ក្រុមមន្រ្តីកេនយ៉ា (Kenya) និយាយថា ការដែលចិនត្រូវការភ្លុកបានជំរុញឱ្យប្រម៉ាញ់សត្វដំរី និងការរត់ពន្ធភ្លុកដំរីដោយខុសច្បាប់កើនឡើង។ ឥឡូវនេះអាជ្ញាធរកំពុងស្វែងរកវិធីដើម្បីកម្រិតតម្រូវការ និងដើម្បីការពារសត្វដំរីឱ្យបានប្រសើរជាង។
អាជីវកម្មធ្លាក់ចុះនៅឯទីផ្សារសិល្បៈមួយនៅក្នុងទីក្រុង ណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា។ អ្នកខ្លះបានបន្ទោសការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុរបស់កេនយ៉ា អ្នកខ្លះបានបន្ទោសការខ្វះភ្ញៀវទេសចរណ៍។ ប៉ុន្តែ ទោះជាមានមូលហេតុអ្វីក៏ដោយ ក្រុមអ្នកសិល្បៈកំពុងមានការពិបាកនៅក្នុងការលក់ចម្លាក់ដែលធ្វើពីឈើ ខ្សែករ អាវយឺត និងគំនូររបស់ពួកគេ។
ប៉ុន្តែ មេដឹកនាំមួយរូប ហារីសិន អនយ៉ាន់ហ្គូ (Harrison Onyango) និយាយថា គេតែងតែ ត្រូវការវត្ថុដែលត្រូវបានហាមឃាត់។
«តាមពិតទៅ ការធ្វើជំនួញភ្លុកគឺជាអាជីវកម្មខុសច្បាប់នៅកេនយ៉ា ហើយជារឿយៗ យើងឃើញទេសចរជាពិសេសជនជាតិចិនចាប់អារម្មណ៍យ៉ាងខ្លាំងលើភ្លុក។ ប៉ុន្តែជារឿយៗ យើងតែងតែប្រាប់ពួកគេដោយត្រង់ៗថា យើងមិនធ្វើអាជីវកម្មភ្លុកទេ ពីព្រោះវាជាអាជីវកម្មខុសច្បាប់។ ប៉ុន្តែ ពួកគេតែងតែទទូច និងព្យាយាមប្រាប់យើងឲ្យរកភ្លុកឲ្យគេទោះក្នុងតម្លៃណាដោយ។ ប៉ុន្តែ យើងតែងតែព្យាយាមប្រាប់ពួកគេត្រង់ៗថា រឿងនេះមិនអាចទៅរួចទេ។»
អនយ៉ាន់ហ្គូ (Onyango) បាននិយាយថា ទណ្ឌកម្មសម្រាប់ការលក់ភ្លុកនៅកេនយ៉ា ដែលអជីវកម្មនេះត្រូវបានហាមឃាត់ទាំងស្រុង គឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំងណាស់។ វាគ្មានតម្លៃនឹងប្រថុយនឹងគ្រោះថ្នាក់នោះទេ។
ប៉ុន្តែ ភ្លុកនៅតែត្រូវបានលក់។ លោកបណ្ឌិត អេសម៉ុន ម៉ាទីន (Esmond Martin) បានធ្វើការសិក្សាមួយលើអាជីវកម្មខុសច្បាប់ ដោយសហការជាមួយនឹងក្រុមអភិរក្សអង់គ្លេស ដែលមានឈ្មោះថា គ្រួសារដំរី។ លោកនិយាយថា ភ្លុកដែលមិនទាន់កែច្នៃ ត្រូវបានលួចនាំចេញក្នុងបរិមាណច្រើនទៅកាន់រោងចក្រនៅចិន ដែលនៅទីនោះភ្លុកត្រូវបានឆ្លាក់ ហើយ លក់ចេញដោយចំហរ។
«ហាងលក់ទំនិញទាំងនេះគឺនៅទីនោះ ដើម្បីផ្គត់ផ្គង់ជនជាតិចិន និងបរទេស។ ដូច្នេះ មិនមានអ្នកណាលាក់ភ្លុកទេ។ អ្នកនឹងឃើញភ្លុកនៅគ្រប់ទីកន្លែង។ អ្នកនឹងឃើញភ្លុកនៅក្នុងសណ្ឋាគារថ្លៃៗបំផុត នៅក្នុងតំបន់ថ្លៃបំផុតនៅចិន។ ដូច្នេះ យើងចង់ឱ្យចិនអនុវត្តច្បាប់របស់ខ្លួនស្តីអំពីការលក់របស់របរធ្វើពីភ្លក់។»
ចិនទទួលបានការអនុញ្ញាតឱ្យនាំចូលភ្លុកនៅឆ្នាំ២០០៨ពីអនុសញ្ញាអន្តរជាតិស្តីពីការធ្វើពាណិជ្ជកម្មលើសត្វព្រៃ ដែលត្រូវបានស្គាល់ថា ស៊ីតេស៍ (CITES) បន្ទាប់ពីបានអនុវត្តប្រព័ន្ធផ្តល់អត្តសញ្ញាណកម្មមួយ ដែលដាក់ស្លាកសញ្ញាទៅលើគ្រប់ផលិតផលភ្លុកស្របច្បាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណផ្លូវការមួយ។
លោក ម៉ាទីន និយាយថា ចាប់តាំងពីការហាមឃាត់ត្រូវបានលើកលែង តម្រូវការបានកើនឡើងនៅចិន ហើយលោកបានឃើញភ័ស្តុតាងដែលថា ភ្លុកខុសច្បាប់កាន់តែច្រើនត្រូវបាននាំចូលមកកាន់ទីផ្សារ។ តាមការស្ទាបស្ទង់មតិដោយផ្ទាល់ខ្លួនឯង លោក ម៉ាទិន បានរកឃើញមានការកើនឡើង៥០ភាគរយនូវចំនួនផលិតផលភ្លុក ដែលត្រូវបានលក់នៅក្នុងផ្នែកមួយចំនួននៃប្រទេសចិនចាប់តាំងពីឆ្នាំ២០០៤ ហើយថាភាគច្រើននៃចំនួននេះត្រូវបានលក់ដោយមិនមានប័ណ្ណសម្គាល់។ ហើយសត្វដំរីនៅទ្វីបអាហ្រ្វិកទទួលការគម្រាមកំហែងកាន់តែកើនឡើង ដែលជាផលប៉ះពាល់ដោយផ្ទាល់មួយ។
«នៅក្នុងរយៈពេលពីរបីខែចុងក្រោយ ការប្រម៉ាញ់សត្វដំរីមានការកើនឡើងនៅផ្នែកខ្លះនៅក្នុងភាគខាងជើងនៃកេនយ៉ា។ មនុស្សជាច្រើនយល់ឃើញថា វាបណ្តាលមកពីតម្រូវការរបស់ចិន ដែលបានបង្កើនតម្លៃ ពីព្រោះភ្លុកខុសច្បាប់ភាគច្រើនគឺត្រូវបាននាំយកទៅប្រទេសចិន។ វាគឺមានលក្ខណសាមញ្ញ»។
សេវាកម្មសត្វព្រៃកេនយ៉ា ដែលហៅកាត់ជាភាសាអង់គ្លេសថា KWS បានចំណាយធនធានយ៉ាងច្រើនរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រម៉ាញ់។
អ្នកជំនាញរបស់KWS លោក ផាទ្រីក អូម៉ានឌី (Partick Omandi) និយាយថា ទីភ្នាក់ងារបានព្យាយាមលើកកំពស់ការយល់ដឹងជាមួយប្រជាពលរដ្ឋចិន។
«អ្នកដឹងទេ យើងបានទទួលជួបគណៈប្រតិភូចិនជាច្រើន មកពីទាំងស្ថាប័នឯកជន និងស្ថាប័នរដ្ឋាភិបាល។ យើងបានពន្យល់គេអំពីបញ្ហាប្រឈមរបស់យើង ហើយជាក់ស្តែង ពួកគេភាគច្រើនមិនបានដឹងថា ភ្លុកដែលគេប្រើប្រាស់គឺបានមកពីដំរីដែលត្រូវបានគេប្រម៉ាញ់នោះទេ។»
អ្នកនាំពាក្យមួយរូបសម្រាប់ស្ថានទូតចិននៅក្នុងទីក្រុង ណៃរ៉ូប៊ី មិនធ្វើអត្ថាធិប្បាយលើប្រធានបទនេះទេ។
កេនយ៉ា ទទួលបានផលប្រយោជន៍ពីការកើនឡើងដ៏ធំមួយនៃវិនិយោគរបស់ចិននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្លឹងមើលទៅទ្វីបអាហ្រ្វិក សម្រាប់ធនធានរ៉ែ និងធម្មជាតិ។ ចិនបានចំណាយលុយរាប់លានដុល្លា ដើម្បីស្តារឡើងវិញនូវមហាវិថីទាំងឡាយ សម្រាប់ការធ្វើដំណើរចេញចូលរដ្ឋធានីនៃកេនយ៉ា និងគម្រោងផ្សេងៗទៀត ដែលរួមទាំងមន្ទីរពេទ្យថ្មីមួយផងដែរ។
ប៉ុន្តែ លោក អូម៉ានឌី (Omandi) និយាយថា សេដ្ឋកិច្ចកេនយ៉ា គឺពឹងផ្អែកទៅលើវិស័យទេសចរណ៍របស់ប្រទេសនេះ ដែល៧០ភាគរយពឹងផ្អែកទៅលើជីវិតសត្វព្រៃ។
យើងចាត់ទុកសត្វដំរីរបស់យើងថាជាឆ្អឹងខ្នងនៃវិស័យទេសចរណ៍របស់យើង ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង ហើយយើងឃើញថា យើងអាចទាញយកប្រយោជន៍ពីសត្វដំរី នៅពេលដែលវានៅរស់បានប្រសើរជាងនៅពេលដែលវាស្លាប់»។
លោក អូម៉ានឌី (Omandi) និយាយថា កេនយ៉ា បានបាត់បង់ដំរីជាង៨០ភាគរយ មុនពេលដែលអនុសញ្ញាស៊ីទេស៍ (CITES) និងការហាមប្រាមការធ្វើអាជីវកម្មភ្លុកនៅទូទាំងពិភពលោក ត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ១៩៨៩។ ប៉ុន្តែលោកនិយាយថា ចាប់តាំងពីការដាក់បម្រាម ចំនួនសត្វដំរីបានកើនឡើងទ្វេដង។ ប៉ុន្តែ លោកបារម្ភថា ការអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មភ្លុក និងតម្រូវការដែលកើនឡើងនៅចិន បានបើកទ្វាសម្រាប់ការសម្លាប់សត្វដំរីដោយខុសច្បាប់បន្ថែមទៀត៕
ប្រែសម្រួលដោយ ឌី ខាំបូលី