ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ល្បីល្បាញ​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​នោះ​ទេ


លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ភរិយា​របស់​លោក​គឺ​លោកស្រី Melania ចូលរួម​ក្នុង​ការ​ប្រគុំតន្រ្តី Make America Great Again នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ភរិយា​របស់​លោក​គឺ​លោកស្រី Melania ចូលរួម​ក្នុង​ការ​ប្រគុំតន្រ្តី Make America Great Again នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៧។

នៅ​ពេល​ដែល​លោក ដូណាល់ ត្រាំ ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ខាង​មុខ​នេះ និង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក នោះ​តំណែង​នេះ​នឹង​ក្លាយ​ជា​តំណែង​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ប្រវត្តិ​ការងារ​ល្បីល្បាញ​ និង​មាន​អំណាច​របស់​លោក។

មាគ៌ា​មិន​ទំនង​ជា​ទទួល​បាន​ជោគជ័យ​របស់​លោក ដូណាល់ ត្រាំ ទៅ​កាន់​សេតវិមាន បាន​ចាប់​ផ្តើម​ពី​ច្រកចូល​នៃ​សណ្ឋាគារ​របស់​លោក​ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ខែ​មិថុនា ដោយ​លោក​បាន​ប្រកាស​ថា លោក​មាន​ចំណាប់​អារម្មណ៍​ធ្វើ​ជា​ប្រធានាធិបតី។ លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ​«ខ្ញុំ​ឈរ​ឈ្មោះ​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​អាមេរិក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​អស្ចារ្យ​ជា​ថ្មី​ម្តង​ទៀត‍»។​

អ្នក​ជំនួញ​ដែល​មិន​ធ្លាប់​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​រូប​នេះ នឹង​មាន​ឱកាស​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល ​នៅ​ពេល​ដែល​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក។ ​

មាន​កំណើត​ក្នុង​សង្កាត់ Queens ទីក្រុង​ញូវយ៉ក លោក ត្រាំ កើត​ក្នុង​គ្រួសារ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​មួយ ដែល​មាន​ឪពុក​ជា​អ្នក​រកស៊ី​ខាង​អចលនទ្រព្យ គឺ​លោក Fred ដែល​ជា​អ្នក​មាន​ឥទ្ធិពល​សំខាន់​ម្នាក់​កាល​ពី​ដើម​ឡើយ។

លោក Bart Rossi អ្នក​ចិត្ត​វិទ្យា​ខាង​នយោបាយ​បាន​និយាយ​ថា «ឪពុក​របស់​លោក ត្រាំ ផ្តាច់​ការ​ខ្លាំង​ណាស់ មាន​ការ​ទាមទារ​ខ្ពស់ និង​ជា​មេដឹកនាំ។ ប្រាកដ​ណាស់ លោក ត្រាំ មាន​លក្ខណៈ​ និង​អត្តចរិត​កាត់​តាម​ឪពុក​របស់​លោក‍»។

​លោក ត្រាំ ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជំនួញ​ខាង​អចលនទ្រព្យ​ដែល​ប្រថុយប្រថាន​ខ្ពស់​នៅ​ក្នុង​សង្កាត់ Manhattan។ ​

ការងារ​របស់​លោក​រួម​មាន ភាព​ជោគជ័យ​ដែល​ល្បីល្បាញ​ខ្លាំង សាងសង់​អគារ ត្រាំ ​បង្ហាញ​ពី​ទេពកោសល្យ​បង្កើត​ម៉ាក​ផ្ទាល់​ខ្លួន និង​ការ​យល់​ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ក្រោយ​មក​ជួយ​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក។ លោក Edward Mermelstein មេធាវី​នៃ​ក្រុមហ៊ុន RHEEM, BELL & MERMELSTEIN បាន​មាន​ប្រសាសន៍​ថា​ «ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​តម្រូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ដែល​ខ្លាំង និង​មាន​ការលើក​ទឹក​ចិត្ត​ខ្ពស់ ហើយ​លោក​គឺ​មាន​លក្ខណៈ​ជា​អ្នក​ជំនួញ​នៅ​ទីក្រុង​ញូវយ៉ក‍»។

បរាជ័យ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​របស់​លោក ត្រាំ មាន​ដូច​ជា កាស៊ីណូ​ដែល​ក្ស័យ​ធន អចលនទ្រព្យ​មួយ​ក្ស័យ​ធន​ដែល​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​របស់​លោក​យ៉ាង​ខ្លាំង និង​ការ​ចោទ​ប្រកាន់​សាកលវិទ្យាល័យ ត្រាំ របស់​លោក ពី​បទ​បោកប្រាស់​ជា​ដើម។​

លោក ត្រាំ បាន​រៀប​អាពាហ៍ពិពាហ៍​បី​ដង លែងលះ​ជា​សាធារណៈ​ពីរ​ដង និង​កូន​ប្រុស​ស្រី​៥​នាក់ ​ជា​អ្នក​ដើរ​តួ​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក។ ជីវិត​ឯកជន​របស់​លោក ត្រាំ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដូច​ជា​ការ​ធ្វើ​ជំនួញ​របស់​លោក​ដែរ។​

ប៉ុន្តែ​កម្មវិធី «The Donald» ទទួល​បាន​ការ​ពេញ​និយម​ឡើង​វិញ​កាល​ពី​អំឡុង​ឆ្នាំ​២០០០ ជាមួយ​នឹង​ការ​បង្ហាញ​ពី​ជីវិត​ពិត​តាម​កញ្ចក់​ទូរទស្សន៍​ និង​ការ​លើកឡើង​ពី​នយោបាយ​ជាតិ ដែល​អះអាង​ថា លោក​ប្រធានាធិបតី អូបាម៉ា មិន​បាន​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ។ ប៉ុន្តែ​ក្រោយ​មក លោក ត្រាំ បាន​បដិសេធ​ថា​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ទេ នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​របស់​លោក។ ​

លោក ដូណាល់ ត្រាំ បាន​និយាយ​ថា «លោកស្រី Hillary Clinton និង​យុទ្ធនាការ​កាល​ពី​ឆ្នាំ​២០០៨​របស់​លោកស្រី​បាន​បង្កើត​បញ្ហា​ចម្រូងចម្រាស​ទៅ​លើ​ទីកន្លែង​កំណើត​នេះ​ឡើង។ ហើយ​ខ្ញុំ​ជា​អ្នក​ត្រូវ​បញ្ចប់​វា‍»។​

លោក ត្រាំ បាន​យក​ឈ្នះ​លើ​គូ​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន​១៦​នាក់ ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី តាមរយៈ​សារ​មួយ​ដែល​លើក​ឡើង​ពី​កង្វល់​របស់​អ្នក​បោះ​ឆ្នោត។​
លោក MICHAEL KRANISH សហ​អ្នក​និពន្ធ​នៃ​សៀវភៅ Trump Revealed បាន​និយាយ​ថា «លោក​បាន​លើក​ឡើង​ពី​កង្វល់​ដ៏​ធំ​នេះ ដែល​បាន​កើត​មាន​អស់​ពេល​មួយ​រយៈ​មក​ហើយ»។

ប៉ុន្តែ​លោក​ក៏​បាន​សាកល្បង​ចង់​ដឹង​មតិ​សាធារណជន​ដោយ​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ជនជាតិ​ម៉ិចស៊ិក​ផង​ដែរ។

លោក ត្រាំ បាន​មាន​ប្រសាសន៍​ថា​ «ពួក​ម៉ិចស៊ិក​នាំ​យក​ថ្នាំ​ញៀន​មក​ជាមួយ។ ពួកគេ​នាំ​យក​ឧក្រិដ្ឋកម្ម​មក​ជាមួយ។ ពួកគេ​គឺ​ជា​អ្នក​រំលោភ​សេពសន្ថវៈ»។

ចំពោះ អ្នក​កាន់​សាសនា​ឥស្លាម លោក ត្រាំ បាន​និយាយ​ថា «ផែនការ​អន្តោប្រវេសន៍​ដ៏​អន្តរាយ​របស់​លោកស្រី Hillary Clinton នឹង​នាំ​ជនអន្តោប្រវេសន៍​ឥស្លាម​ជ្រុល​និយម​ជាច្រើន​នាក់​ទៀត​មក​ក្នុង​ប្រទេស​នេះ ដែល​មិន​ត្រឹម​តែ​គំរាម​ដល់​សង្គម​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គំរាម​ដល់​ជីវិត​រស់​នៅ​របស់​យើង​ទាំង​មូល​ទៀត​ផង»។ ​

ចាប់​តាំង​ពី​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​មក លោក ត្រាំ រាង​បន្ទន់​អត្ថាធិប្បាយ​របស់​លោក ប៉ុន្តែ​ការ​វាស់ស្ទង់​ពី​ឥទ្ធិពល​នៃ​ពាក្យ​សម្តី​របស់​លោក​ទៅ​លើ​សង្គម​អាមេរិក​ និង​ជំហរ​របស់​អាមេរិក​នៅ​ក្នុង​ពិភពលោក នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​លោក​ចាត់​វិធានការ​បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​រួច​ហើយ៕​

ប្រែសម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG