បើទោះជាជំនួយ និងទំនាក់ទំនងថ្នាក់រដ្ឋរវាងប្រទេសចិន និងកម្ពុជាបានឈានដល់ចំណុចកំពូលក៏ដោយ តែទំនាក់ទំនងសង្គម និងវប្បធម៌នៅតែមានគម្លាតនៅឡើយ។ ប្រជាជនកម្ពុជាភាគច្រើននៅតែនិយមប្រើប្រាស់ភាសាអង់គ្លេស ទស្សនាខ្សែភាពយន្តខាងលិច និងទិញទំនិញដែលមានយីហោល្បីៗពីប្រទេសលោកខាងលិចដដែល។
ឋិតនៅកណ្តាលទីក្រុងភ្នំពេញជាប់របងវិហារចិន សាលារៀនភាសាចិនមួយត្រូវបានបង្កើតឡើងជាងមួយរយឆ្នាំមកហើយ។ សាលារៀនទួនហ្វានេះ ដែលបង្រៀនភាសាចិនកុកង៉ឺ មានសិស្សប្រហែលជា២ពាននាក់។ នេះជាសាលារៀនភាសាចិនមួយក្នុងចំណោមសាលារៀនជាច្រើនដែលមានកេរិ៍្តឈ្មោះល្បីនៅក្នុងទីក្រុងភ្នំពេញ។
ទោះជាយ៉ាងនេះក៏ដោយ ការបង្រៀនភាសាចិននៅតែតាមមិនទាន់ការវិវឌ្ឍរបស់ភាសាអង់គ្លេសនៅក្នុងរាជធានីនៃប្រទេសកម្ពុជាដ៏ក្រីក្រនេះ។ ហើយភាសាអង់គ្លេសនៅតែជាភាសា ដែលជាជម្រើសឈានមុខគេនាពេលបច្ចុប្បន្ននេះ។
អ្នកគ្រូ លឿង សុខមិញ នាយិការងនៃសាលាភាសាចិនទួនហ្វា ដែលបង្រៀនភាសាខ្មែរ ចិន និងអង់គ្លេស បានឲ្យដឹងថា មានឱកាសការងារជាច្រើនសម្រាប់សិស្សានុសិស្សដែលចេះភាសាចិននៅក្នុងប្រទេសកម្ពុជា។ សិស្សដែលរៀនភាសាចិនអាចក្លាយជាអ្នកបកប្រែ ជាមគ្គុទេសក៍ទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ចិន ជាអ្នកជំនួយ និងសម្រាប់ការសិក្សានៅក្រៅប្រទេសផងដែរ។
«ឥឡូវនេះទេសចរណ៍អីៗមក គេសុទ្ធតែត្រូវការអ្នកបកប្រែ ហើយដូចរោងចក្រអី គេត្រូវការអ្នកបកប្រែដែរ។ ឥឡូវគេមកពីស្រុកចិន មកពីសិង្ហបុរី មកពីម៉ាឡេស៊ី គេនិយាយចិនក៏មានច្រើនដែរ។ ហើយគេមកធ្វើរោងចក្រក៏ត្រូវការអ្នកចេះបកប្រែចិន និងខែ្មរ ចិននិងខែ្មរ។ ហើយដូចជាភ្ញៀវទេសចរណ៍មកលេងសៀមរាបអញ្ចឹង ក៏ត្រូវការដែរ»។
ដូចគ្នានេះដែរ លោក កៅ ក្រួន អាណាព្យាបាល ដែលបានបញ្ជូនកូនរបស់លោកទាំងពីរមកសិក្សានៅសាលាឯកជនមួយនេះ បានថ្លែងថា ការរៀនភាសាចិននឹងជួយឲ្យកូនៗរបស់លោកមានអនាគតល្អ និងមានជម្រើសការងារច្រើនក្នុងទីផ្សារអាស៊ាន។
«សំខាន់ចិន វាដើរទីផ្សារអន្តរជាតិ និងអង់គ្លេស ព្រោះចិនវាដើរទីផ្សារសមាគមអាស៊ានផង និងទីផ្សារអន្តរជាតិផង។ រួចអាចិនហ្នឹង ទៅដល់ប្រទេសណាក៏មានគេនិយាយចិនដែរ ទៅថៃក៏មាន ទៅវៀតណាមក៏មាន ទៅម៉ាឡេស៊ីក៏មានគេនិយាយចិនដែរ ទៅហុងកុង ទៅប្រ៊ុយណេក៏មានចិនដែរ ទៅប្រទេសណាក៏គេនិយាយចិនដែរ»។
នៅផ្នែកម្ខាងទៀតនៃទីក្រុងភ្នំពេញ មានសាលាឯកជនមួយទៀត ដែលបង្រៀនភាសាចិនដែរគឺសាលាអន្តរជាតិចុងហ័រ ហើយមជ្ឈមណ្ឌលវប្បធម៌ចិនបានចាប់ផ្តើមបង្រៀន និងផ្សព្វផ្សាយកាលពីខែសីហាកន្លងទៅ ដោយមានការឧបត្ថម្ភពីស្ថានទូតចិននៅភ្នំពេញ។ នៅទីនោះមានបង្រៀនភាសាចិន ខ្មែរ ឬអង់គ្លេសដល់សិស្សប្រហែលជាង២០០នាក់។ បុគ្គលិកសិក្សាមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់វីអូអេថា ជាងពាក់កណ្តាលនៃសិស្សទាំងនោះគឺជាជនជាតិខ្មែរ ហើយពួកគេរៀនភាសាខ្មែរ និងអង់គ្លេស ខណៈពេលដែលសិស្សផ្សេងទៀត ដែលឳពុកម្តាយជាជនជាតិចិនធ្វើការនៅក្នុងប្រទេសកម្ពុជានោះ ក៏រៀនភាសាចិនកុកង៉ឺដែរ។
ជាការណ៍ពិត ប្រជាជនកម្ពុជានៅតែរៀនភាសាអង់គ្លេស និងយកភាសានេះជាភាសាទីពីររបស់ខ្លួន។ ជាងនេះទៀត ម៉ាក យីហោ របៀបស្លៀកពាក់ពីបស្ចឹមប្រទេស និងស្លាកសញ្ញាជាភាសាអង់គ្លេសនៅតែមានឥទិ្ធពលគ្របដណ្តប់ស្ទើរគ្រប់ផ្លូវក្នុងរាជធានីនៃប្រទេសកម្ពុជាដ៏ក្រីក្រនេះ។
ទំនាក់ទំនងកម្រិតកំពូល
ឥទ្ធិពលវប្បធម៌ចិននៅតែមានកម្រិតនៅឡើយ បើទោះបីជាអ្នកនយោបាយកម្ពុជាដើមកំណើតចិន និងទំនាក់ទំនាក់សេដ្ឋកិច្ចរវាងប្រទេសចិន និងកម្ពុជាបានឈានដល់កម្រិតកំពូលនាពេលថ្មីៗនេះក៏ដោយ។ វិនិយោគទុនចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំង ស្របពេលដែលចំនួនភ្ញៀវទេសចរណ៍ពីប្រទេសចិនមកកម្ពុជាឈរនៅលំដាប់ថ្នាក់លេខពីរ ហើយទីក្រុងប៉េកាំងគឺជាម្ចាស់ជំនួយឈានមុខគេ ដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
កាលពីសប្តាហ៍មុខ នៅក្នុងពិធីសម្ពោធន៍ដាក់ឲ្យប្រើបា្រស់ផ្លូវមួយខ្សែក្នុងខេត្តកំពង់ស្ពឺ ដែលជាជំនួយថវិកាពីប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងដោយមិនលាក់លៀមថា ទំនាក់ទំនងរវាងរដ្ឋបាលក្រុងប៉េកាំង និងរដ្ឋបាលក្រុងភ្នំពេញបានឈានដល់កម្រិតកំពូល និងគ្រប់វិស័យ ដោយមានការជួយគ្នាទៅវិញទៅមកផងដែរ។
«មុននេះគឺយើងជាអ្នកជិតខាងល្អជាដៃគូសហប្រតិបត្តិការល្អ និងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ។ ប៉ុន្តែយើងឈានជាបណ្តើរៗរហូតក្លាយជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលពេលនេះទំនាក់ទំនងដូចនេះបានបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសធ្វើឲ្យយើងទទួលជំនួយពីចិនកាន់តែច្រើន»។
លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា រដ្ឋបាលក្រុងប៉េកាំងបានផ្តល់ជំនួយអភិវឌ្ឍន៍ជាង១៤០លានដុល្លារនាឆ្នាំ២០១៥។ ថវិកានេះមានការកើនឡើងពី១០០លានដុល្លារនាឆ្នាំ២០១៤។
ការជួយគ្នាទៅវិញទៅមក
កន្លងមក ប្រទេសកម្ពុជាបានជួយមិត្តចិនជាច្រើន ជាពិសេសទាក់ទិននឹងរឿងតំបន់ទំនាស់នាសមុទ្រចិនខាងត្បូងដ៏ចម្រូចម្រាសផងដែរ។ រដ្ឋបាលក្រុងភ្នំពេញក៏បានគាំទ្រគោលនយោបាយរបស់ប្រទេសចិនយ៉ាងពេញទំហឹងក្នុងការដាក់រឿងជម្លោះដែនសមុទ្រនោះ ជាបញ្ហាទ្វេភាគី មិនពាក់ព័ន្ធនឹងក្រុមប្រទេសអាស៊ានទេ។
ការណ៍នេះវាផ្ទុយទៅនឹងអ្វីដែលក្រុមប្រទេសក្នុងតំបន់ជម្លោះ រួមមានប្រទេសវៀតណាម និងហ្វីលីពីនបានស្នើឲ្យមានការចរចាពហុភាគីក្នុងការដោះស្រាយបញ្ហានេះ។
លោកស្រីបណ្ឌិត ខ្លូត ធីតា ប្រធានរាជបណ្ឌិតសភាកម្ពុជា និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់វីអូអេខេមរភាសាថា វាជារឿងសំខាន់ណាស់ ដែលរដ្ឋបាលក្រុងភ្នំពេញគួរតែយល់ពីគំនិតនេះ និងអ្វីដែលប្រទេសដទៃចង់បាន បើទោះបីជាប្រទេសទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់ណាស់មកហើយក៏ដោយ។
«ម្តងយើងសប្បាយចិត្តទៅ ម្តងយើងអត់សប្បាយចិត្តទៅ គឺវាអាស្រ័យលើចិត្តរបស់ប្រទេសនីមួយៗនោះទេ។ ជួនកាលគេមានបំណងអ្វីមួយមកលើប្អូនទៅ គេព្យាយាមធ្វើល្អលើប្អូនទៅ ក៏យើងមិនអាចដឹងបានដែរ»។
លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យសាកលវិទ្យាល័យ LEEDs នៃចក្រភពអង់គ្លេសបានថ្លែងថា ឥទ្ធិពលនៃវប្បធម៌ចិននៅក្នុងប្រទេសកម្ពុជាគឺមិនសូវមានការរីកដុះដាលនោះទេ ពីព្រោះទីក្រុងប៉េកាំងបានដាក់ជំនួយមួយផ្នែកធំទៅលើផ្នែកយោធា និងហេដ្ឋារចនាសម្ព័ន្ធជាជាងសេវាសង្គម និងអង្គការសង្គមស៊ីវិល គឺមិនដូចអ្វីដែលបស្ចឹមប្រទេសកំពុងធ្វើនៅកម្ពុជានោះទេ។
«បញ្ហាហ្នឹង ចិនគាត់អត់មាននយោបាយជួយផ្នែកសង្គមស៊ីវិល។ គាត់មានតែទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្ស និងគណបក្ស អ្នកជំនួញ និងអ្នកជំនួញ។ ក៏ប៉ុន្តែគាត់អត់ផ្តល់ជំនួយទៅដល់អង្គការក្រៅរដ្ឋាភិបាលទេ។ អញ្ចឹងហើយខ្ញុំគិតថា វាជាចន្លោះប្រហោងមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា»។
ផលចំណេញពីការសិក្សាភាសាចិន
កម្សោយនៃឥទ្ធិពលរបស់វប្បធម៌ចិន និងការសិក្សាភាសាចិនមិនមានន័យថា ទីក្រុងប៉េកាំងមិនបានព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះទេ។ ក្រោមជំនួយពីក្រុងប៉េកាំង សាលាបង្រៀនភាសាចិន និងមណ្ឌលវប្បធម៌របស់ជនជាតិចិនជាច្រើនត្រូវបានបើកឲ្យដំណើរការ រួមទាំង«គណៈបេសកកម្មវប្បធម៌»លើកដំបូងបង្អស់នៅកម្ពុជា ដែលមានទីតាំងនៅក្នុង«សាលាអន្តរជាតិចុងហ័រ»ដែលបានបើកឲ្យដំណើរការនាចុងឆ្នាំកន្លងទៅផងដែរ។
នៅក្នុងពិធីសម្ពោធន៍«គណៈបេសកកម្មវប្បធម៌ចិន» នាខែវិច្ឆិកានោះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសចិនគឺលោក ដុង វៃ (Dong Wei) ត្រូវបានបណ្តាញព័ត៌មានរដ្ឋ Xinhua របស់ប្រទេសចិនស្រង់សម្ដីថា៖ គណៈបេសកកម្មវប្បធម៌នេះ «គឺដើម្បីលើកកម្ពស់វប្បធម៌ចិននៅក្នុងប្រទេសកម្ពុជា»។
ដោយឡែក លោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា បានថ្លែងថា ការសិក្សាភាសាចិនកុកង៉ឺបានផ្តល់ផលវិជ្ជមានដល់និស្សិតកម្ពុជា ដោយនិស្សិតប្រហែល១០០នាក់បានទទួលអាហាររូបករណ៍ទៅសិក្សានៅប្រទេសចិនជារៀងរាល់ឆ្នាំ។ ហើយការសិក្សាភាសាចិនក៏មានសារៈសំខាន់សម្រាប់អនាគតកម្ពុជាផងដែរ។
«និន្នាការនៃការធ្វើជំនួញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន អ្នកធ្វើជំនួញគឺមានជនជាតិចិនខ្លះដែរ។ ដូចជានៅប្រទេសសិង្ហបុរី មានទាំងម៉ាឡេ និង ឥណ្ឌូនេស៊ីឡើង គឺសុទ្ធតែមានអ្នកចេះចិនដែរ រួមទាំងហ្វីលីពីនផងដែរ»។
ក៏ប៉ុន្តែលោករដ្ឋមន្ត្រីក៏បានទទួលស្គាល់ផងដែរថា ពេលបច្ចុប្បន្ន ការសិក្សាភាសាចិនគឺនៅពីក្រោយការសិក្សាភាសាអង់គ្លេស។
លោកបានថ្លែងយ៉ាងដូច្នេះថា ចំនួនអ្នករៀនភាសាចិនគឺមានចំនួនបន្តិចបន្តួចប៉ុណ្ណោះ បើប្រៀបធៀបនឹងអ្នករៀនភាសាអង់គ្លេសក្នុងប្រទេសកម្ពុជានោះ។
នៅក្នុងវិស័យផ្សេងទៀតក៏ដូចគ្នានោះដែរ ភាសាអង់គ្លេស និងឥទ្ធិពលវប្បធម៌បស្ចឹមប្រទេសហាក់ដូចជាបានគ្របដណ្តប់នៅក្នុងប្រទេសកម្ពុជារួចទៅហើយ រួមទាំងវិស័យភាពយន្ត ផ្លាកប៉ាដាជាភាសាអង់គ្លេសត្រូវបានគេដាក់បង្ហាញពាសពេញទីក្រុង។ ហើយទំនិញដែលមានយីហោល្បីៗពីប្រទេសលោកខាងលិចក៏បានដាក់តាំងពាសពេញហាងនានា និងបង្ហាញតាមដងផ្លូវក្នុងរាជធានីភ្នំពេញផងដែរ៕