កាលពីខែកញ្ញា មនុស្សរាប់ម៉ឺននាក់បានតវ៉ានៅទូទាំងប្រទេស ដែលក្នុងនោះមានទាំងរដ្ឋធានីហ្សាការតាផងដែរ។ នៅក្នុងការតវ៉ាក្នុងទីក្រុងហ្សាការតា ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកាណុងទឹកដើម្បីបំបែកក្រុមនិស្សិតតវ៉ានៅខាងក្រៅអាគាររដ្ឋសភាកាលពីថ្ងៃទី ២៤ ខែកញ្ញា។
មនុស្សភាគច្រើនខកចិត្តចំពោះសំណើច្បាប់មួយដែលនឹងពង្រឹងការហាមឃាត់ដែលមានស្រាប់ចំពោះការរំលូតកូន ការមានទំនាក់ទំនងផ្លូវភេទក្រៅពីប្ដីប្រពន្ធ ការមើលងាយព្រះ និងការប្រមាថប្រធានាធិបតី ឬក៏និមិត្តរូបផ្សេងទៀតរបស់រដ្ឋាភិបាល។
អ្នកខ្លះទៀតមានការខឹងសម្បារចំពោះការអនុម័តច្បាប់កាលពីពេលថ្មីៗនេះ ដែលគំរាមលុបចោលឯករាជ្យភាព និងដកហូតអំណាចសំខាន់ៗរបស់គណៈកម្មការប្រឆាំងអំពើពុករលួយ ដែលជាគណៈកម្មការដ៏គួរឲ្យគោរពរបស់ប្រទេស។
មួយវិញទៀត មនុស្សយ៉ាងហោចណាស់ ៣០ នាក់ ត្រូវបានសម្លាប់កាលពីចុងខែកញ្ញា ក្នុងអំឡុងពេលផ្ទុះឡើងនូវការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅតំបន់ Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដែលនៅទីនោះមានការបះបោរតូចតាចកើតឡើងអស់រយៈពេលជាយូរមកហើយ។
ការវិវត្តទាំងនេះបានរួមគ្នាក្លាយជាការប្រឈមដ៏ចម្បងមួយចំពោះលោកប្រធានាធិបតី Joko Widodo ដែលគ្រោងនឹងចាប់ផ្ដើមការដឹកនាំអាណត្តិទីពីររបស់លោករយៈពេល ៥ ឆ្នាំទៀត ចាប់ពីថ្ងៃទី ២០ ខែតុលាខាងមុខនេះតទៅ បន្ទាប់ពីបានឈ្នះការបោះឆ្នោតដោយស្រួលបំផុតកាលពីខែមេសា។
អ្នកស្រី Devi Asmarani ដែលជាស្ថាបនិក និងជានិពន្ធនៃទស្សនាវដ្ដី The Magdalene នៅក្នុងទីក្រុងហ្សាការតាដែលផ្ដោតលើស្ត្រី និយាយថា៖ «រឿងនេះគឺធ្ងន់ធ្ងរណាស់»។
លោក Widodo ចង់សើរើក្រមព្រហ្មទណ្ឌរបស់ប្រទេសឥណ្ឌូណេស៊ីជាយូរមកហើយ ដែលក្រមព្រហ្មទណ្ឌនេះត្រូវបានបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំអាណានិគមហូឡង់។ ការប្រឹងប្រែងរបស់លោក Widodo កាលពីលើកមុននៅក្នុងការសើរើច្បាប់នេះ មិនបានទទួលជោគជ័យនោះទេ។
អ្នកស្រី Asmarani និយាយថា៖ «គោលបំណងទាំងមូលគឺធ្វើឲ្យក្រមព្រហ្មទណ្ឌនេះមានលក្ខណៈបែបឥណ្ឌូណេស៊ី ដោយសារតែវាជាកេរដំណែលសល់ពីសម័យអាណានិគមហូឡង់។ ប៉ុន្តែ សំណើច្បាប់ថ្មីនេះមានបំណងដាក់ទោសទណ្ឌគ្រប់រឿងទាំងអស់»។
សារព័ត៌មានអន្តរជាតិភាគច្រើនបានផ្ដោតការរាយការណ៍លើទិដ្ឋភាពនៃសំណើច្បាប់នេះ ដែលជាសំណើច្បាប់ដែលចាត់ទុកការរួមភេទក្រៅពីប្ដីប្រពន្ធជារឿងខុសច្បាប់ និងលើវិធីដែលច្បាប់នេះអាចប៉ះពាល់ដល់កន្លែងទិសដៅទេសចរណ៍អន្តរជាតិប្រជាប្រិយនានារបស់ប្រទេសឥណ្ឌូណេស៊ីដូចជាកោះបាលីជាដើម។
ប៉ុន្តែ សំណើច្បាប់ដែលមានជាង ៦ រយមាត្រានេះ អាចប៉ះពាល់ដល់មួយផ្នែកធំនៃសង្គមឥណ្ឌូណេស៊ី។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានហៅសំណើក្រមព្រហ្មទណ្ឌនេះថាជា «គ្រោះមហន្តរាយមិនត្រឹមតែសម្រាប់ស្ត្រី និងអ្នកកាន់សាសនាភាគតិច និងអ្នកស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់ផងដែរ»។
លោក Andreas Harsono អ្នកស្រាវជ្រាវផ្ដោតលើប្រទេសឥណ្ឌូណេស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់ថា វាទំនងជាប៉ះពាល់មិនស្មើភាពគ្នាចំពោះស្ត្រី និងដាក់ទោសទណ្ឌចំពោះការរួមភេទរបស់អ្នកស្រលាញ់ភេទដូចគ្នា ដែលជាអ្វីដែលប្រទេសឥណ្ឌូណេស៊ីមិនដែលធ្វើពីមុនមកនោះទេ។
នៅក្រោមសំណើច្បាប់នេះ ប្ដីប្រពន្ធណាដែលរួមភេទក្រៅពីប្ដី ឬក៏ប្រពន្ធរបស់ខ្លួន អាចជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។ ចំពោះគូសង្សារមិនទាន់រៀបការណា ដែលរស់នៅជាមួយគ្នា ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ៦ ខែ។ ចំណែកឯការរំលូតកូនវិញគឺត្រូវបានចាត់ទុកថាខុសច្បាប់ នៅស្ទើរតែគ្រប់កាលៈទេសៈទាំងអស់។
កាលពីចុងខែកញ្ញា សមាជិកសភាបានពន្យារពេលពិភាក្សាលើសំណើច្បាប់នេះ បន្ទាប់ពីលោក Widodo ធ្វើតាមការដាក់សម្ពាធរបស់សាធារណជន ដោយបាននិយាយថា មតិយោបល់បន្ថែមទៀតគឺត្រូវការចំពោះសំណើច្បាប់នេះ។ ប៉ុន្តែ អ្នកខ្លះខ្លាចថា សំណើច្បាប់នេះអាចត្រូវបានអនុម័តនៅការប្រជុំរដ្ឋសភាបន្ទាប់។
ការតវ៉ានៅតែបន្តធ្វើឡើង ទោះបីជាសំណើច្បាប់នេះត្រូវបានរដ្ឋសភាផ្អាកការពិភាក្សាបណ្ដោះអាសន្នក៏ដោយ។ កាលពីចុងខែកញ្ញា នៅក្នុងទីក្រុងហ្សាការតា អ្នកតវ៉ារាប់រយនាក់ និងមន្ត្រីប៉ូលិសរាប់សិបនាក់បានរងរបួស នៅពេលដែលអ្នកតវ៉ាព្យាយាមបំបែកចូលអាគាររដ្ឋសភា។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។
ការតវ៉ានេះគឺជាការតវ៉ាដ៏ធំបំផុតដែលប្រទេសឥណ្ឌូណេស៊ីមិនដែលជួបប្រទះតាំងពីឆ្នាំ ១៩៩៨ មក។ កាលពីឆ្នាំ ១៩៩៨ ការតវ៉ាទ្រង់ទ្រាយធំបានបណ្ដាលឲ្យមានការលាលែងពីតំណែងរបស់លោក Suharto មេដឹកនាំយោធាដែលបានគ្រប់គ្រងប្រទេសឥណ្ឌូណេស៊ីអស់រយៈពេល ៣ ទសវត្សរ៍។
នៅពេលឥឡូវនេះ អ្នកតវ៉ាខ្លះបានចោទប្រកាន់រដ្ឋាភិបាលថាកំពុងឈានទៅរកភាពផ្ដាច់ការដូចសម័យដឹកនាំ «បែបរបៀបរបបថ្មី» របស់លោក Suharto។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកតវ៉ាបានបង្កើនការទាមទារនូវចំណុចមួយចំនួនបន្ថែមទៀតដូចជាការបញ្ចប់នូវអ្វីដែលពួកគេហៅថា «យោធានិយម» ក្នុងតំបន់ Papua ការបញ្ឈប់ភ្លើងឆេះព្រៃដែលបណ្ដាលមកពីមនុស្ស ដែលភ្លើងឆេះព្រៃនេះបានបង្កឲ្យមានផ្សែងពុលខ្មួលខ្មាញ់ទៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ការដោះលែងអ្នកទោសនយោបាយ និងការកែទម្រង់ក្នុងប្រទេសដ៏ទូលំទូលាយជាងមុនផ្សេងទៀត។
តាំងពីពេលដែលលោក Suharto ធ្លាក់ពីតំណែងមក ប្រទេសឥណ្ឌូណេស៊ីបានធ្វើការកែទម្រង់ជាច្រើន។ អ្នកសង្កេតស្ថានការណ៍និយាយថា កំណែទម្រង់ទាំងនោះឥឡូវនេះកំពុងរកការគំរាមកំហែងពីការបែកបាក់នយោបាយ និងពីឥទ្ធិពល ក៏ដូចជាការឆ្លើយតបទាក់ទិននឹងការយកសាសនាឥស្លាមមកធ្វើនយោបាយ។
លោក Aaron Connelly អ្នកស្រាវជ្រាវនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ IISS នៅក្នុងប្រទេសសិង្ហបុរី និយាយដូច្នេះថា៖ «ជាការពិតណាស់ នយោបាយក្នុងប្រទេសឥណ្ឌូណេស៊ីបានងាកទៅរកទិសដៅមិនសេរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។
លោកបន្ថែមដូច្នេះថា៖ «ករណីនេះគឺមួយផ្នែកបណ្ដាលមកពីការណ៍ដែលអ្នកនយោបាយប្រឆាំងប្រើប្រាស់ចលនាឥស្លាមដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបង្កឲ្យសាធារណជនមានភាពទោមនស្សជាមួយនឹងលោក Widodo។ ប៉ុន្តែ វាក៏បណ្ដាលមកពីវិធានការរបស់លោក Widodo ផ្ទាល់ និងអ្នកដែលលោកបានចាត់តាំងផងដែរនៅក្នុងការបង្ក្រាបលើអ្នកប្រឆាំង»។
អ្នកខ្លះយល់ឃើញថា លោក Widodo មានសម្ព័ន្ធភាពជាមួយនឹងឥស្សរជននយោបាយនានានៃសម័យរបស់លោក Suharto។ ការព្យាយាមរបស់លោក Widodo នៅក្នុងការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌក៏ទទួលបានការគាំទ្រពីក្រុមអ្នកកាន់សាសនាឥស្លាមអភិរក្សនិយមមួយចំនួនផងដែរ។
អ្នកស្រី Asmarani ដែលជាស្ថាបនិក និងជានិពន្ធនៃទស្សនាវដ្ដី The Magdalene បញ្ជាក់ថា កម្លាំងទាំងពីរនេះ ដែលនោះគឺមូលដ្ឋានអំណាចចាក់ឫសចាក់គល់ជាយូរមកហើយ និងកម្លាំងនៃសាសនាឥស្លាមបែបនយោបាយដែលកំពុងតែងើបឡើងបន្តិចម្ដងៗ គឺជាអ្វីដែលបង្កជាការគំរាមកំហែងខ្លាំងក្លា។
អ្នកស្រីបញ្ជាក់ថា «កម្លាំងទាំងពីរនេះនឹងមានឥទ្ធិពលកាន់តែខ្លាំងនៅពេលដែលរួមបញ្ចូលគ្នា» ទាក់ទិននឹងកិច្ចប្រឹងប្រែងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួលដោយ ភី សុភាដា