ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​គ្រូ​បង្រៀន​​មិន​ដកថយ​តាម​ការ​គំរាម​របស់​រដ្ឋាភិបាល


លោក រ៉ុង ឈុន ​ប្រធាន​សមាគម​​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។
លោក រ៉ុង ឈុន ​ប្រធាន​សមាគម​​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​តែ​រក្សា​ជំហរ​ដឹកនាំ​មហា​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូ​បង្រៀន​នៅ​សប្តាហ៍​ក្រោយ​នេះ​ ទោះ​បី​ជា​មាន​ការ​គំរាមប្តឹង​ទៅ​តុលាការ​និង​ដក​ច្បាប់​អនុញ្ញាត​ក៏​ដោយ។

លោក រ៉ុង ឈុន ​ប្រធាន​សមាគម​បញ្ជាក់​ថា​មហាកូដកម្ម​របស់​លោក​នៅ​តែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ​នឹង​ធ្វើ​ឡើង​តាម​ការ​កំណត់។

«សម្រាប់​ការ​គំរាម​នេះ​វា​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​តស៊ូ​មតិ ​អ្នក​ការពារ​យុត្តិធម៌​ក្នុង​សង្គម​កម្ពុជា​យើង ដូច្នេះ​ទោះ​បី​ជា​ព្រមាន​យ៉ាង​ណា​ខ្ញុំ​ក៏​មិន​ដក​ថយ​ដែរ ​ធ្វើ​ម៉េច​ធ្វើយ៉ាង​ណា​ឱ្យ​ប្រាក់​ខែ​គ្រូ​បង្រៀន​ប្រសើរ​ឡើង ​និង​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​ផង​ដែរ ​ពីព្រោះ​ការ​ដែល​យើង​ទាមទារ​នេះ​គឺ​មិន​ផ្ទុយ​នឹង​ច្បាប់​ដែល​បាន​កំណត់​នោះ​ទេ»។

លោក រ៉ុង ឈុន ​បន្ថែម​ថា​ការ​គំរាម​នេះ​មិន​មែន​ជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ទេ។ ដំណោះស្រាយ​ចំពោះ​លោក​គឺ​ការ​ដំឡើង​ប្រាក់​បៀរវត្សរ៍​គ្រូ​បង្រៀន​និង​កម្មករ​ឱ្យ​បាន​សមរម្យ ​បើ​មិន​ដូច្នោះ​ទេ ​បាតុកម្ម​នឹង​រាលដាល​កាន់​តែ​ធំ។

ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​គំរាម​នឹង​ប្តឹង​លោក​រ៉ុង ឈុន ​និង​ប្រធាន​សហជីព​ចំនួន​៥​ផ្សេង​ទៀត​ក្នុង​ការ​ដឹកនាំ​កម្មករ​ឱ្យ​ធ្វើ​បាតុកម្ម។

លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ថ្លែង​ថា​រដ្ឋាភិបាល​គ្រោង​នឹង​ប្តឹង​លោក​រ៉ុង ឈុន ​ទៅ​តុលាការ​ពី​បទញុះញុង់​និង​ដឹកនាំ​បាតុកម្ម​ខុស​ច្បាប់និង​បទ​ចោទ​មួយ​ចំនួន​ទៀត។

«រដ្ឋាភិបាល​នឹង​អនុវត្ត​ច្បាប់។ គាត់​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ​គាត់​រំលោភ​ច្បាប់​អ្វី​ខ្លះ ​គាត់​ខ្លួន​ឯង​ដឹង​ហើយ ដូចជា​ការ​អំពាវនាវ​ឱ្យ​នាយករដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​តំណែង ​គាត់​ធ្វើ​បាតុកម្ម​បិទ​ថ្នល់។ តើ​គាត់​ធ្វើ​បាតុកម្ម​មាន​សុំ​ច្បាប់​ដែរ​ឬ​ទេ? គាត់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​របស់​រោងចក្រ។ ខ្ញុំ​មិន​និយាយ​ឱ្យ​លម្អិត​ទេ​ គ្រាន់​តែ​ត្រួសៗ​ប៉ុណ្ណោះ»។

ប៉ុន្តែ ​លោក ផៃ ស៊ីផាន ​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​សំណុំរឿង​នេះ​កំពុង​ដំណើរការ​ដល់​ណានោះ​ទេ។ លោក រ៉ុង ឈុន ​នា​ពេល​កន្លង​មក​បាន​ចូលរួម​ដឹកនាំ​បាតុកម្ម​របស់​កម្មករ​ក្នុង​ការ​ទាមទារ​សុំ​ឱ្យ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​១៦០​ដុល្លារ​និង​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រសួង​មហាផ្ទៃ​នា​ពេល​ថ្មី​ៗ​នេះ​ក៏​បានគំរាម​នឹង​ដក​ច្បាប់​អនុញ្ញាត​ដល់សមាគម​គ្រូ​បង្រៀន​របស់​លោក​រ៉ុង ឈុន ​ចេញ​ពី​បញ្ជី​របស់​ក្រសួង​ផង​ដែរ​ ប្រសិន​បើ​សមាគម​លោក​នៅ​តែ​បន្ត​ដឹកនាំ​កូដកម្ម​តាម​ការ​គ្រោង​ទុក ​ក្រោម​ហេតុ​ផល​ថា​សមាគម​លោក​នា​ពេល​កន្លង​មក​បាន​ញុះញុង​កម្មករ​ឱ្យ​ធ្វើ​បាតុកម្ម​និង​ការ​ពាក់ព័ន្ធ​របស់​លោក​ក្នុង​សកម្មភាព​នយោបាយ។

ការ​គំរាម​បែប​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​សមាគម​លោក​ដែល​មាន​សមាជិក​ជាង​មួយ​ម៉ឺន​នាក់​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​អង្គារ​នេះ​បាន​អំពាវនាវ​ឱ្យ​គ្រូ​បង្រៀន​គ្រប់​កម្រិត​តាំង​ពី​បឋមសិក្សា​រហូត​ដល់​ឧត្តមសិក្សា​ឱ្យ​ចូលរួម​មហា​កូដកម្ម​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​០៦​ខែ​មករា​តទៅ​ដោយ​ផ្អាក​ការ​បង្រៀន​និង​សរសេរ​បដា​ព្យួរ​តាម​ក្លោង​ទ្វារ​និង​របង​សាលា​ដើម្បី​ទាមទារ​ប្រាក់ខែ​តិច​បំផុត​ចំនួន​មួយ​លាន​រៀល។

ដោយ​ឡែក​គម្រោង​បាតុកម្ម​មួយ​ទៀត​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ជាមួយ​គ្នា ​ដែល​ដឹក​នាំ​ដោយ​លោក​ម៉ម សុណង់ដូ ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​និង​ជា​នាយក​វិទ្យុ​សំបុកឃ្មុំ​ដើម្បី​ទាមទារ​ដំឡើង​កម្លាំង​វិទ្យុ​និង​អាជ្ញាបណ្ណ​ទូរទស្សន៍ ​ត្រូវ​បាន​លើក​ពេល​ជា​លើក​ទី​ពីរ។ ការ​លើក​ពេល​នេះ ​ក្រោយ​ពី​មាន​ការ​ចរចា​ជាមួយ​សាលាក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់លោក ម៉ម សុណង់ដូ។

«ខាង​អភិបាល​ក្រុង ​គេ​រត់​ការ​ឱ្យ​ពូ​ជាមួយ​ក្រសួង​ព័ត៌មាន ​ប្រសិន​បើ​ក្រសួង​ព័ត៌មាន​មិន​ផ្តល់​លទ្ធផល​ល្អ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ទេ​ ពូ​នឹង​ធ្វើ​បាតុកម្ម»។

លោក ម៉ម សុណង់ដូ ​បញ្ជាក់​បន្ថែម​ថា​លោក​នឹង​ដាក់​លិខិត​ស្នើ​សុំ​អាជ្ញាបណ្ណ​ទៅ​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ឱ្យ​សាលាក្រុង​បញ្ជូន​បន្ត​ទៅ​ក្រសួង​ព័ត៌មាន ​ហើយ​ក្នុង​រយៈពេល​១០​ថ្ងៃ ប្រសិន​បើ​គ្មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ​ទេ​នោះ ​លោក​នឹង​ដឹកនាំ​បាតុកម្ម​តាម​ការ​គ្រោង​ទុក។

លោក ឡុង ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ដូច​គ្នា​នេះ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG