ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Moon Jae-in បានថ្លែងថា ប្រទេសរបស់លោករីករាយនឹងសហការជាមួយនឹងប្រទេសជប៉ុនដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មដែលកាន់តែតានតឹងឡើង ប្រសិនបើរដ្ឋាភិបាលក្រុងតូក្យូព្រមព្រៀងនឹងចូលរួមចរចានោះ។
លោកប្រធានាធិបតី Moon បានលើកឡើងយ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយ ដើម្បីប្រារព្ធខួបទី ៧៤នៃការទទួលបានសេរីភាពរបស់ឧបទ្វីបកូរ៉េពីប្រទេសអាណានិគមជប៉ុន ដែលបានចាប់ផ្ដើមឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។
សំណើផ្សះផ្សាគ្នារបស់លោក Moon នេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលក្រុង សេអ៊ូល បានប្រកាសថា ខ្លួននឹងដករដ្ឋាភិបាលក្រុងតូក្យូចូលក្នុងប្រភេទពាណិជ្ជកម្មថ្មីមួយ ដែលដាក់កម្រិតកាន់តែខ្លាំងជាងមុនទៅលើការនាំចេញទំនិញមួយចំនួន។ ការសម្រេចនេះទំនងជាការសងសឹកទៅនឹងការសម្រេចរបស់ជប៉ុនក្នុងការដកប្រទេសកូរ៉េខាងត្បូងចេញពីបញ្ជីប្រទេសជាដៃគូពាណិជ្ជកម្មពិសេសរបស់ខ្លួន។
អ្នកតាមដានមើលសភាពការណ៍នេះជាច្រើនយល់ឃើញថា សកម្មភាពរបស់ជប៉ុនគឺជា ការសងសឹកនឹងការសម្រេចរបស់តុលាការកូរ៉េខាងត្បូងក្នុងពេលថ្មីៗនេះដែលបញ្ជាឲ្យបណ្ដាក្រុមហ៊ុនជប៉ុនផ្ដល់សំណងដល់ជនចាស់ជរាកូរ៉េដែលត្រូវបានបង្ខំឲ្យធ្វើការក្នុងរោងចក្រជប៉ុនក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទីពីរ៕