ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ផ្អាក​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច


លោក កឹម​ សុខា (ឆ្វេង​ទីពីរ) អនុ​ប្រធាន និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការជួប​ប្រមូល​ផ្តុំ​គ្នា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ២០១៣។
លោក កឹម​ សុខា (ឆ្វេង​ទីពីរ) អនុ​ប្រធាន និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការជួប​ប្រមូល​ផ្តុំ​គ្នា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ២០១៣។
វ៉ាស៊ីនតោន៖ គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ផ្អាក​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជនកម្ពុជា​ បន្ទាប់​ពី​ កងកម្លាំង​យោធា​និង​អាជ្ញាធរ​របស់​រដ្ឋាភិបាល​បាន​បង្ក្រាប​យ៉ាង​សាហាវទៅ​លើក្រុម​កម្មករ​ដែល​តវ៉ា​ទាមទារ​ការដំឡើង​ប្រាក់​បៀវត្សរ៍​និងមាន​ការចាប់ខ្លួន​មេដឹកនាំ​សហជីព​និង​ព្រះសង្ឃ​ផងដែរ។

កាលពី​ដំបូង​តំណាង​នៃ​គណបក្ស​ទាំងពីរ​បាន​កំណត់​ថា​នឹង​ជួបចរចាគ្នា​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ដើម្បី​ស្វែង​រក​វិធី​ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​កំពុង​មាន​នៅក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​នៅថ្ងៃ​នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្កោល​ទោសការប្រើប្រាស់​អំពើ​ហិង្សា​បង្រ្កាបទៅ​លើ​ក្រុម​បាតុករអហិង្សា ហើយ​បញ្ជាក់​បន្ថែម​ថា​គណបក្ស​នេះ​នៅ​រង់ចាំ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង ​នៅថ្ងៃ​នេះសិន។

គណបក្ស​ប្រឆាំង​បាន​ចោទ​ថា ​ការបង្រ្កាប​នេះ​គឺ​ជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឯកភាព​គ្នា​ថា ​មិន​ប្រើ​អំពើ​ហិង្សាក្នុង​ការ​ដោះស្រាយ​ទំនាស់។​


សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះជាតិ​ នឹង​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ចរចា​ឡើងវិញ ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ តែ​ពេល​ណា​ដែល​កងកម្លាំង​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ឈប់​ការប្រើ​អំពើហិង្សា​ទៅ​លើ​ការតវ៉ា​របស់​ព្រះសង្ឃ​និង​កម្មករ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​តទៅទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG