ប្រជាពលរដ្ឋនៃដែនដីព័រតូរីកូរបស់សហរដ្ឋអាមេរិក បានបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិដែលមិនតម្រូវឲ្យប្រតិបត្តិតាមមួយ កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីឲ្យដែនដីព័រតូរីកូក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក។
សំឡេងឆ្នោតជិត ៥ សែននាក់ បានគាំទ្រឲ្យដែនដីព័រតូរីកូក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក សំឡេងឆ្នោតប្រហែល ៧ ពាន់ ៦ រយសំឡេង គាំទ្រឲ្យដែនដីព័រតូរីកូមានឯករាជ្យភាពសេរី និងសំឡេងឆ្នោតជិត ៦ ពាន់ ៧ រយសំឡេងទៀត គាំទ្រឲ្យរដ្ឋាភិបាលឋានៈរបស់ដែនដីព័រតូរីកូឲ្យនៅដូចពេលបច្ចុប្បន្ន។ អ្នកចេញមកបោះឆ្នោតសរុប មានចំនួន ២៣ ភាគរយ។
លោក Pedro Rossello អភិបាលដែនដីព័រតូរីកូ បាននិយាយថា៖ «នៅក្នុងប្រទេសប្រជាធិបតេយ្យណាក៏ដោយ ឆន្ទៈដែលបង្ហាញឡើងដោយប្រជាពលរដ្ឋភាគច្រើនដែលចូលរួមនៅក្នុងដំណើរការបោះឆ្នោត ជាទូទៅឈ្នះលើអ្វីៗទាំងអស់។ វានឹងមានលក្ខណៈផ្ទុយស្រឡះខ្លាំងសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ផ្សេងៗនៅជុំវិញពិភពលោក ហើយមិនឆ្លើយតបទៅនឹងសិទ្ធិស្វ័យសម្រេចស្របច្បាប់ ដែលអនុវត្តនាពេលបច្ចុប្បន្ននេះនៅក្នុងដែនដីព័រតូរីកូ»។
នេះគឺជាលើកទី ៥ ហើយ ដែលការធ្វើប្រជាមតិមិនតម្រូវឲ្យប្រតិបត្តិតាមនេះ ត្រូវបានធ្វើឡើង។ កាលពីឆ្នាំ ២០១២ ប្រជាពលរដ្ឋដែនដីព័រតូរីកូនេះ ក៏បានបោះឆ្នោតគាំទ្រឲ្យដែនដីព័រតូរីកូក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិកដែរ ប៉ុន្តែត្រូវបានបដិសេធដោយសភាសហរដ្ឋអាមេរិក។
ការធ្វើប្រជាមតិម្សិលមិញនេះ ធ្វើឡើងស្របពេលការប្រារព្ធខួបលើកទី ១០០ នៃការដែលសហរដ្ឋអាមេរិកផ្ដល់សញ្ជាតិអាមេរិកាំងដល់ប្រជាពលរដ្ឋព័រតូរីកូ ទោះបីជាពួកគេត្រូវបានហាមឃាត់មិនឲ្យចូលរួមនៅក្នុងការបោះឆ្នោតប្រធានាធិបតី និងមានតំណាងរបស់ខ្លួននៅក្នុងសភាតែម្នាក់គត់ ដែលមានអំណាចតិចតួចតែប៉ុណ្ណោះក៏ដោយ៕