ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​ប្រតិកម្ម​ប្រឆាំង​នឹង​លោក Trump


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ត្រឡប់​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ពី​ព្រលាន​យន្តហោះ Morristown Municipal Airport ក្នុង​ក្រុងMorristow រដ្ឋ New Jersey កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ត្រឡប់​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ពី​ព្រលាន​យន្តហោះ Morristown Municipal Airport ក្នុង​ក្រុងMorristow រដ្ឋ New Jersey កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

វា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ដែល​ពេល​ខ្លះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ធ្វើ​ល្អ​ដាក់​ប្រទេស​ជា​សត្រូវ​របស់​លោក​ជាង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ ប៉ុន្តែ​វិធីសាស្រ្ត​ចរចា​មិន​សមរម្យ​របស់​លោក Trump ហាក់​ទំនង​បង្ហាញ​ការ​មិន​សប្បាយចិត្ត​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ ជាពិសេស​ក្នុង​ចំណោម​ក្រុម​អភិរក្ស​និយម​ដែល​បង្ហាញ​ការរិះគន់​កាន់តែខ្លាំង​ទៅលើ​មេដឹក​សហរដ្ឋអាមេរិក​រូប​នេះ។

នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ​ មាន​រឿង​បន្តិចបន្តួច​កើតឡើង ​ប៉ុន្តែ​ត្រូវ​បាន​គេកត់​សម្គាល់​ថា​ជា​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ចំណោម​ក្រុម​អភិរក្សនិយម​កូរ៉េខាងត្បូង​ដែល​ជា​ធម្មតា​ជា​អ្នកគាំទ្រ​សហរដ្ឋអាមេរិក ខណៈលោក Trump បន្ត​និយាយ​សសើរ​មេដឹកនាំ​កូរ៉េខាង​ជើង​លោក Kim Jong Un ប៉ុន្តែ​បែរ​ជា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ពាក់ព័ន្ធ​នឹង​ការចរចា​លើ​វិភាគទាន​ដែល​ត្រូវ​ចំណាយ​លើ​កងទ័ព​សហរដ្ឋអាមេរិក​នៅ​កូរ៉េ​ខាងត្បូង។ នេះ​មិនមែន​ជា​យុទ្ធសាស្រ្ត​ថ្មី​នោះ​ទេ។

លោក Trump បាន​សសើរ​លោក Kim ដែល​ជា​មិត្តភក្តិ​របស់​លោក​ជាង​មួយឆ្នាំ​មក​នេះ​ បន្ទាប់​ពី​លោក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ ឲ្យ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប៉ុន្តែ​ការចរចា​បាន​ជាប់គាំង​ម្តង​ហើយម្តងទៀត​ ហើយ​លោក Kim ចាប់​ផ្តើមបង្ក​រករឿង​ប្រឆាំង​នឹងកូរ៉េ​ខាងត្បូង​កាន់​តែខ្លាំង​ ដែល​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​នៅ​កូរ៉េខាង​ត្បូង​អស់​ការអត់ធ្មត់។ កាល​ពី​ដើមខែ​នេះ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង​បាន​រិះគន់​លោក Trump ថា​ព្រងើយកន្តើយ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​ ហើយ​ស្របពេល​ជា​មួយ​គ្នានោះ​ លោក Trump បាន​និយាយ​សសើរ​លោក Kim ថា​ជា​មេដឹកនាំ​មាន​ទស្សនៈ​វិស័យ​អស្ចារ្យ​សម្រាប់​ប្រទេស​របស់​លោក។

ពួក​អ្នក​អភិរក្សនិយម​មួយចំនួន​បាន​លើកឡើង​ពី​ក្តីបារម្ភ​ថា លោក Trump កំពុង​ទុក​ពេល​ច្រើន​ហួសហេតុ​បណ្តោយ​ឲ្យ​លោក Kim ផលិត​អាវុធ​នុយក្លេអ៊ែរ ដោយ​លោក​និយាយ​ថា​លោក​គ្មាន​បញ្ហា​ជាមួយ​នឹង​ការ​បាញ់​គ្រាប់​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាងជើង​ទេ​ បើទោះបី​ជា​គ្រាប់​មីស៊ីល​រយៈចម្ងាយជិត​អាច​បាញ់​ដល់​គ្រប់​កន្លែង​ក្នុង​ប្រទេសកូរ៉េ​ខាងត្បូង​យ៉ាងណា​ក៏ដោយ៕

XS
SM
MD
LG