ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស៖​ការ​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​ដោយ​លោក​ហ៊ុន សែន​គ្មាន​តម្លាភាព


ពលរដ្ឋ​បឹងកក់​មិន​ពេញចិត្ត​នឹង​គណៈកម្មការ​វាស់វែង​ដីធ្លី
ពលរដ្ឋ​បឹងកក់​មិន​ពេញចិត្ត​នឹង​គណៈកម្មការ​វាស់វែង​ដីធ្លី
អង្គការ​សិទ្ធិ​មនុស្ស​ស.រ.អា.​មួយ​បាន​និយាយ​ថា​ ការ​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មាន​អំពើ​រំលោភ​បំពាន​ច្រើន​ និង​គ្មាន​តម្លាភាព។​

អង្គការ​សិទ្ធិមនុស្ស​ យូមែនរៃវច​ បាន​ថ្លែង​ថា​ យុទ្ធនាការ​ផ្តល់កម្ម​សិទ្ធិ​ដីធ្លី​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គ្មាន​តម្លាភាព​និង​ការ​ទទួលខុស​ត្រូវ​ ដោយ​បាន​ ទទូច​ដល់​សហគមន៍​ប្រទេស​ផ្តល់​ជំនួយ​ថា​ យុទ្ធនាការ​នេះ​ត្រូវតែ​ធ្វើការ​កែ​ទម្រង់ តាម​វិជ្ជាជីវៈ​និង​មិន​ត្រូវ​ជាប់​ទាក់ទិន​នឹង​នយោបាយ​ បើមិន​ដូច្នេះ​ទេកម្មវិធី​នេះ​គួរ​លុប​ចោល។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​នេះ​បាន​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ចំពោះ​ការ​ប្រកាស​ផ្អាក​ដំណើរ​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​មួយ​រយៈ​ពេល​រហូតដល់​ក្រោយ​ការ​បោះឆ្នោត​ តែ​បាន​បញ្ជាក់​ថា​ កម្ម​វិធី​នេះ​មាន​ពលរដ្ឋ​ខ្លះ​មាន​ផល​ប្រយោជន៍​ តែ​ខ្លះ​ត្រូវ​គេ​រឹបអូស​ដីធ្លី​ ផ្ទះ​សម្បែង​ដែល​ប្រព្រឹត្ត​ដោយ​ពួក​មន្ត្រី​មាន​អំណាច ​ហើយ​ដែល​គ្មាន​ច្បាប់​ការពារ។​

កម្មវិធី​នេះ​ក៏​មិន​អនុញ្ញាត​ឲ្យអ្នក​ឃ្លាំមើល​នៃ​អង្គការ​ឯករាជ្យ​បាន​ចូលរួម​ទេ ​ហើយពលរដ្ឋ​រង​ការ​គំរាម​កំហែង​ ប្រសិន​បើហ៊ាន​ប្តឹង​ផ្តល់ពីការ​រំលោភ​បំពាន​ដីធ្លី។​ អង្គការ​យូមែនរៃវច​បាន​រំឭកប្រទេស​អ្នក​ផ្តល់​ជំនួយ​អំពីរឿង​រំលោភ​បំពាន​និងរឿង​គ្មាន​តម្លាភាព​នេះ​គឺ​ម្ចាស់​ជំនួយ​ដែល​ពុំ​បាន​ចាត់​វិធាន​ការគ្រប់​គ្រាន់​នៅ​ឡើយ។​

លោក​ ប្រេដ អាដាំ​ នាយក​អង្គការ​យូមែនរៃវច​ប្រចាំ​តំបន់​អាស៊ី​បាន​បញ្ជាក់​ថា៖ «ជា​រឿង​អភ័ព្វ​ណាស់​ ពេលដែល​អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប.​ស្តីពី​សិទ្ធិ​មនុស្ស​បាន​បញ្ចេញ​សំឡេង​ប្រកាស​អាសន្ន​ ក្រុម​អ្នក​ផ្តល់​ជំនួយ​មើលទៅ​បែរជា​មាន​ភាពរួញរា​ មិន​ទាមទារ​ឲ្យ​មាន​តម្លាភាព​និង​ការ​ទទួល​ខុសត្រូវ​អំពី​គម្រោង​ការ​ ដែល​មាន​ផល​ប៉ះពាល់​ដ៏​ធំ​នេះ។​ ជា​ជាងរីករាយ​ក្នុងការ​ទទួល​យកកម្មវិធី​និង​ដំណើរការ​ខុសឆ្គង​ជាមូលដ្ឋាន​មួយ​នេះ ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​គួរតែ​ទាមទារ​ថា​ គម្រោងនេះ​ត្រូវបោះ​ចោល​ ឬ​ត្រូវ អនុញ្ញាត​ឲ្យ​មាន​ការ​ឃ្លាំ​មើល​ និងការអនុវត្ត​តាម​បទដ្ឋាន​អន្តរជាតិ​ឲ្យបាន​ត្រឹម​ត្រូវ»។​

អង្គការ​យូមែនរៃវច​បាន​អំពានាវ​ឲ្យ​អ.ស.ប.​ និង​ធនាគារ​ពិភព​លោក​ធានា​ឲ្យ​មាន​ការ​សើរើ​បញ្ហានេះ​ ហើយ​ស្នើ​ថា ​ធនាគារ​ពិភព​លោក​ត្រូវ​បន្ត​ព្យួរ​ការផ្តល់​ជំនួយ​ថ្មី​របស់​ខ្លួន​សម្រាប់​កម្ពុជា ​រហូតទាល់​តែ​អ្នកភូមិ​បឹងកក់​ទទួល​បាន​កម្ម​សិទ្ធិ​ដីធ្លី​ ឬ​ទទួល​បាន​សំណង​ដែល​អាច​ទទួល​យក​បាន។​

អង្គការ​យូមែនរៃវច​បាន​អះអាង​ថា​ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៧០​ម៉ឺននាក់​នៅ​ក្នុង​តំបន់​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​រងគ្រោះ​ដោយសារ​ការ​ផ្តល់ដី​សម្បទាន​ អភិវឌ្ឍ​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​បរទេស​ចិន​និង​វៀតណាម​ ដែល​មន្ត្រី​គណបក្ស​ ប្រជាជន​កម្ពុជា​កំពុងយក​រឿង​នេះ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។​

តែបើតាម​ស្ថិតិ​ផ្លូវការ​ដែល​អង្គការ​យូមែនរៃវច​បាន​ដកស្រង់​មក​បញ្ជាក់​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា​ គម្រោង​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​ដែល​មាន​យុវជន​ទទួល​ខុសត្រូវ​នោះ​ បាន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​៣៥​ម៉ឺន​គ្រួសារ​ ដោយ​វាស់ដី​បាន​១លានហិកតា។​ តែសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូមែនរៃវច​បាន​អះអាង​ថា​ មាន​អំពើ​ពុករលួយ​ក្នុង​ការ​ចុះវាស់​វែង​ដីធ្លី​ ហើយ​មាន​ការ​រើសអើង​ដល់​អ្នក​ស្រុក​ ដែល​គាំទ្រ​គណបក្ស​ជំទាស់​ផងដែរ​ ដូចជា​ក្នុង​ខេត្ត​កោះកុង​ជាដើម។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថ្លែង​ជា​សាធារណៈ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បី​កន្លែង​នៅ​ខេត្ត​ពោធិសាត់​ កាលពី​ម្សិលមិញ។ លោក​បាន​ទទូច​ឲ្យ​ក្រុម​យុវជន​ ដែល​វាស់វែង​ និង​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​នេះ​ បញ្ឈប់​ការ​វាស់វែង​ដី​ជូន​ប្រជា​ពលរដ្ឋ​នៅថ្ងៃ​១៩ ​មិថុនា​ ដោយ​ខ្លាច​ថា​ វា​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។​

លោកនិយាយថា៖ «សុំរយៈ​ពេល​គាត់​ (ពលរដ្ឋ)​ថា​ ពេលនេះ​ជា​ពេល​យុទ្ធនាការ​បោះឆ្នោត​ មិនអាច​ធ្វើ​កើត​ទេ​ អាច​បក្ស​ដ៏ទៃ​គេប្តឹង ​មិនត្រឹម​តែការ​វាស់វែង​ទេ​ តែ​ថែម​ទាំងការ​ចែក​បណ្ណ​កម្មសិទ្ធិ​ដែល​ចុះ​ហត្ថ​លេខា​ហើយ​ក៏អត់​បាន​ដែរ»។​

បញ្ហា​ជម្លោះដីធ្លី​បាន​កើត​ឡើង​ពាសពេញ​ប្រទេស​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​ បន្ទាប់​ពី​តម្លៃ​ដី​ឡើង​ថ្លៃ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG