កោះតៃវ៉ាន់បានធ្វើបុណ្យសពលោក Lee Teng-hui អតីតប្រធានាធិបតីដែលគេហៅថា«លោកប្រជាធិបតេយ្យ» ដោយសារលោកបានបញ្ចប់ការគ្រប់គ្រងផ្តាច់ការដើម្បីឱ្យមានការបោះឆ្នោតដោយសេរី និងជំរុញអត្តសញ្ញាណរបស់តៃវ៉ាន់ដាច់ដោយឡែកពីប្រទេសចិន។ នេះ បើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា កន្លងទៅនេះ។
ពិធីបុណ្យសពលោក Lee Teng-hui បានប្រព្រឹត្តទៅនៅពេលប្រទេសចិនលេងល្បែងសង្គ្រាមដូចដែលប្រទេសចិនបានធ្វើកាលពីពេលលោកបានជាប់ឆ្នោតជាមេដឹកនាំប្រជាធិបតេយ្យទីមួយនៃកោះតៃវ៉ាន់កាលពីឆ្នាំ១៩៩៦។ ចិនបានអះអាងថា កោះនេះជាដែនដីខ្លួនផ្ទាល់។
លោក Lee Teng-hui បានកាន់តំណែងប្រធានាធិបតីតៃវ៉ាន់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០០០។
សកម្មភាពរបស់លោក Lee ដែលរឹងទទឹងនឹងប្រទេសចិនបំផុត បានធ្វើឱ្យលោកជាប់ឆ្នោតជាប្រធានាធិបតីតាមលទ្ធិប្រជាធិបតេយ្យដំបូងគេនៅកោះតៃវ៉ាន់ កាលពីខែមីនា ឆ្នាំ១៩៩៦ ដោយទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្រោយពេល៨ខែនៃល្បែងសង្គ្រាមបំភិតបំភ័យនិងការបាញ់សាកល្បងកាំជ្រួចរបស់ចិនទៅក្នុងដែនសមុទ្រនៅជុំវិញកោះនោះ។
ព្រឹត្តិការណ៍ទាំងនោះ បានធ្វើឱ្យប្រទេសចិននិងកោះតៃវ៉ាន់ជិតមានសង្គ្រាម ហើយបានបណ្តាលឱ្យស.រ.អា.បញ្ជូននាវាដឹកយន្តហោះមួយគ្រឿងនិងកងនាវាចម្បាំងអមដំណើរទៅកាន់តំបន់នោះជាការព្រមានមួយដល់រដ្ឋាភិបាលក្រុងប៉េកាំង។
កាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញា ប្រទេសចិនបានធ្វើសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ដោយបានបញ្ជូនយន្តហោះចម្បាំង១៨គ្រឿងទៅរំខានកោះតៃវ៉ាន់ ពីព្រោះរដ្ឋាភិបាលប៉េកាំងខឹងនឹងទស្សនកិច្ចដោយមន្ត្រីស.រ.អា.ជាន់ខ្ពស់ម្នាក់ក្នុងក្រុងតៃបុិ ដើម្បីចូលរួមក្នុងពិធីបុណ្យសពលោក Lee។
ថ្លែងនៅក្នុងពិធីបុណ្យសពនៅឯវិហារគ្រិស្តសាសនាក្នុងសាកលវិទ្យាល័យមួយក្នុងក្រុងតៃបុិ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានមានប្រសាសន៍ថា លោក Lee Teng-hui បានរៀបចំឱ្យមានកោះតៃវ៉ាន់បច្ចុប្បន្ននេះ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានមានប្រសាសន៍ថា៖
«ដោយគ្មានរារែកប្រឈមនឹងឧបសគ្គអន្តរជាតិ លោកបានដឹកនាំប្រជារាស្ត្រតៃវ៉ាន់ដោយប៉ិនប្រសប់ដោយលើកស្ទួយកិច្ចការទូតប្រកបដោយសាច់ការ។ កោះតៃវ៉ាន់បានក្លាយទៅជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ ហើយបានធ្វើចលនាយ៉ាងលឿនតាមទិសដៅថ្មីមួយលើឆាកអន្តរជាតិ។ ដោយសារស្នាដៃទាំងនេះ លោកប្រធានាធិបតី Lee បានត្រូវគេឲ្យរហ្សសនាមថា លោកប្រជាធិបតេយ្យ»។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានមានប្រសាសន៍ទៀតថា៖
«ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់លោក នៅពេលនេះ កោះតៃវ៉ាន់ បញ្ចេញរស្មីនៃលទ្ធិប្រជាធិបតេយ្យ»។
លោក Lee Teng-hui ដែលជាអ្នកគោរពគ្រិស្តសាសនាហ្មត់ចត់ បានទទួលអនិច្ចកម្មកាលពីខែកក្កដា ក្នុងជន្មាយុ៩៧ឆ្នាំ។
លោក Keith Krach អនុរដ្ឋមន្ត្រីស.រ.អា.ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshiro Mori បានចូលរួមក្នុងពិធីបុណ្យសពលោកដែរ។
សពលោក Lee នឹងត្រូវបញ្ចុះក្នុងកន្លែងបញ្ចុះសពយោធាមួយនៅខែក្រោយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ