ការចរចាជាមួយប្រទេសកូរ៉េខាងជើងនៅកំពុងជាប់គាំងនៅឡើយ។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្កើនការបាញ់មីស៊ីលផ្លោងរបស់ខ្លួនជាហូរហែរ។ ហើយចំណែកឯនៅក្នុងសហរដ្ឋអាមេរិកវិញ គូប្រជែងឈានមុខគេរបស់លោកប្រធានាធិបតី Donald Trump កំពុងគំរាមកំហែងថានឹងចាត់វិធានការតឹងរឹងទៅលើមេដឹកនាំកូរ៉េខាងជើង Kim Jong Un។
ទាំងនេះបានបន្ថែមបញ្ហាកាន់តែខ្លាំងទៅដល់រដ្ឋាភិបាលសេរីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដែលធ្លាប់បានជួយរៀបចំកិច្ចចរចា នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ឲ្យកើតជារូបរាង ឡើង ប៉ុន្តែឥឡូវនេះកូរ៉េខាងត្បូងអាចធ្វើបានតែបន្តិចបន្តួចប៉ុណ្ណោះក្នុងការជំរុញឲ្យកិច្ចចរចាដំណើរការទៅមុខ។
លោក Song Young-gil សមាជិកសភាកូរ៉េខាងត្បូង និងជាសមាជិកនៃគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Moon បានប្រាប់ VOA ថា «លោក Trump ប្រហែលជានិយាយថា ពេលវេលាមិនមែនជាបញ្ហាទេ ប៉ុន្តែយើងគ្មានពេលគ្រប់គ្រាន់ទេ។ បញ្ហាគួរតែត្រូវបញ្ចប់នៅត្រឹមដំណាច់ឆ្នាំនេះ»។
កូរ៉េខាងជើងបានដាក់កាលកំណត់ត្រឹមចុងឆ្នាំនេះ ដើម្បីឲ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការចរចាជាមួយកូរ៉េខាងជើង ដែលបានជាប់គាំងចាប់តាំងពីជំនួបកំពូលរវាងលោកប្រធានាធិបតី Trump និងលោក Kim កាលពីខែកុម្ភៈ ដែលទទួលបរាជ័យក្នុងការចរចាអំពីការដកទណ្ឌកម្មចេញពីកូរ៉េខាងជើងជាថ្នូរនឹងដំណាក់កាលនៃការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
កូរ៉េខាងជើងបានយល់ព្រមធ្វើការចរចាសារជាថ្មីបន្ទាប់ពីយោធាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការធ្វើសមយុទ្ធយោធានៅចុងខែនេះ។ នេះបើយោងតាមការប្រកាសរបស់លោក Trump។ ប៉ុន្តែគ្មានភាគីណាមួយប្រកាសបន្ទន់ជំហរជាសាធារណៈឡើយ។ ហើយគេនៅមិនទាន់ដឹងច្បាស់ទេថាតើជំនួបលើកទីបួនរវាងលោក Trump និងលោក Kim នឹងអាចសម្រេចបានលទ្ធផលអ្វីខ្លះនោះទេ៕