សម្ដេចប៉ាប Francis បានបញ្ជាក់នៅក្នុងសារថ្ងៃបុណ្យណូអែលរបស់ព្រះអង្គកាលពីថ្ងៃចន្ទថា កុមារដែលស្លាប់នៅក្នុងសង្គ្រាម រួមទាំងនៅក្នុងតំបន់ហ្កាហ្សាផងដែរគឺជា «ព្រះយេស៊ូតូចនៃថ្ងៃនេះ» និងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទីនោះគឺជា «ការច្រូតកាត់ដ៏រន្ធត់» លើជីវិតរបស់ជនស៊ីវិលស្លូតត្រង់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថា «Urbi et Orbi» របស់ព្រះអង្គដែលមានន័យថា «ជូនចំពោះបុរីវ៉ាទីកង់និងពិភពលោក» សម្ដេចប៉ាប Francis ក៏បានហៅផងដែរនូវការវាយប្រហារថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលថា «គួរឱ្យស្អប់ខ្ពើម» និងជាថ្មីម្ដងទៀតបានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងប្រហែល ១០០ នាក់ ដែលនៅជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សានៅឡើយ។
សម្ដេចប៉ាប Francis បានមានបន្ទូលពីរានហាលកណ្ដាលនៃព្រះវិហារគ្រិស្ដសាសនា St. Peter's Basilica ទៅកាន់មនុស្សរាប់ពាន់នាក់នៅទីលានខាងក្រោមថា ឧស្សាហកម្មសព្វាវុធនៅទីបំផុតបានត្រួតត្រាលើ «ខ្សែញ៉ាក់នៃសង្គ្រាម»។
ព្រះអង្គដែលមានព្រះជន្ម ៨៧ ព្រះវស្សានេះ បានប្រារព្ធពិធីបុណ្យណូអែលលើកទី ១១ ក្នុងភារៈរបស់ព្រះ។ ព្រះអង្គបានអំពាវនាវឱ្យមានការបញ្ចប់ជម្លោះមិនថានយោបាយ សង្គម ឬក៏យោធានោះទេនៅតាមប្រទេសនានា ដូចជា អ៊ុយក្រែន ស៊ីរី យេមែន លីបង់ អាមេនីនិងអាស៊ែ បៃហ្សង់ជាដើម ហើយព្រះអង្គបានការពារសិទ្ធិរបស់ជនចំណាកស្រុកនៅទូទាំងពិភពលោក។
ព្រះអង្គបានមានបន្ទូលផ្ដោតលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ថា៖ «សូមឱ្យមានសន្តិភាពនៅអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលនៅទីនោះសង្គ្រាមកំពុងបំផ្លិចបំផ្លាញជីវិតមនុស្ស។ ខ្ញុំឱបក្រសោបពួកគេទាំងអស់ ជាពិសេសសហគមន៍គ្រិស្ដសាសនានៅក្នុងតំបន់ហ្កាហ្សានិងនៅតំបន់ហ្សេរុយសាឡិមទាំងមូលដែលជាទឹកដីពិសិដ្ឋ»៕