ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង អារម្មណ៍​ប្រឆាំង​ជប៉ុន​​មាន​កាន់​តែ​ច្រើន នៅ​ទិវា​រំដោះ​ប្រទេស​ជាតិ


មនុស្សម្នា​ស្តាប់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ក្នុង​ខួប​លើក​ទី៧៤​នៃ​ការ​រំដោះ​ប្រទេស​ចេញ​ពី​អាណានិគម​ជប៉ុន។
មនុស្សម្នា​ស្តាប់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ក្នុង​ខួប​លើក​ទី៧៤​នៃ​ការ​រំដោះ​ប្រទេស​ចេញ​ពី​អាណានិគម​ជប៉ុន។

ការថ្លែង​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី​​ជប៉ុន​ ​បាន​ធ្វើ​ឲ្យ​មាន​ការ​រកាំ​ចិត្ត​ដល់​មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ​ដែល​កំពុង​ប្រារព្ធ​ពិធី​ដែល​ពួកគេ​ចាត់​ទុក​ជា «ថ្ងៃ​រំដោះ»​ ដោយ​​មាន​ការ​តវ៉ា​​ជាបន្ត​បន្ទាប់ប្រឆាំង​នឹង​ជប៉ុន។

នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក ​ស៊ីនហ្សូ អាបេ ​កាល​ពី​សប្តាហ៍​មុន ​បាន​ធ្វើ​សុន្ទរកថាខួប​នៃ​ការ​ចុះ​ចាញ់​របស់​ជប៉ុន​ក្នុង​សង្គ្រាម​លោកលើក​ទី២​ដោយ​ការគោរព​វិញ្ញាណក្ខន្ធ​នៅ​ទីសក្ការបូជា Yasukuni ដែល​មាន​ជាប់​ទាក់ទិន​នឹង​ឧក្រិដ្ឋជន​សង្គ្រាម។ ​ការណ៍នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​រកាំ​ចិត្ត​ដល់​មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ​ដែល​កំពុង​ប្រារព្ធ​ពិធី​ដែល​ពួកគេ​ចាត់​ទុក​ជា «ថ្ងៃ​រំដោះ»​ ដោយមាន​ការ​តវ៉ាជាបន្ត​បន្ទាប់ប្រឆាំង​នឹង​ជប៉ុន។ ​បាតុកម្មនេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ចំណង​ទាក់​ទង​រវាង​កូរ៉េខាង​ត្បូង​និង​ជប៉ុន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ កោះ Liancourt Rocks ត្រូវ​បាន​ត្រួតត្រា​ដោយ​កូរ៉េខាង​ត្បូង​ ក៏ប៉ុន្តែ ​ក៏​ត្រូវ​បាន​ទាម​ទារ​ដោយជប៉ុន​ផង​ដែរ។

ក្រុម​វង់​ភ្លេង​កុមារ​កូរ៉េខាង​ត្បូងចង់​ឲ្យ​អ្នក​ដឹង​ថា​តើ​ពួកគេ​គិត​ថា ​ប្រជុំ​កោះ​តូចៗ​ជា​របស់​នរណា។

មាន​សញ្ញា​ពី​ការ​តាន​តឹងខាង​ជាតិ​និយម​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង។ ជាពិសេស អារម្មណ៍​ប្រឆាំង​នឹង​ជប៉ុន​ដែល​ជា​អតីត​អ្នក​ត្រួតត្រា​តាម​បែប​អាណានិគមលើ​ប្រទេស​កូរ៉េ។ ​ស្នាម​របួស ​អាចជា​រឿង​ចាស់ ក៏ប៉ុន្តែ ​ការ​ឈឺចាប់​សម្រាប់​ជនជាតិ​កូរ៉េ​ខ្លះ​នៅថ្មីៗ​នៅ​ឡើយ។ លោកស្រី Lee Yong-ju អតីត​ស្រ្តី​បម្រើ​ផ្លូវភេទ​ម្នាក់​ ​បាន​និយាយ​ថា៖ «ខ្ញុំ ​មិន​អាច​អត់​ឱន​ឲ្យ​ពួកគេ​បាន​ទេ»។ ប្រវត្តិសាស្រ្ត​នៃការ​ធ្វើ​ពលកម្ម​ដោយ​ការ​បង្ខំរបស់​ជប៉ុន រួមមាន​ការ​ជញ្ជក់​ប្រយោជន៍​ពី​អ្វី​ដែល​ហៅថា «ស្រ្តី​បម្រើ​ផ្លូវភេទ» ​នៅ​តែ​ជា​មូលហេតុ​នៃ​ភាព​តាន​តឹង​នៅពេល​សព្វ​ថ្ងៃ​នេះ។ នាង Nam Dong-ju ជា​អ្នក​ស្រុក​កូរ៉េ​ខាងត្បូង​ម្នាក់ និយាយ​ថា៖ «ពួក​គាត់​ជា​ស្រ្តី​ដូចជា​ខ្ញុំ​ដែរ។ ហើយ ​វា​ជា​បញ្ហា​ដែល​នៅ​មិន​ទាន់​ដោះ​ស្រាយ​បាននៅឡើយ»។

សិស្ស​សាលា​អាយុ​១៨​ឆ្នាំ​ម្នាក់ទៀតនៅ​ក្រុង​សេអ៊ូល និយាយ​ថា៖ «ចំពោះ​បញ្ហា​ស្រ្តី​បម្រើ​ផ្លូវភេទ ខ្ញុំ​គិត​ថា កូរ៉េ​ខាង​ត្បូង ត្រូវតែ​ទទួល​បាន​ការ​សុំ​អភ័យទោស​ដ៏​ត្រឹមត្រូវ​ពី​ជប៉ុន»។

នាង Wang Se-hyun អាយុ​១៨​ឆ្នាំ​និយាយ​ថា៖ «ជប៉ុន មិន​ត្រឹមតែ​សង​ប្រាក់​ជំងឺចិត្ត​ប៉ុណ្ណោះ​ទេ។ជប៉ុន ​ត្រូវតែសុំ​ទោស​ដោយ​ស្មោះត្រង់​ទៀត»។

ជប៉ុន​បាន​សុំ​អភ័យទោស ក៏ប៉ុន្តែ ​បាន​និយាយ​ថា ការ​ទាមទារ​សំណង​ទាំង​អស់ ​បាន​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៩៦៥។ ការ​ទាមទារ​ទាំង​នេះ​ជា​ការ​តាន​តឹង​ដ៏​ខ្លាំង​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​តូក្យូ ​បាន​បន្ថយ​ចំណង​ទាក់ទង​ខាង​ពាណិជ្ជកម្ម។

​ក្នុង​សុន្ទរកថា​កាលពី​ពេល​ថ្មីៗ​នេះ ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក មួន​ ជាអ៊ីន ​បាន​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តានតឹង​នេះ ​ដោយ​និយាយ​ថា កូរ៉េ​ខាង​ត្បូង នឹង​ធ្វើការ​ជាមួយ​ជប៉ុន ​ប្រសិន​បើ ​ជប៉ុន ជ្រើស​រើស​ការ​សន្ទនា។

ក៏ប៉ុន្តែ នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល មាន​ការអំពាវនាវ​ឲ្យ​បន្តធ្វើ​ពហិការ។ ហើយនៅពេល​ដែល​ទំនាក់​ទំនង​រវាង​សម្ព័ន្ធ​មិត្ត​ទាំង២របស់​សហរដ្ឋ​អាមេរិក​កាន់​តែ​អាក្រក់​ឡើង អ្នក​ខ្លះ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក មិន​បាន​ធ្វើ​ការងារ​គ្រប់​គ្រាន់​ដើម្បី​ជួយ​នោះ​ទេ។ លោក Patrick Gerard Buchan នៃ​គម្រោង US Alliance ​របស់មជ្ឈ​មណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្រ្ត​ និង​អន្តរជាតិ និយាយ​ថា៖ «មិន​មាន​ការ​ព្រួយ​កង្វល់អំពី​បញ្ហា​នេះ​ទេ ​ហើយ​ជា​ការ​ពិត ​នេះ​ជាការ​ធ្លាក់​ចុះ​ទាប​បំផុតក្នុង​រយៈ​ពេល​៧០​ឆ្នាំ​នៃ​ទំនាក់​ទំនង​រវាង​មិត្តភក្តិ​របស់​យើង​ទាំង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​និង​ទីក្រុង​តូក្យូ»។

កាល​ពីពេល​មុន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ត្អូញត្អែរ​ពី​ការ​ផ្សះផ្សា​រវាង​ប្រទេស​ទាំង២​ដែល​នឹង​ចំណាយ​ពេល​វេលា​ច្រើន។ ក៏ប៉ុន្តែ ​គេ មិន​ទាន់​ដឹង​ច្បាស់ថា តើប្រទេស​ណា​ទៀត​អាចជួយ​បាន​ទេ។ លោក Patrick Gerard Buchan នៃ​គម្រោង US Alliance របស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធ​សាស្ត្រ​និង​អន្តរជាតិ ​និយាយទៀតថា៖ «សហរដ្ឋ​អាមេរិក ​នៅ​តែ​ជា​ដៃគូ​សម្ព័ន្ធមិត្ត​ខ្លាំង​បំផុត។ ​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​បញ្ហា​នេះ»។

ក៏ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ ​សហរដ្ឋ​អាមេរិក បាន​ព្យាយាម​សម្រុះ​សម្រួល​ជា​សាធារណៈ​ដោយ​បាន​ទទួល​លទ្ធផល​តិចតួច​ជាង៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG