ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​៥​នាក់​សង្ស័យ​រឿង​គ្រា​ប់​បែក​ប្រទះ​ឃើញ​នៅ​ក្បែរ​រដ្ឋសភា


រូប​ឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាន់​តាម​ផ្លូវ​ភ្លោះ​មុខ​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៤។
រូប​ឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាន់​តាម​ផ្លូវ​ភ្លោះ​មុខ​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៤។

សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​៤​នាក់ ​និង​ខ្មែរ​ម្នាក់​ ដែល​សង្ស័យ​ថា​ ពាក់​ព័ន្ធ​នឹង​ករណី​គ្រាប់​បែក​មួយ​គ្រាប់​ ដែល​គេ​ប្រទះ​ឃើញ​នៅ​លើ​សួន​ទ្រូង​ផ្លូវ​ខាង​មុខ​រដ្ឋសភា​ជាតិ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ​នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ។​

លោក​ ខៀវ សុភ័គ ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ ​ក្រសួង​មហា​ផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ ​ អ្នក​បោស​សម្អាត​នៅ​ទី​សាធារណៈ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​បែក​នៅ​លើ​សួន​តាម​ទ្រូង​ផ្លូវ​ខាង​មុខ​រដ្ឋសភា​ ហើយ​បាន​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ឱ្យ​ចុះ​មក​ពិនិត្យ។ លោក​បន្ត​ថា​ គ្រាប់​បែក​នោះ​ជា​«គ្រាប់​បែក​ដៃ» ​ដែល​លោក​ថា​«ធ្លាក់»​ពី​រថយន្ត​មួយ​គ្រឿង ​ដែល​អាជ្ញាធរ​បាន​ស៊ើប​អង្កេត​រក​ឃើញ​អត្ត​សញ្ញាណ​រថយន្ត ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ រហូត​ដល់​ឈាន​ដល់​ការ​ឃាត់​ខ្លួន​អ្នក​សង្ស័យ។​

លោក​ថ្លែង​ថា៖ ​«យើង​បាន​តាម​ដាន​រក​ទៅ​ឃើញ​ថា​ គ្រាប់​បែក​នេះ​ធ្លាក់​ពី​ឡាន​ហ្នឹង។​ យើង​ក៏​តាម​ស្វែង​រក​អត្ត​សញ្ញាណ​ម្ចាស់​ឡាន ​ហើយ​យើង​រក​ឃើញ»។​

លោក ​ខៀវ សុភ័គ ​សុំ​មិន​បញ្ជាក់​ មូលហេតុ​អ្វី​បាន​ជា​គ្រាប់​បែក​នោះ ​អាច​ធ្លាក់​ពី​រថយន្ត​បាន​ទេ​ ​ដោយ​លោក​ប្រាប់​ ​ថា​រឿង​នេះ​ទុក​ឱ្យ​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​បន្ត​ទៀត​សិន។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«...ពូ​យល់​ថា​ បើ​យើង​ហ៊ាន​តែ​និយាយ​តែ​ផ្តេស​តែ​ផ្តាស​ទៅ វា​នាំ​តែ​រំខាន​ដល់​កិច្ចការ​ សមត្ថកិច្ច ស៊ើប​អង្កេត​របស់​គេ។ ​ពូ​យល់​អ៊ីចឹង ​ណា៎!»​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នោះ​បញ្ជាក់​ថា​ ករណី​នេះ​អាច​ជា​ករណី​គំនុំ​ ឬ​គំរាម​កំហែង​បុគ្គល​ ​....​មិន​មែន​ជា​រឿង​ភេរវកម្ម ​ឬ​នយោ​បាយ​នោះ​ទេ។ ​

លោក​ថ្លែង​ថា៖​ «សន្និដ្ឋាន​ជំហ៊ាន​ដំបូង​ អ៊ីចឹង។​ ​វា​មិន​មែន​ជា​ភារវកម្ម ​ មិន​មែន​ជា​រឿង​នយោ​បាយ​ នយោ​បោក​អី​ទេ។​ វា​ជា​គំនុំ​ ហើយ​ការ​គំរាម​កំហែង​ទៅ​បុគ្គល​ច្រើន​ជាង។​ ហើយ​ឆ្លង​តាម​យើង​ពិនិត្យ​ ចាប់​បាន​ឡាន​ហ្នឹង​បាន​យើង​ដឹង​ថា​នេះ​វា​ជា​រឿង​ប៉ង​សម្លាប់​ទៅ​វិញ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ​សាន សុខ សីហា អ្នក​នាំ​ពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​និង​លោក ​ស ថេត ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​នៅ​ឡើយ​ទេ។​

លោក ​ឆាយ គឹម​ខឿន​ អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ប្រាប់​សារ​ព័ត៌មាន​Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ថា​ នៅ​ម៉ោង​៧​កន្លះ​ យប់​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៥​នាក់​ ពាក់ព័ន្ធ​គ្រាប់​បែក​នោះ​ ដែល​រួម​មាន​ជន​ជាតិ​ចិន​៤​នាក់ ​និង​ស្ត្រី​ខ្មែរ​ម្នាក់ ​មាន​ទីតាំង​ក្នុង​បុរី​ប៉េងហួត​បឹង​ស្នោរ ​ខណ្ឌ​ច្បារ​អំពៅ។ សមត្ថ​កិច្ច​បាន​រឹប​អូស​រថយន្ត​មួយ​គ្រឿង ​ម៉ាក​RANGE ROVER DEFENDER ​ពណ៌​ស្លែ ​ស៊េរី​ឆ្នាំ​២០២១ ​ពាក់​ស្លាក​លេខ​កម្ពុជា ​LC-9888 ​ធ្វើ​ជា​វត្ថុ​តាង៕

XS
SM
MD
LG