ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៣៦​នាក់​បាន​ស្លាប់​និង​ច្រើន​នាក់​ទៀត​បាន​រង​របួស​ក្នុង​គ្រោះថ្នាក់​រថភ្លើង​​នៅ​កោះ​តៃវ៉ាន់


ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមសង្គ្រោះអ្នកដំណើរដែលជាប់គាំងនៅក្នុងទូររថភ្លើងដែលបានជួបគ្រោះថ្នាក់ ក្នុងរូងភ្នំនៅតំបន់ Hualien ភាគខាងកើតកោះតៃវ៉ាន់ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១។
ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមសង្គ្រោះអ្នកដំណើរដែលជាប់គាំងនៅក្នុងទូររថភ្លើងដែលបានជួបគ្រោះថ្នាក់ ក្នុងរូងភ្នំនៅតំបន់ Hualien ភាគខាងកើតកោះតៃវ៉ាន់ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១។

មនុស្ស​យ៉ាង​តិច​ណាស់​ ៣៦​ នាក់​ បានស្លាប់​ ហើយ​រាប់​សិបនាក់​ទៀត​បាន​រង​របួស​ បន្ទាប់ពី​រថភ្លើង​ល្បឿនលឿន​មួយ​ខ្សែ បាន​ធ្លាក់​ចេញ​ពី​ផ្លូវ​នៅ​ក្នុង​រូង​ភ្នំ​មួយ​ នៅ​ភាគ​ខាង​កើត​នៃ​កោះ​តៃវ៉ាន់​ នៅ​ថ្ងៃ​សុក្រ​នេះ។

មនុស្ស​យ៉ាង​តិច ​៧០​ នាក់ ​កំពុង​នៅ​ជាប់​នៅ​ក្នុង​ទូរ​រថភ្លើង​នៅក្នុង​ផ្លូវ​រូងភ្នំ​ ហើយ​មនុស្ស​ប្រហែល ​៦០ ​នាក់​ដែលត្រូវបានជួយ​សង្គ្រោះ​នោះ ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​សង្គ្រោះ​អ្នក​ដែល​នៅ​ជាប់​ក្នុង​រូងភ្នំ​នោះ​ជា​បន្ត។

អាជ្ញាធរ​តៃវ៉ាន់ បាន​និយាយ​ថា រថយន្ត​សំណង់​មួយ​គ្រឿង​ដែល​បាន​រអិល​ចេញ​ពី​ផ្លូវ​រថយន្ត ដែលស្ថិតនៅ​ពីលើ​ផ្លូវ​រថភ្លើង​ហើយ​ដែល​បាន​ធ្លាក់​លើ​ផ្លូវ​រថ​ភ្លើង​ ទំនង​ជា​មូលហេតុ​នៃ​គ្រោះថ្នាក់​នៅ​ជិត​ទីក្រុង​ឆ្នេរ​សមុទ្រ Hualien ភាគ​ខាង​កើត​នោះ។

នេះ​ជា​គ្រោះថ្នាក់​រថភ្លើង​ដែល​គេ​ចាត់ទុក​ថា​ធ្ងន់ធ្ងរ​បំផុត​នៅ​កោះ​តៃវ៉ាន់ ​ក្នុង​រយៈពេល​យ៉ាង​តិច​ ៤០ ​ឆ្នាំ​កន្លង​ទៅនេះ។

រថភ្លើង​ល្បឿន​លឿន​ដែល​ធ្វើដំណើរ​ពី​ទីក្រុង​តៃប៉ិ ទៅកាន់​ទីក្រុង Taitung នោះ​ដឹក​អ្នក​ដំណើរ​ប្រហែល ​៣៥០ ​នាក់ ដែល​ភាគ​ច្រើន​ជា​ទេសចរ និង​មនុស្ស​ដែល​វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅដ្ឋាន​វិញ ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​ពិធី​បុណ្យ​សង្កត់​ផ្នូរ ដែល​មាន​រយៈ​ពេល​ ៤ ​ថ្ងៃ៕

XS
SM
MD
LG