ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​និង​ជប៉ុន​រឹត​បន្តឹង​លក្ខខណ្ឌ​​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក


ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​ពេល​ប្រមូលផ្តុំ​រិះគន់​ដល់​ការ​រឹតត្បិត​ពាណិជ្ជកម្ម​ថ្មី​របស់​ជប៉ុន​ទៅ​លើ​កូរ៉េ​ខាង​ត្បូង នៅ​មុខ​ស្ថានទូត​ជប៉ុន ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទថា ​ខ្លួន​នឹង​ដក​ប្រទេស​ជប៉ុន​ចេញ​ពី​បញ្ជី​ដៃ​គូ​ពាណិជ្ជកម្ម​ដែល​គួរឱ្យ​ទុក​ចិត្តទៅ​ជាប្រភេទ​ថ្មី​មួយ​ដែល​ត្រូវ​មាន​ការ​រឹត​បន្តឹង​ជាង​មុខលើ​ការ​នាំ​ចេញ​ទំនិញ។​

ការ​ប្រកាស​នេះ​គឺ​ជា​វិធានការចុងក្រោយ​នៅក្នុង​ជម្លោះ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​ប្រទេស​ជប៉ុន​បាន​ទម្លាក់​កូរ៉េ​ខាង​ត្បូង​ចេញពី​បញ្ជី​ដៃ​គូ​ពាណិជ្ជកម្ម​ដែល​ខ្លួន​ពេញ​ចិត្ត។​

រដ្ឋមន្ត្រី​ពាណិជ្ជ​កម្មកូរ៉េខាង​ត្បូង​លោក​ Sung Yun-mo ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ប្រភេទថ្មី​គឺ​សម្រាប់​ប្រទេស​ដែល​បាន​មាន​ការ​នាំ​ចេញ​រំលោភបទដ្ឋាន​អន្តរជាតិ។​ ការ​ផ្លាស់​ប្តូរ​នេះគ្រោង​នឹង​ចូល​ជាធរមាន​នៅ​ខែ​កញ្ញា។​ នៅ​ពេល​វិធានការ​នេះ​ចូល​ជា​ធរមាន​ ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ដែល​ចង់​បញ្ជូន​ទំនិញ​ទៅ​កាន់​ប្រទេស​ជប៉ុន​នឹង​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​អនុម័ត​ដែល​ចំណាយ​ពេល​រហូត​ដល់​១៥​ថ្ងៃ។ ​ប្រព័ន្ធ​បច្ចុប្បន្ន​ចំណាយ​ពេល​ប្រហែល​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ។​ គោល​នយោបាយ​ថ្មី​នេះ​របស់​ប្រទេស​ជប៉ុន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា។​ រដ្ឋាភិបាល​ក្រុង​តូក្យូ​ទទូច​ថា ​ការសម្រេច​ចិត្ត​របស់​ខ្លួន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ព្រួយ​បារម្ភអំពី​សន្តិសុខ​ជាតិ។​

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ជប៉ុន​និងកូរ៉េ​ខាងត្បូង​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ​៣ ​និងទី១១​របស់​ពិភពលោក​នឹង​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​បណ្តាញ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទូទាំង​ពិភព​លោក ​ព្រោះ​កូរ៉េខាង​ត្បូង​ផលិត​ memory chips ​ឬ​បន្ទះ​អង្គចងចាំចំនួន​៧០​ភាគរយ​ក្នុង​ពិភពលោក៕

XS
SM
MD
LG