ក្រុមថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាង១០០នាក់អាចធ្វើនយោបាយឡើងវិញបាន បន្ទាប់ពីការព្យួរសិទ្ធិធ្វើនយោបាយដោយតុលាការកំពូលរយៈពេល៥ឆ្នាំបានបញ្ចប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងព្យួរសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សជំទាស់នេះចំនួន១១៨នាក់ ក្នុងម្នាក់ៗចំនួន៥ឆ្នាំ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការចោទថា គណបក្សនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។
អគ្គព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ប្រាប់ VOA នៅថ្ងៃពុធនេះថា សាលដីការបស់តុលាការកំពូលដែលបានព្យួរសិទ្ធិនយោបាយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ លោកថា អ្នកដែលត្រូវបញ្ចប់ការព្យួរសិទ្ធិធ្វើនយោបាយអាចធ្វើនយោបាយវិញបានចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកានេះតទៅ លើកលែងតែអ្នកដែលនៅមានជាប់ពាក់ព័ន្ធនឹងបទចោទ ឬការកាត់ទោសណាដែលហាមមិនឱ្យធ្វើនយោបាយប៉ុណ្ណោះ។
បើតាមលោក អ៊ុក គឹមសិទ្ធិ តុលាការកំពូលមិនមានការចេញជាលិខិតផ្លូវការណាមួយពាក់ព័ន្ធនឹងការបញ្ចប់ការព្យួរទោសនេះទេ។
លោកថ្លែងថា៖ «ដូចជាគ្មានលិខិតអីទេ បើសិនជាគាត់មិនមានបទល្មើសអី មិនមានត្រូវបានហាមឃាត់ ឬក៏មិនមានទោសអី គាត់អាចយកសាលដីកាហ្នឹងទៅប្រើការទៅតាមអ្វីដែលគាត់អាចប្រើការបាន»។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យគណបក្សសង្គ្រោះជាតិអំឡុងពេលមានសវនាការ ដែលបានរំលាយគណបក្សនយោបាយជំទាស់នេះ កាលពី៥ឆ្នាំមុន ក៏ប្រាប់ VOA ដែរថា សាលដីការបស់តុលាការកំពូលដែលបានព្យួរសិទ្ធិនយោបាយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបញ្ចប់ដោយមិនបាច់មានឯកសារ ឬសេចក្តីសម្រេចអ្វីផ្សេងនោះទេ។
លោកនិយាយថា៖ «ជាគោលការណ៍ច្បាប់ កាលណាការអនុវត្តរបស់ជនដែលត្រូវបានតុលាការសម្រេចឱ្យព្យួរ ឬក៏ដាក់បម្រាមក្នុងការធ្វើសកម្មភាពនយោបាយចប់ថ្ងៃហ្នឹងហើយ មានន័យថា ចាប់ពីថ្ងៃស្អែកទៅ គឺគាត់មានសិទ្ធិធ្វើនយោបាយឡើងវិញហើយ មិនបាច់មានឯកសារ ឬសេចក្តីសម្រេចអីផ្សេងក្រៅពីសាលដីការបស់តុលាការកំពូលទេ»។
លោក សំ សុគង់ បន្ថែមថា ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ដែលត្រូវបានលើកបម្រាម យ៉ាងហោចណាស់មានថ្នាក់ដឹកនាំជាន់ខ្ពស់១២នាក់ដែលកំពុងស្ថិតនៅក្រៅប្រទេស បានទទួលរងការចោទប្រកាន់ និងការកាត់ទោសផ្សេងៗមួយចំនួនទៀត ដែលមិនអាចឱ្យពួកគេចូលមកក្នុងប្រទេសកម្ពុជាដើម្បីធ្វើនយោបាយ។ ក្នុងនោះមានដូចជាលោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរជាដើម។
រហូតមកដល់ពេលនេះក្នុងចំណោមថ្នាក់ដឹកនាំទាំង១១៨នាក់នោះ មួយចំនួនបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញមុនកាលបរិច្ឆេទនៃការព្យួរសិទ្ធិធ្វើនយោបាយបានបញ្ចប់ហើយ ខ្លះបានភៀសខ្លួនទៅក្រៅប្រទេស និងខ្លះបានផ្អាកសកម្មភាពធ្វើនយោបាយរបស់ខ្លួន ហើយខ្លះទៀតបានសុំចូលរួមធ្វើនយោបាយជាមួយគណបក្សកាន់អំណាចជាដើម។
សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា បើទោះបីជាការព្យួរសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រឆាំងទាំង១១៨នាក់ត្រូវបានបញ្ចប់ ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់នៅបន្តរងការហាមឃាត់សិទ្ធិនយោបាយដដែល។ លោកថា បរិយាកាសនយោបាយក្នុងពេលបច្ចុប្បន្នមិនទាន់មានភាពទូលាយដូចអំឡុងពេលមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ សម្រាប់ឱ្យថ្នាក់ដឹកនាំដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញអាចធ្វើនយោបាយបានពេញលេញនៅឡើយទេ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ពួកគាត់អាចមានគណបក្សខ្លះ អាចជ្រកក្រោមគណបក្សខ្លះ ឧទាហរណ៍ថា រូបភាពគណបក្សភ្លើងទៀន ឬក៏គណបក្សមួយចំនួនដែលចេញពីគណបក្សសង្គ្រោះជាតិ ចេញពីមូលដ្ឋានដើមគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា មានមកបង្កើតគណបក្សច្រើន។ គាត់អាចចូលរួមតាមច្រក ឬក៏ទំនាក់ទំនងតាមអ្នកនយោបាយនោះ។ ប៉ុន្តែបើយើងនិយាយពីបរិយាកាសទូទៅ ឱ្យទូលាយដូចមុនព្រឹត្តិការណ៍បោះឆ្នោតឃុំសង្កាត់ [២០១៧] វានៅមានកម្រិតទាប មិនទាន់បង្ហាញថា មានសេរីភាពពេញលេញទេ»។
លោក ឯម សុវណ្ណារ៉ា បន្ថែមថា ថ្នាក់ដឹកនាំដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនឹងមិនអាចទាក់ទាញការគាំទ្របានច្រើន ដូចថ្នាក់ដឹកនាំធំៗ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះទេ។
លោកថ្លែងថា៖ «ដោយសារតែកម្លាំងនយោបាយរបស់គាត់នៅបែកខ្ញែកមិនទាន់បានរួមគ្នាទេ ទី១។ ទី២ ការរៀបចំរចនាសម្ព័ន្ធ ឬក៏មធ្យោបាយក្នុងការធ្វើនយោបាយរបស់គាត់នៅមានសកម្មភាពតិចតួចស្តួចស្តើងណាស់ មិនជាខ្លាំងក្លាដែលអាចសង្ឃឹម ឬក៏ហៅថា ជំរុញឱ្យប្រជាពលរដ្ឋហ្នឹងទៅគាំទ្រ ឬក៏ទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋបានច្រើនទេ។ បើយើងមើលចរន្តបច្ចុប្បន្ននេះ នៅមានតិចតួច។ ក៏ប៉ុន្តែគ្រាន់តែនៅក្នុងទឹកចិត្តមួយ ប្រហែលជាពួកគាត់មានភាគរយច្រើនជាងក្នុងការចូលរួមនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះជាជាងគាត់បោះបង់ចោលសិទ្ធិចូលរួមការបោះឆ្នោត»។
គណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោត ត្រូវបានគេមើលឃើញថា ជាគូប្រកួតប្រជែង ដែលគំរាមកំហែងដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា ក្រោយមានការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។
ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិដណ្តើមបានកៅអីតំណាងរាស្ត្រចំនួន ៥៥ ក្នុងចំណោម ១២៣ អាសនៈក្នុងរដ្ឋសភា ឬទទួលបានសំឡេងឆ្នោតប្រមាណ ៣ លានសំឡេងទល់នឹងសំឡេងឆ្នោតជាង ៣ លាន ២ សែនរបស់គណបក្សប្រជាជនកម្ពុជា។
ក្រោយការប្រកាសរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋាភិបាលបានបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទាំងនៅរដ្ឋសភានិងនៅតាមក្រុមប្រឹក្សាឃុំសង្កាត់ ទៅឲ្យគណបក្សផ្សេងៗទៀត ដែលបានចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣។ យ៉ាងណាក៏ដោយ ក្រោយការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ រដ្ឋសភាជាតិកម្ពុជាត្រូវបានដឹកនាំដោយឯកបក្សរហូតមកដល់ពេលបច្ចុប្បន្ន៕