ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនមើលឃើញថា ការបំពេញការងាររបស់រដ្ឋសភា ឬតំណាងរាស្រ្តអាណត្តិទី ៦ នេះអសកម្មជាងអាណត្តិទី ៥ ក្រោមហេតុផលថា ទំនងមកពីតំណាងរាស្រ្តព្រួយខ្លាចបាត់បង់តួនាទី នៅពេលហ៊ានលើកយកបញ្ហារបស់ប្រជាពលរដ្ឋទៅជជែកវែកញែកជាមួយគណៈកម្មការរដ្ឋសភា។
ការលើកឡើងរបស់ពួកគេធ្វើឡើងនៅក្នុងកម្មវិធីកិច្ចពិភាក្សាលើរបាយការណ៍សង្ខេបបឋមរបស់អង្គការខុមហ្វ្រែល ស្តីពី «ការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រក្នុងនីតិកាលទី ៦» នាថ្ងៃព្រហស្បតិ៍នេះ។
លោក គឹម ឈន នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បញ្ជាក់ថា កម្មវិធីកិច្ចពិភាក្សាលើរបាយការណ៍សង្ខេបបឋមនេះមានគោលបំណងដើម្បីបង្ហាញពីលទ្ធផលដែលអង្គការខុមហ្វ្រែលបានសង្កេតពីសកម្មភាពការងាររបស់រដ្ឋសភា និងតំណាងរាស្ត្រ និងបង្កើតឱកាសដើម្បីស្វែងរកជាធាតុចូលក្នុងការធ្វើឱ្យរដ្ឋសភា និងតំណាងរាស្ត្របំពេញតួនាទីឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ។
លោកថ្លែងថា៖ «យើងចង់ជជែកពិភាក្សាគ្នាអំពីប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់រដ្ឋសភា និងតំណាងរាស្ត្រនៅក្នុងអាណត្តិទី ៦ ដោយយើងប្រៀបធៀបទៅនឹងអាណត្តិទី ៥ថា តើប្រសិទ្ធភាពបែបម៉េច ទាក់ទងនឹងតួនាទីដូចដែលខាងខ្ញុំរៀបរាប់ខាងលើនេះ។ ហើយគំនិតទី ៣ នៅក្នុងកិច្ចពិភាក្សានេះផងដែរ ខ្ញុំសូមស្នើឱ្យអង្គពិភាក្សាជួយពិនិត្យពិចារណា ផ្តល់យោបល់ថា តើយើងគួរធ្វើម៉េច ឬមានអនុសាសន៍ជាយោបល់បែបម៉េចដើម្បីពង្រឹងការទទួលខុសត្រូវទៅលើមន្ត្រីជាប់ឆ្នោត ពីព្រោះយើងមិនចង់ឱ្យការបោះឆ្នោតហើយ ចប់ដោយគ្មានន័យទេ។ យើងចង់ឱ្យការបោះឆ្នោតហើយ [គឺ] មានអត្ថន័យ [ដែល] មានន័យថា មន្ត្រីដែលជាប់ឆ្នោតត្រូវតែមានការទទួលខុសត្រូវជាមួយម្ចាស់ឆ្នោត»។
បើតាមរបាយការណ៍បឋមរបស់អង្គការខុមហ្វ្រែលដែលមានចំនួន ១២ ទំព័រ គិតចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ ដល់ខែសីហា ឆ្នាំ ២០២២ សមាជិករដ្ឋសភាក្នុងអាណត្តិទី ៦ នេះបានកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌តែម្តងគត់មកសួរនាំ តែមិនបានសួរដេញដោលអ្វីច្រើននោះទេ ដោយគ្រាន់តែសួរថា តើក្រសួងយុត្តិធម៌បានធ្វើអ្វី? ហើយមានផែនការអ្វីខ្លះក្នុងការអនុវត្តតួនាទីរបស់ខ្លួនក្នុងនីតិកាលទី ៦ ឱ្យមានភាពកាន់តែល្អប្រសើរឡើង?
អង្គការខុមហ្វ្រែលបន្ថែមថា ដំណើរការមិនសកម្មក្នុងប្រព័ន្ធសភានិយម ដោយមិនឃើញមានសកម្មភាពរបស់រដ្ឋសភាបើកសម័យប្រជុំមួយថ្ងៃក្នុងមួយសប្តាហ៍ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា ៩៦ ដើម្បីលើកសំណួរ និងចម្លើយនោះដែរ។
ក្រៅពីនេះ ខុមហ្វ្រែលកត់សម្គាល់ថា របៀបវារៈ ដែលបានអនុម័តក្នុងសម័យប្រជុំសភា មិនត្រូវបានជជែក ឬសួរដេញដោលច្រើនផុសផុលដូចនីតិកាលមុនៗនោះទេ។ ហើយជាមួយគ្នានេះ ច្បាប់ខ្លះបានដាក់អនុម័តយ៉ាងប្រញាប់ ដោយមិនមានការជជែកជាសាធារណៈ ឬការដាក់ឱ្យមានការឃោសនានៅក្នុងគោលនយោបាយរបស់គណបក្សខ្លួន ពេលគណបក្សជាប់ឆ្នោត។
អង្គការនេះបន្ថែមថា ទាក់ទងសំណើរបស់គណបក្សនយោបាយរបស់ក្រុមអង្គការសង្គមស៊ីវិល សហជីពដែលដាក់ជូនទៅរដ្ឋសភា មិនឃើញមានគណៈកម្មការជំនាញ ឬសមាជិកសភារូបណាម្នាក់ លើកយកមកពិភាក្សា ឬដាក់ជារបៀបវារៈក្នុងសម័យប្រជុំនោះទេ ដែលអង្គការខុមហ្វ្រែលថា អង្គការរដ្ឋមិនបានយកចិត្តទុកដាក់លើសំណើពីប្រជាពលរដ្ឋទៅតាមច្បាប់ដែលមានចែងនោះ។
នៅក្នុងកម្មវិធីកិច្ចពិភាក្សាលើរបាយការណ៍សង្ខេបបឋម ដែលអង្គការខុមហ្វ្រែលរៀបចំនេះ មានអ្នកចូលរួមប្រមាណ ៥០ នាក់ មកពីតំណាងអង្គការសង្គមស៊ីវិលនិងពីស្ថាប័នជាច្រើន និងគណបក្សនយោបាយ ប៉ុន្តែអវត្តមានតំណាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា បើទោះបីជាមានការអញ្ជើញក៏ដោយ។
លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ថ្លែងក្នុងកិច្ចពិភាក្សារបស់អង្គការខុមហ្វ្រែលថា តំណាងរាស្ត្រត្រូវតែហ៊ានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឬហ៊ានលើកបញ្ហាឡើងដើម្បីយកទៅដោះស្រាយ ដោយកុំខ្លាចបាត់បង់តំណែង។ ប៉ុន្តែលោកថា រឿងសំខាន់គឺត្រូវមានការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីកុំឱ្យដាក់សម្ពាធក្នុងការបំពេញការងាររបស់តំណាងរាស្ត្រ។
លោកថ្លែងថា៖ «ចំណុចដែលពាក់ព័ន្ធនឹងតួនាទីរបស់តំណាងរាស្ត្រ គឺជារឿងមួយគួរឱ្យសោកស្តាយមែនទែន។ សោកស្តាយត្រង់ចំណុចណា? ក្លាយខ្លួនទៅជាអ្នកតំណាងរាស្ត្រ ហើយមិនបានបំពេញតួនាទីឱ្យបានពេញលេញ។ ហើយទាំងអស់នេះ បើយើងសិក្សាពីមូលហេតុនៃបញ្ហាឱ្យជាក់ច្បាស់មែនទែន គឺចេញពីច្បាប់ដែលចែងថា ពេលដែលបាត់បង់សមាជិកភាពបក្ស ត្រូវបាត់បង់តួនាទីតំណែងទាំងអស់។ ច្បាប់នេះអាក្រក់ណាស់ គឺចង សង្កត់ ហើយដាក់សម្ពាធទៅលើអ្នកនយោបាយ អ្នកតំណាងរាស្ត្រ ដែលលោកបានទទួលសំឡេងពីប្រជាពលរដ្ឋផ្ទាល់ គ្មានអ្នកណាមួយមកដកតួនាទី និងតំណែងគាត់បែបហ្នឹងទេ»។
លោកបន្តថា បើរដ្ឋាភិបាលរំលាយគណបក្សមួយ អាសនៈមិនត្រូវយកទៅចែកគ្នាដោយគ្មានការបោះឆ្នោតឡើងវិញទេ ព្រោះវាប៉ះពាល់ដល់តួនាទីតំណាងរាស្ត្រដែលទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋនោះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ថ្លែងក្នុងកិច្ចពិភាក្សានោះដែរថា នៅពេលដែលមានតំណាងរាស្ត្រក្នុងសភាមកពីពហុបក្ស នោះការបំពេញការងាររបស់រដ្ឋសភានឹងមានភាពសកម្មច្រើនជាងឯកបក្ស។ ប៉ុន្តែលោកថា ការរៀបចំឱ្យដំណើរការបោះឆ្នោត គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទើបជារឿងសំខាន់ជាងនេះ ដើម្បីឈានទៅបំពេញការងារជាតំណាងរាស្ត្រ។
លោកថ្លែងថា៖ «ប៉ុន្តែអ្វីដែលយើងរកឃើញនេះ គឺឃើញថា អាណត្តិទី ៦ នេះគឺមិនសូវសកម្ម ឬអសកម្មជាងគេ ហើយយើងទាំងអស់គ្នាបានលើកឡើងថា ប្រហែលជាអាចមកពីទី ១ តំណាងរាស្ត្រហ្នឹងមិនពហុបក្ស។ បើយើងប្រៀបធៀបពីអាណត្តិមុនៗគឺមុនៗមានលក្ខណៈជាពហុបក្ស។ អ៊ីចឹងបើពហុបក្ស ដែលយើងតែងតែគិតថា បើសិនជាតំណាងរាស្ត្រជាពហុបក្ស យើងអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានច្រើន»។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូអេថា បច្ចុប្បន្ន រដ្ឋសភាជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដូច្នេះទើបរដ្ឋសភាធ្វើការជាមួយគណបក្ស និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋប្រឈមនៅតាមមូលដ្ឋាន ច្រើនជាង។
លោកថា៖ «ទី ១ ជាការបញ្ចេញមតិរបស់គាត់។ ទី ២ គាត់មើលពីខាងក្រៅ តាមពិតគឺថា យើងដឹងថា សភាកម្ពុជាជាសភារបស់គណបក្សប្រជាជនកម្ពុជា។ អ៊ីចឹងគេធ្វើការជាមួយគណបក្សផង ធ្វើការជាមួយសភាផង។ អ៊ីចឹងគេចុះមូលដ្ឋាន គេធ្វើអី គេដោះស្រាយស្ងាត់ៗក្នុងគណបក្ស ឬក៏នៅក្នុងមូលដ្ឋានរបស់គេ មិនបាច់ធ្វើឡូឡាក្នុងសភាទេ»។
គួរបញ្ជាក់ថា មុនការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៧ រដ្ឋសភាមានសមាជិកសភាមកពីគណបក្សប្រឆាំងចំនួន ៥៥ រូបក្នុងចំណោមសមាជិកសភាសរុបចំនួន ១២៥ រូប៕