan ក្នុង​ទីក្រុង​ហុងកុង។

មនុស្ស​ប្រមាណ ៤០៤.០០០ នាក់​នៅ​ក្នុង​ទីក្រុង​ហុងកុង​គឺជា​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក ដែល​ស្មើ​នឹង​ប្រហែល ៥,៣% នៃ​ប្រជាពលរដ្ឋ​សរុប​នៅ​ក្នុង​ទីក្រុង​នេះ។

ព្រះអង្គ Chow មាន​កាតព្វកិច្ច​បង្រួបបង្រួម​សហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ដ​និកាយ​កាតូលិក​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​មាន​ការ​បែកបាក់​គ្នា។ ការ​បែកបាក់​នេះ​បាន​កើតឡើង​រវាង​អ្នក​ដែល​យល់​ថា​ការ​គ្រប់គ្រង​របស់​ចិន​លើ​ទីក្រុង​ហុងកុង​ជា​ការ​វាយប្រហារ​លើ​សេរីភាព​របស់​ទីក្រុង​នេះ និង​អ្នក​គាំទ្រ​រដ្ឋបាល​ដឹកនាំ​របស់​ហុងកុង​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​ចិន៕

XS
SM
MD
LG