ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ពេញ​ចិត្ត​នឹង​លទ្ធផល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ក្តី​រីករាយ​នឹង​ជោគជ័យ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ នៅ​រមណីយដ្ឋាន​លំហែកាយ Sunnylands ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ក្តី​រីករាយ​នឹង​ជោគជ័យ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ នៅ​រមណីយដ្ឋាន​លំហែកាយ Sunnylands ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

លោក​ ហ៊ុន សែន ​ដែល​កំពុង​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​ក្រោយ​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃនៅ​សហរដ្ឋ​អាមេរិក​នេះ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នាព្រឹកថ្ងៃ​ពុធ​នេះ​ថា កិច្ច​ប្រជុំ​នៃ​មេដឹក​នាំ​អាស៊ាន ​និង​សហរដ្ឋ​អាមេរិក​«បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ជោគជ័យ​ ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ ត្រូវ​បាន​ពង្រឹង​ថែម​មួយ​កម្រិត​ទៀត​រវាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក»។ លោក​ថា​គណៈ​ប្រតិភូ​កម្ពុជា​ រួមទាំង​រូបលោក​ និង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ បាន​រួម​វិភាគ​ទាន​សម្រាប់​ជោគជ័យ​នេះ​ក្នុង​នាម​កម្ពុជា​ជា​សមាជិក​អាស៊ាន។​

លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​«ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ចំពោះ​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា និង​សហការី​របស់​គាត់ ​ដែល​បាន​ទទួល​ពួក​យើង​ដោយ​រាក់ទាក់​ស្និទ្ធស្នាល និង​ជិតស្និទ្ធ​ ព្រមទាំង​រៀប​ចំកិច្ច​ប្រជុំ​ល្អ​ឥតខ្ចោះ​ ​ដែល​ជា​កត្តា​កំណត់​នៃ​ជោគជ័យ​នៃ​កិច្ច​ប្រជុំ​នេះ»។

កិច្ចប្រជុំ​រវាង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សហរដ្ឋ​អាមេរិក​ ​ដែល​ដឹក​នាំ​ដោយ​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា​ ​បាន​បញ្ចប់​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ​នៅ​សហរដ្ឋ​អាមេរិក។ មុន​ពេល​បញ្ចប់​កិច្ចប្រជុំ​កំពូល​នេះ​ ថ្នាក់​ដឹក​នាំ​សហ​រដ្ឋ​អាមេរិក ​និង​អាស៊ាន​ទាំង​១០​ប្រទេស​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មាន​១៧​ចំណុច​ រួមមាន​ការ​គោរព​អធិបតេយ្យ​ភាព ​បូរណភាព​ដែន​ដី​ សមភាព​ ​និង​ឯករាជ្យ​ភាព​ផ្នែក​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ការ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ និង​ចំណង​ពាណិជ្ជកម្ម ការ​ពង្រឹង​ចំណង​ទាក់​ទងរវាង​ប្រជា​ពលរដ្ឋ​ និង​ប្រជា​ពលរដ្ឋ​ រួម​ទាំង​ ការ​ប្តេជ្ញា​ចិត្ត​រក្សា​សន្តិភាព​ និង​សេរីភាព​នាវាចរណ៍​ក្នុង​តំបន់​អាស៊ី​ និង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​ជម្លោះ។

លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​លោក​មក​ដល់រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំកំពូល​មួយ​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​។
លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​លោក​មក​ដល់រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំកំពូល​មួយ​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​។

លោក​ ជុំ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​បញ្ជាក់​ប្រាប់ ​VOA​ នាថ្ងៃ​ពុធ​នេះ​ថា៖​«បាទ!​ កិច្ចប្រជុំ​ហ្នឹង​គឺ​ទី១​វា វា​ឆ្លុះ​បញ្ចាំង​អំពី​ការ​លើក​កម្ពស់​រវាង​ទំនាក់​ទំនង​រវាង​អាស៊ាន ​និង​អាមេរិក​ហើយ​ ពី​ព្រោះ​ក្នុងហ្នឹង​គឺ​គេ​បាន​បញ្ជាក់​ច្បាស់​ហើយ។​ ទំនាក់​ទំនង​គឺ​វា​បាន​លើក​កម្ពស់​រហូត​ទៅ​ដល់​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​ និង​អាមេរិក។ហើយ​ក្នុង​កិច្ចប្រជុំ​នេះ​គឺ​ថ្នាក់​ដឹកនាំ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រោយ​ពី​កិច្ចប្រជុំ​នេះ​វា​នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​បង្កើន​ថែម​ទៀត​រវាង​ទំនាក់​ទំនង​រវាង​អាស៊ាន ​និង​អាមេរិក»។​

លោក​ ជុំ សុន្ទរី ​បាន​បន្ត​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ប្រតិភូ​កម្ពុជា​គ្រោង​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។ ក៏ប៉ុន្តែ លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ទាក់​ទិន​នឹង​ជំនួប​ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​នោះ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា​លទ្ធផល​លម្អិត​នឹង​អាច​ធ្វើ​ការ​បក​ស្រាយ​ ខណៈ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​មក​ដល់​កម្ពុជា​វិញ​នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។​

យ៉ាង​ណា​ក៏​ដោយ ​លោក​ អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ ឬ​ Future Forum ​ដែល​សិក្សា​អំពី​គោល​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​ ការ​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​ និង​អាមេរិក​ ដោយ​ជោគជ័យ​នេះ​មិន​បាន​បញ្ជាក់​ពី​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​នោះ​ទេ។​ ​ហើយ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ប្រទេស​ជា​ដៃ​គូ​ទាំង​១១ រួម​ទាំង​កម្ពុជា​នោះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​មាន​សម្ពាធ​ដល់​កម្ពុជា​លើ​ទំនាក់​ទំនង​អន្តរជាតិ​ជាមួយ​អាមេរិក ​និងចិន​នោះ​ដែរ។ ​ក៏ប៉ុន្តែ​ លោក​ថា​សហរដ្ឋ​អាមេរិក​មិន​ចង់​ឲ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ាន​ដែល​រំលោភ​សិទ្ធិ​មនុស្ស យក​ផល​ចំណេញ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ។

«សម្រាប់​ខ្ញុំ​គឺ​ជា​ការ​ផ្ញើសារ​មួយ​ថា​ សហរដ្ឋ​អាមេរិក​មិន​ចង់​យក​ឱកាស​ហ្នឹង​ ក្លាយ​ជា​ឱកាស​ដែល​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ផ្តាច់​ការណ៍​មួយ​ចំនួន យក​បក​ស្រាយ​ទៅ​ជា​សញ្ញា​នៃ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ ទៅ​លើ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​នោះ​ទេ។ ក៏ប៉ុន្តែ​ បើ​យើង​និយាយ​ទៅ​លើ​តំបន់​ យើង​មើល​ទៅ​ទំនាក់ទំនង​នេះ​មាន​ភាព​ជិតស្និទ្ធ​កើន​ឡើង​ជាង​មុន បើ​ទោះ​ជា​មាន​មាត្រា​មួយ​ ឬ​ពីរ​ទាក់​ទិន​ ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ ក៏​ប៉ុន្តែ​មាត្រា​ភាគច្រើន​គឺ​ផ្តោត​ទៅ​លើ​ជម្លោះ​ និង​ភាព​តានតឹង​នៅក្នុង​ឆ្នេសមុទ្រ​ចិន​ខាងត្បូង ​រវាង​ប្រទេស​ក្នុង​តំបន់​ ហើយនឹង​ផលប្រយោជន៍​ក្នុង​តំបន់​ និង​ផលប្រយោជន៍​ពិភព​លោក​ជាមួយ​នឹង​ការពង្រីក​អំណាច​របស់​ប្រទេស​ចិន​ផង​ដែរ»។​

លោក​ អ៊ូ វីរៈ ​បន្ត​ថា​ ​ការ​រឹតបន្តឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​ គឺ​អាច​ជួយ​ឲ្យ​មាន​តុល្យភាព​ក្នុង​ទំនាក់​ទំនង​ការបរទេស​កម្ពុជា ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ​សម្បទាន​មួយ​ចំនួន​ រួម​ទាំង​ ការ​រិះគន់​ពី​អន្តរជាតិ​ទាក់ទិន​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​កម្ពុជា។

«បញ្ហា​គឺ​ថា​នៅ​ត្រង់​ចំណុច​រសើប​មួយ​ចំនួន។ សហរដ្ឋ​អាមេរិក​ បើ​ចង់​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា​គឺ​ត្រូវ​ធ្វើ​សម្បទាន។ សម្បទាន​ដោយសារ​ប្រទេស​កម្ពុជា​មាន​ការ​រិះគន់​ទាក់​ទង​នឹង​ការ​គោរព​សិទ្ធិមនុស្ស​ និង​ប្រជា​ធិបតេយ្យ។​ បើ​សិន​ខ្លួន​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា​គេ​នឹង​រិះគន់​ខ្លួន​ថា​ ខ្លួន​បាន​គាំទ្រ​របប​មួយ​ដែល​បំពាន​សិទ្ធិមនុស្ស​ និង​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ»។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក្នុង​សុន្ទរកថា​បញ្ចប់​បិទ​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរថ្ងៃ​នេះ លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​បញ្ជាក់​ផង​ដែរ​ថា ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អាស៊ាន ​«សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​ជន​គ្រប់រូបក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ ដែល​កំពុង​ធ្វើការ​ជំរុញ​នីតិ​រដ្ឋ​ អភិបាលកិច្ច​ល្អ​ គណនេយ្យភាព​ក្នុង​ស្ថាប័ន​ និង​សិទ្ធិ​មនុស្ស​ជាសាកល​នៃ​មនុស្ស​គ្រប់រូប‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG