ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​បង្កើន​កម្លាំង​ការពារ​កោះ​ដ៏​ធំ​បំផុត​មួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ប្រុងប្រៀប​ទប់​ទល់​​នឹង​ចិន


រូបឯកសារ៖ រូបថត​ពី​លើ​អាកាស​បង្ហាញ​ពី​កោះ Itu Aba ដែល​តៃវ៉ាន់​ហៅ​ថា​កោះ​តៃពីង នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
រូបឯកសារ៖ រូបថត​ពី​លើ​អាកាស​បង្ហាញ​ពី​កោះ Itu Aba ដែល​តៃវ៉ាន់​ហៅ​ថា​កោះ​តៃពីង នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកវិភាគ​មួយ​ចំនួន​ជឿ​ជាក់​ថា​ យោធាតៃវ៉ាន់​ កំពុង​បង្កើន​ការ​ហ្វឹកហ្វឺន​កង​ទ័ព​របស់​ខ្លួន​និង​បាន​បន្ថែម​គ្រឿង​សព្វាវុធ​ការពារនៅ​លើ​កោះ​ធម្ម​ជាតិ​ដ៏​ធំបំផុត​មួ​យ​ដែល​កំពុង​មាន​ជម្លោះជាមួយ​ចិន​ដី​គោក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​ប្រុង​ជើងការក្នុង​ករណី​ដែល​មានការ​វាយ​ប្រហារ​ជាមុន​ពីកងកម្លាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​លោក​ Chiu Kuo-cheng​ បាន​ប្រាប់​សភា​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ថា​ប្រទេស​ចិន​ដីគោក​មាន​លទ្ធភាព​ក្នុង​ការ​វាយ​ប្រហារ​ហើយ​ថា​លោក​ចង់​ឲ្យ​កោះTaiping​ (តៃពីង)​ត្រូវ​ប្រុង​ជើងការ​គ្រប់​ពេល​វេលា។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​តៃវ៉ាន់។​

លោក​Chiu Kuo-cheng​បាន​បន្ត​ថា៖ «នេះ​ជា​សញ្ញា​ដ៏​ច្បាស់​មួយ​ដែល​ថា​កោះ​តៃវ៉ាន់ មាន​ការបារម្ភ​ពី​មហិច្ឆតា សេចក្តី​ថ្លែងការណ៍​ និង​សកម្មភាព​របស់ចិន​ដី​គោក​ ដោយ​បញ្ជាក់​ថា​ ក្រុង​ប៉េកាំងមាន​បំណង​នឹង​ដណ្តើម​ត្រួតត្រាកោះ​តៃពីង​មួយ​នេះ​ដោយ​ពិត​ប្រាកដ»។​ ​

ប្រទេស​ចិន​បានធ្វើឲ្យ​កោះ​តៃ​វ៉ាន់​ប្រកាស​អាសន្ន​តាំងពី​ពាក់​កណ្តាល​ឆ្នាំ២០២០​មក​ជុំវិញ​រឿង​នេះ​ ដោយ​ចិន​បាន​បញ្ជូនយន្តហោះ​ចម្បាំង​ជា​រៀងរាល់​ថ្ងៃ ទៅ​ជិត​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។​ កាលពី​ថ្ងៃ​សុក្រកន្លង​ទៅ​ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ បានប្រទះ​ឃើញ​យន្តហោះ​ចម្បាំង​ចិន​២០​គ្រឿង​ដែល​ជា​ចំនួន​ដ៏​ច្រើនមិន​ធ្លាប់​មាន​ពី​មុន​ បាន​ហោះនៅ​លើ​តំបន់​កោះ​នោះ។​ ប្រទេស​ចិន​ បាន​បន្ថែមសាងសង់​រោង​ផ្ទុក​យន្តហោះ​និង​ប្រព័ន្ធ​រ៉ាដា​ នៅលើ​កោះ​ទាំង​៧​ដែល​ខ្លួនកាន់កាប់​ក្នុងតំបន់​កោះSpratly ​ ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លង​ទៅ។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​លក់​អាវុធ​ទំនើបៗ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​និងប្រកាន់​យក​ជម្រើសការពារ​ដែន​កោះ​មួយ​នេះ​ បើ​ក្នុង​ករណី​មាន​ការវាយ​ប្រហារពី​ប្រទេស​ចិន។​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​ ​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងតាម​ផ្លូវការទូត​ ប៉ុន្តែ​នៅ​តែ​ជា​សម្ព័ន្ធមិត្តក្រៅ​ផ្លូវការ​ដ៏​ខ្លាំង​បំផុត​របស់​កោះ​តៃវ៉ាន់។ ប្រទេស​ចិន​សម្តែង​ការ​ខឹងសម្បា​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោនដែល​បាន​ជួយ​ដល់កោះ​តៃវ៉ាន់​និង​បាន​ថ្កោល​ទោស​កិច្ចព្រមព្រៀងកាលពី​សប្តាហ៍​មុន​ជាមួយ​កោះ​តៃវ៉ាន់ ស្តីពី​ការការពារ​ដែនកោះ៕​

XS
SM
MD
LG